ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ កញ្ញា IRIE JUNKO អនុប្រធានវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

14
UI Promtion 2021

ទីស្តីការក្រសួងយុត្តិធម៌ ៖ នាព្រឹកថ្ងៃអង្គារ ៧ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ កញ្ញា IRIE JUNKO អនុប្រធានវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារសំខាន់មួយចំនួន រួមមាន ការងារពាក់ព័ន្ធនឹងការអនុវត្តទោសការងារសហគមន៍នៅកម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ជាមួយនឹង UNAFEI នាពេលអនាគត។
ថ្លែងក្នុងជំនួបនេះ, កញ្ញា IRIE JUNKO អនុប្រធាន UNAFEI បានឡើងអំពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក៏ដូចជាបានស្នើសុំអនុសាសន៍ជាគោលការណ៍ពីឯកឧត្តមរដ្ឋមន្រ្តី ពាក់ព័ន្ធនឹងការអនុវត្តទោសការងារសហគមន៍នៅកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសជំនួបនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចជូនកញ្ញា IRIE JUNKO និងគណៈប្រតិភូ UNAFEI អំពីបញ្ហាប្រឈមជាក់ស្តែងមួយចំនួនរបស់សង្គមកម្ពុជា ក្នុងការអនុវត្តទោសការងារសហគមន៍។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងស្នើឱ្យ UNAFEI ពិនិត្យលទ្ធភាពជួយដល់កម្ពុជាលើអាទិភាពមួយចំនួនពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា ជាអាទិ៍ ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់លើជំនាញឧក្រិដ្ឋវិទ្យា ក៏ដូចជា ជំនាញធ្វើកោសល្យវិច័យលើភស្តុតាងក្នុងសំណុំរឿងព្រហ្មទណ្ឌ។

បន្ទាប់ពីជំនួបសំដែងការគួរសមនេះ, ប្រតិភូ UNAFEI នឹងបន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសរបស់ក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាលម្អិតអំពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងក្រសួងយុត្តិធម៌ ជាមួយនឹង UNAFEI។