សម្ដេចតេជោ ហ៊ុន សែន ស្នើតុលាការកែតម្រូវថ្ងៃខែឆ្នាំកំណើតផ្លូវការឱ្យត្រូវតាមថ្ងៃកំណើតពិតវិញ គឺចំថ្ងៃទី៥ សីហា ១៩៥២ 

70
UI Promtion 2021

ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពីបំណងចង់កែតម្រូវថ្ងៃខែឆ្នាំកំណើតផ្លូវការឱ្យត្រូវតាមថ្ងៃខែឆ្នាំកំណើតពិតរបស់សម្តេចវិញ ពោលគឺចំថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

សម្ដេចតេជោបានបន្តថា ថ្ងៃខែឆ្នាំកំណើតរបស់សម្ដេចដែលប្រើប្រាស់ផ្លូវការនៅលើអត្តសញ្ញាណបណ្ណ ឈ្មោះបោះឆ្នោត និងលិខិតឯកសារនានាក្នុងពេលបច្ចុប្បន្ននោះ គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១។

ចំពោះបំណងចង់កែតម្រូវថ្ងៃខែឆ្នាំកំណើតនេះដែរ សម្ដេចតេជោក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដើម្បីអនុវត្តឱ្យត្រឹមត្រូវតាមនីតិវិធីច្បាប់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំទៅប្រទេសស្វីសសិន ពេលដែលខ្ញុំត្រលប់ពីស្វីសវិញ ខ្ញុំត្រូវសុំឱ្យតុលាការកាត់ឱ្យត្រូវតាមថ្ងៃខែកំណើតពិតប្រាកដ […] ខ្ញុំកើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង»

សម្ដេចបានបន្តទៀតថា នៅពេលដែលតុលាការចេញសាលក្រមកែតម្រូវថ្ងៃខែឆ្នាំកំណើតរួចហើយនោះ គឺនឹងត្រូវបញ្ជូនទៅខាងអត្រានុកុលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីកែតម្រូវទាំងអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែនជាដើម។ សម្ដេចតេជោក៏នឹងទូលថ្វាយព្រះករុណាព្រះមហាក្សត្រ និងធ្វើកំណត់ទូតទៅប្រទេសនានាដែរ ព្រមទាំងជូនដំណឹងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីកែតម្រូវក្នុងឯកសារពាក់ព័ន្ធនានា ដូចជាបញ្ជីឈ្មោះបោះឆ្នោតជាដើម។

គួរជម្រាបថា យោងតាមថ្ងៃខែឆ្នាំកំណើតពិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលគិតចាប់ពីឆ្នាំ១៩៥២ដល់ឆ្នាំ២០២២នេះ គឺសម្ដេចតេជោមានជន្មាយុ៧០ឆ្នាំ៕