សម្ដេចក្រឡាហោម ស ខេង៖ តាំងពីដើមមក គណបក្សប្រជាជនមិនមានទម្លាប់ភូតកុហកបោកប្រាស់ប្រជាជននោះទេ

55
Download App CHN

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនដែលមានទម្លាប់ភូត កុហក បោកប្រាស់ប្រជាជននោះទេ តាំងពីដើមរហូតមកដល់ពេលនេះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរជ័យជម្នះ៧មករា លើកទី៤១ នៅខេត្តបាត់ដំបង សម្ដេច ស ខេង បានអះអាងទៀតថា បុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាល គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីប្រទេសជាតិ មានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរុងរឿង។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំរបស់កម្ពុជា មិនទាន់ភ្លេចពីបុព្វហេតុដើមនោះទេឡើយ ពោលនៅតែគិតប្រជាពលរដ្ឋជានិច្ច។

សម្ដេចក្រឡហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យើងមិនមានទម្លាប់ភូតទេ កុហក បោកប្រាស់ប្រជាជនទេ តាំងពីដើមរហូតមកដល់ពេលនេះ។ ជាក់ស្ដែងបុព្វហេតុតស៊ូរបស់យើង ពីមុនមកយើងថា ធ្វើដើម្បីជាតិ ដើម្បីប្រទេសមានសុខសន្ដិភាព មានស្ថិរភាព និងការអភិវឌ្ឍរុងរឿងដូចអរិយៈប្រទេស អ្នកដឹកនាំយើងអត់ទាន់ភ្លេចទេ មិនទាន់ភ្លេចពីបុព្វហេតុដើមរបស់យើងទេ បានសេចក្ដីថា បានប៉ុណ្ណឹងហើយភ្លើតភ្លើនភ្លេចគិតពីប្រជាពលរដ្ឋអត់ទេ»

បើតាមសម្ដេចក្រឡាហោម ស ខេង, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានពង្រាយមន្ដ្រីមុខងារសាធារណៈ មន្ដ្រីគណបក្ស ទៅតាមច្បាប់ជាធរមាន ចុះទៅមូលដ្ឋានដើម្បីជួបប្រជាពលរដ្ឋ ហើយផ្ដល់សេវាជូនពួកគាត់ នូវអ្វីដែលប្រជាពលរដ្ឋត្រូវការ ដូច្នេះហើយអ្វីជាបុព្វដើម គឺនៅតែបន្ដធ្វើរហូតដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ សម្ដេចក៏បានអរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល ដែលតែងចុះជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋ ហើយតែងតែក្ដោបក្ដាប់នូវអ្វីដែលជាតម្រូវការរបស់ពួកគាត់ ដើម្បីឈានទៅដល់ដោះស្រាយឲ្យបានទាន់ពេលវេលា។ សម្ដេចសង្ឃឹមថា ក្រុមការងារទាំងពីរ នឹងបន្ដអនុវត្តការងារនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕