ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធឧបដ្ឋានសាលាផង និងថែមទាំងផ្តល់ជូនស្ពានថ្មីមួយបន្ថែម ជំនួសឲ្យស្ពាន ឈឺដែលកំពុងចាស់ទ្រុឌទ្រោមផង ជូនប្រជាពលរដ្ឋ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

62
UI Promtion 2021

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អញ្ជើញសម្ពោធឧបដ្ឋានសាលា នៅវត្តគិរីរុក្ខា ហៅវត្តសំពៅផុស ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។​ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំងព្រះសង្ឃ ពុទ្ធបរស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។​

ក្នុងទឹកមុខស្រស់ស្រាយ នៅក្បែរជើងភ្នំខ្នងផ្សារ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ស្ដីពីប្រវត្តិរបស់វត្តគិរីរុក្ខាដែលមានអាយុកាលប្រមាណ៦៧ ឆ្នាំ មកហើយ​ ដែលពីដំបូងប្រជាជនហៅថាជា វត្តរលាក់កងជើង។ ឯកឧត្តមក៏បានបន្ថែមជារបាយការណ៍នៃការសាងសង់ជូនអង្គពិធីទាំងមូល ក្នុងនោះឯកឧត្តមបានបញ្ជាក់ពីការវឌ្ឍនភាពនៃការសាងសង់សមិទ្ធផលនានាស្ថិតក្នុងវត្តគិរីរុក្ខាដែលចាប់ផ្ដើមកសាងតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុបប្រមាណ១២០០០០ ដុល្លារអាមេរិកគត់។ សមិទ្ធផលទាំងអស់អស់កើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គណៈកម្មការប្រជាពុទ្ធបរិស័ទចំណុះជើងវត្តក្នុង និងក្រៅប្រទេសហើយសមិទ្ធផលនេះនឹងផ្ដល់ជាប្រយោជន៍ក្នុងន័យបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាទុកសម្រាប់កូនចៅជំនាន់ក្រោយប្រើប្រាស់ និងគោរពបូជា។ ឯកឧត្តមបានបន្ថែមថាស្ថិតក្នុងបរិបទនៃការប្រយុទ្ធជាមួយការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអនុវត្ត និងរិះរកគ្រប់វិធីសាស្រ្ត ក៏ដូចជាបន្តប្ដេជ្ញាជំរុញ និងពន្លឿនវឌ្ឍភាពនៃការអនុវត្តការដ្ឋានកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ។

នៅខាងមុខវេទិកាគណៈអធិបតី មានវត្តមានលោកយាយ លោកតា អ៊ំ ពូមីង  កំពុងរង់ចាំត្រងត្រាប់ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី។ មានលោកតា លោកយាយខ្លះបានប្រាប់ថា គាត់មកពីទីឆ្ងាយដើម្បីបានជួបព្រោះមិនធ្លាប់ដែលបានជួបសំណេះសំណាលដូចច្នេះទេ។ នៅចំពោះមុខលោកយាយ លោកតា អ៊ំ ពូមីង ឯកឧត្តម ហ៊ុន ម៉ានី មានមតិស្វាគមន៍យ៉ាងកក់ក្ដៅ និងប្រកបដោយភាពសប្បាយរីករាយជាមួយពុកម៉ែ បងប្អូន ដែលបានចូលរួមជាមួយព្រះតេជគុណ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងសម្ដែងនូវការចូលរួមអបអរសាទរជាមួយព្រះតេជគុណគ្រប់ព្រះអង្គដែលទទួលបាននូវសមិទ្ធផលថ្មីបន្ដែមទៀតដើម្បីប្រើប្រាស់ជាប្រយោជន៍ និងជួយបំពេញនូវសេចក្ដីត្រូវការរបស់ទីវត្តអារាម។ ទន្ទឹមនឹងការចូលរួមអបអរសាទរ ឯកឧត្តមបានមានប្រសាសន៍រំលឹកឡើងនូវអនុស្សាវរីយ៍នានានៅក្នុងឃុំតាសាលជាពិសេសក្នុងឆ្នាំ២០២០ ដោយឯកឧត្តមបានធ្វើដំណើរទៅកាន់ភ្នំខ្នងផ្សារ។

“លោកយាយ លោកតា អ៊ំ ពូ មីង បងប្អូន ពិតជាបានឃើញហើយថា គ្រប់វិស័យទាំងពុទ្ធិចក្រ និងអាណាចក្រសុទ្ធតែមានការរីកចម្រើនយ៉ាងច្រើនជាបន្តបន្ទាប់។​ ទាំងអស់នេះ កើតឡើងដោយសារកត្តានៃសុខសន្តិភាព ដែលបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលបានបន្តអភិវឌ្ឍជាបន្តបន្ទាប់ ទៅដល់គ្រប់ចុងកាត់មាត់ញក ឬតំបន់ដាច់ស្រយាលនានាទូទាំងប្រទេស។​ ក្នុ្ងងនាមជាតំណាងរាស្ត្រ ខ្ញុំពិតជាមានសេចក្តីរីករាយ និងថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលបានជឿទុកចិត្តបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ទើបយើងមានសមិទ្ធផលនានា ជាក់ស្តែងគឺដូចអ្វីដែលយើងបានដាក់សម្ពោធនៅថ្ងៃនេះ។” ឯកឧត្តម ហ៊ុន ម៉ានីថ្លែងក្នុងអង្គពិធី។

ឯកឧត្តមបានគូសបញ្ជាក់ថាការធ្វើដំណើរមកកាន់ឃុំតាសាលគឺជាលើកទីបីសម្រាប់ឯកឧត្តមដែលធ្វើអោយឯកឧត្តមមើលឃើញពីការវិវត្តន៍នានានៅក្នុងឃុំតាសាល ហើយលើសពីនោះថែមទៀត ឯកឧត្តមនឹងផ្ដល់ជូននៅការសាងសង់ស្ពានថ្មីមួយបន្ថែមទៀតបន្ទាប់ពីសង្កេតឃើញសភាពចាស់ទ្រុឌទ្រោមនៃស្ពានដែលឯកឧត្តមបានធ្វើដំណើរឆ្លងកាត់ហើយសមិទ្ធផលមួយនេះនឹងជួយសម្រួលដល់ការរស់នៅ ក៏ដូចជាបម្រើប្រយោជន៍ជូនប្រជាជនក្នុងស្រុកឱរ៉ាល់ជាបន្តបន្ទាប់ទៀត ជាមួយប្រសាសន៍ថា “ពេលធ្វើដំណើរមកកម្មវិធីនេះ ខ្ញុំ និងក្រុមការងារបានជួបប្រទះស្ពានឈឺចាស់មួយកន្លែងដែលពិបាកឆ្លងកាត់ ហើយត្រូវពង្វាងផ្លូវចុះទៅខាងក្រោមស្ពានដើម្បីបានបន្តដំណើរ។​ ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្តល់ជូនស្ពានចំនួនមួយឲ្យរឹងមាំ ជំនួសឲ្យស្ពានឈឺដែលកំពុងចាស់ទ្រុឌទ្រោម ជាអនុស្សាវរីយ៍ជូនដល់ប្រជាពលរដ្ឋឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ថែមលើការចូលរួមជាធម្មទានមួយចំនួនជូនវត្តរុក្ខគិរី ហៅវត្តសំពៅផុស៕