ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងថា «កុំរង់ចាំការងាររត់មករកយើង ហើយក៏កុំរំពឹងរង់ចាំតួនាទី ភារកិច្ចមកដល់ ដោយមិនមានការប្រឹងប្រែង»

98
UI Promtion 2021

(កំពង់ស្ពឺ)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យសមាជិក សមាជិកា គ្រប់ៗរូប ខិតខំប្រឹងប្រែងបន្តសកម្មភាពចូលរួមក្នុងកិច្ចការងារបម្រើប្រជាជនតាមមូលដ្ឋាននីមួយៗ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «កុំរង់ចាំការងាររត់មករកយើង ហើយក៏កុំរំពឹងរង់ចាំតួនាទី ភារកិច្ចមកដល់ ដោយមិនមានការប្រឹងប្រែង» ។
ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់របស់ ស.ស.យ.ក. គឺកើតចេញពីទឹកចិត្ត ឆន្ទៈ ស្របតាមស្មារតី២ ដែលបន្តពីយុវជនជំនាន់មុន ហើយសកម្មភាពទាំងអស់ គឺមិនមែនធ្វើឡើងដើម្បីតែការទទួលស្គាល់ ឬកោតសរសើរនោះទេ តែគោលដៅធំនោះគឺ ការបណ្តុះផ្នត់គំនិតវិជ្ជមានក្នុងសង្គម ការផ្តល់ត្រលប់ទៅសង្គមជាតិ និងការតម្កល់ប្រយោជន៍ជាតិ ប្រជាជនជាចម្បង។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «សកម្មភាពទាំងអស់ដែលចេញពីការលះបង់របស់ស.ស.យ.ក.ទូទាំងប្រទេស ពិតជាបាននាំមកនូវការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែអ្វីដែលយើងមានមោទនភាពនោះគឺ សាធារណជនទៀតសោត ក៏បានផ្សាភា្ជប់ស្លាកសញ្ញានៃស្ថាប័ន និងឯកសណ្ឋានយើង ទៅនឹងសកម្មភាពល្អ និងភាពវិជ្ជមានសម្រាប់សង្គម»។
សូមជម្រាបជូនដែរថា ពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ បាននឹងកំពុងប្រពឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ព្រមទាំងសមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ នៅសាលមហោស្រពបណ្ណាល័យកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២៕