អភិបាលខេត្តកំពតចូលរួមស្វាគមន៍ និងប្រគល់ជ័យលាភីដល់កីឡាករប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ សម្រាប់ឆ្នាំ២០២០ដំណាក់កាលទី២ នៅលើកំពូលភ្នំបូកគោ

54
Download App CHN

ខេត្តកំពត៖ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមទទួលស្វាគមន៍ ប្រគល់ជ័យលាភីចំពោះកីឡាករប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ឆ្នាំ២០២០ដំណាក់កាលទី២នៃ ថ្ងៃទី២ជាមួយឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការអូឡាំពិចកម្ពុជា ។

ព្រឹត្តិការណ៍នៃក្បួនកីឡាករប្រណាំងកង់ បន្ទាប់ពីបានចេញដំណើរពី ខេត្តកោះកុងនៅព្រឹកថ្ងៃអាទិត្យ១១កើតខែបុស្សឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី៥ ខែ មករាឆ្នាំ ២០២០ គឺបានមកដល់លើកំពូលភ្នំបូកគោខេត្តកំពត នារសៀលនៃថ្ងៃដដែល ដោយមានវត្តមានចូលរួមអបអរសាទរ និងរក្សាសណ្តាប់ធ្នាប់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីមន្ត្រីជំនាញពាក់ព័ន្ធនិងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តកំពត យ៉ាងយកចិត្តទុកដាក់បំផុត។

-សូមបញ្ជាក់ថា យោងតាមរបាយការណ៍ព័ត៌មានរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ឆ្នាំ ២០២០នេះ មានរយៈពេលបីថ្ងៃ ចែកចេញជា៣ដំណាក់កាល គឺដំណាក់កាលទី១ 

ដែលចាប់ផ្ដើមចេញដំណើរពីរមណីយដ្ឋានតារាសាគរនាព្រឹកថ្ងៃទី០៤ខែមករា ឆ្នាំ២០២០

មកដល់ បញ្ចប់ក្នុងក្រុងខេមរភូមិន្ទលើទឹកដីខេត្តកោះកុង ដដែល ក្នុងរយៈចម្ងាយសរុបប្រមាណ ១៤៥.៥គីឡូម៉ែត្រ។

ដំណាក់កាលទី២ថ្ងៃទី២ ត្រូវនឹងថ្ងៃទី០៥ ខែមករានេះការប្រកួតចាប់ផ្ដើម ចេញដំណើរពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ខេត្តកោះកុងកាត់តាមស្រុកស្រែអំបិល ខេត្តព្រះសីហនុ ឆ្ពោះទៅកំពូលភ្នំបូកគោ ខេត្តកំពត ដោយមានរយៈចម្ងាយ ១៧២.៨គីឡូម៉ែត្រ និងថ្ងៃទី៣ នៅថ្ងៃទី០៦ ខែមករា ការប្រកួតនឹងចេញដំណើរពីជើងភ្នំបូកគោ ខេត្តកំពត ឆ្ពោះទៅមុខសាលាខេត្តកែប ដែលជាទីព្រ័ត្រចុងក្រោយ មានចម្ងាយប្រមាណ១៤៣.៥គីឡូម៉ែត្រ។

 ចំពោះក្រុមកីឡាករ ដែលបានចូលរួមប្រណាំងមានប្រមាណ ២០ក្រុម សរុបជាង២០០នាក់ ក្នុងនោះក្រុមកីឡាករកម្ពុជាមានចំនួន ២ក្រុម ហើយមានក្រុមកីឡាករបរទេសមកពី១៥ប្រទេសចូលរួមផងដែរ។

ចំពោះល្បឿនប្រណាំងប្រមាណចាប់ពី ៤០-៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ការប្រណាំងនេះក្រោយជម្រុះតាំងពីថ្ងៃ ទី១មកដល់ពេលនេះកីឡាករដែលនៅបន្តចូលរួមប្រណាំងនៅសល់ប្រមាណ ៧៥នាក់។

 ហើយកីឡាករទាំងអស់ បានធ្វើការប្រកួតប្រជែងប្រកបដោយសុវត្ថិភាព មិនមានហេតុការណ៍អ្វីកើតឡើងនោះទេ ហើយដំណើរការប្រកួតនេះ ដំណើរការកាន់តែប្រសើរដែរ ពិសេសគឺកងកម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់ជាន់ថ្នាក់បានសហការគ្នាខិតខំពង្រឹងស្មារតីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពនៅតាមទីសាធារណៈនៅតាមបណ្ដោយផ្លូវជូនក្រុមកីឡាករ និងក្បួនប្រណាំងកង់ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរគ្រប់គ្នាផងដែរ។