ក្រសួងប្រៃសណីយ៍ បានដាក់ឱ្យដំណើរការកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ Khmer ASR

245

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹង នៃការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ Khmer Automatic Speech Recognition – Khmer ASR ” ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ( Artificial intelligence )។

កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ  (Khmer ASR) អាចប្រើប្រាស់ក្នុងទូរសព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្នុងការបំប្លែងសំឡេង និយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទឱ្យ កាន់តែឆាប់រហ័ស និងងាយស្រួល។ នៅដំណាក់កាលនេះ កម្រិតបំប្លែងត្រឹមត្រូវ (Accuracy) មានប្រមាណ៩០%។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ Khmer Automatic Speech Recognition បានស្រាវជ្រាវ និងបង្កើតឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីជាជំនួយដល់កិច្ចការសរសេរ និងជាការរួមចំណែកអភិវឌ្ឈន៍ផ្នែកបច្ចេកវិទ្យានៅកម្ពុជា។