សម្ដេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្រ្តីឥណ្ឌាថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៉ី-អ៊ុយក្រែន ឲ្យបានឆាប់ ព្រោះសង្គ្រាមនេះប៉ះពាល់ដល់សកលលោក ជាពិសេសវិស័យសន្តិសុខស្បៀង និងថាមពល

124
UI Promtion 2021

ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលសម្តេចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោក នរិន្ត្រា ម៉ូឌី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ដែលពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងបញ្ហាជាច្រើនទៀត។

នៅក្នុងជំនួបនោះ លោក នរិន្ត្រា មូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានគូសបញ្ជាក់អំពីសារសំខាន់របស់ភាគីឥណ្ឌាក្នុងការដើរតួជាអ្នកសម្របសម្រួលលើបញ្ហារុស្ស៉ី-អ៊ុយក្រែន ដោយលោកអះអាងថា លោកបានជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៉ី និងអ៊ុយក្រែនកន្លងមកនេះ ដើម្បីធ្វើយ៉ាងម៉េចឲ្យស្ដារស្ថានភាពនេះមករកសន្តិភាពវិញ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក នរិន្ត្រា មូឌី នឹងបន្តតួនាទីក្នុងការជំរុញកិច្ចសន្ទនាការចរចារវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលខាងមុខជាបន្តបន្ទាប់ទៀត។ សម្ដេចមានការជឿជាក់ថា ឥណ្ឌាអាចដើរតួនាទីសមស្របក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៉ី ហើយសម្ដេចជឿជាក់ថា ឥណ្ឌានឹងដើរតួនាទីសំខាន់ក្នុងការងារនេះ។

សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៉ី-អ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ដោយសារវាមានផលប៉ះពាល់ដល់សកលលោក ជាពិសេសលើវិស័យសន្តិសុខស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់។

ប្រទេសឥណ្ឌា គឺជាមហាអំណាចថ្មីមួយ ដែលមិត្តដ៏ជិតស្និតរបស់រុស្ស៉ី។ ឥណ្ឌាមិនបានចូលរួមដាក់ទណ្ឌកម្ម ឬចេញសេចក្តីថ្លែងការណ៍មួយប្រឆាំងនឹងរុស្ស៉ី ចំពោះការឈ្លានពានលើប្រទេសអ៊ុយក្រែននេះឡើយ។ មានការលើកឡើងថា ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាទិភាពខ្ពស់បំផុត មានតែរុស្ស៉ីខ្លួនឯងប៉ុណ្ណោះ។

សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានអូសអន្លាយរយៈពេលជិត៣ខែមកហើយ។ បន្ទាប់បានប្តូរយុទ្ធសាស្រ្តពីការវាយសង្គ្រប់លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន កងទ័ពរុស្ស៉ីបានដកថយ ប្តូរគោលដៅទៅវាយប្រហារនៅតំបន់ដុនបាស់ភាគខាងកើតអ៊ុយក្រែនវិញ។

តាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការវិវដ្តចុងក្រោយមួយគួរឱ្យកត់សម្គាល់នៅក្នុងសង្គ្រាមនេះ គឺមានទាហានអ៊ុយក្រែនច្រើនជាង ២៥០នាក់ នៅក្នុងរោងចក្រអាហ្សូវស្ទល (Azovstal) នៃទីក្រុងម៉ារីយូប៉ូល (Mariupol) បានទម្លាក់អាវុធចុះចាញ់ ទាហានរុស្ស៉ី បន្ទាប់ពីពួកគេបានតស៊ូប្រយុទ្ធអស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ។ ការវិវដ្តថ្មីនេះ បានធ្វើឱ្យមានការវិភាគថា រុស្ស៉ីអាចដណ្តើមបាន ទីក្រុងម៉ារីយូប៉ូលទាំងស្រុងក្នុងពេលឆាប់ៗនេះ៕