រឿងធំហើយ! អ្នកដែលច្រឡំបាញ់ទម្លាក់យន្តហោះ ត្រូវអ៊ុយក្រែនស្នើឱ្យអ៊ីរ៉ង់ យកទៅកាត់ទោស និងទូទាត់គ្រប់បែបយ៉ាង…

368
Download App CHN

គ្រាន់តែបានលឺអ៉ីរ៉ង់សារភាពភ្លាម ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) បានប្រកាសទាមទារឲ្យអ៉ីរ៉ង់ដាក់ទោស អ្នកដែលបានបង្កឲ្យយន្តហោះ នៃអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនធ្លាក់, ផ្តល់សំណងដល់ជនរងគ្រោះ, ធ្វើការសុំអភ័យទោសជាផ្លូវការ និងប្រគល់អដ្ឋិធាតុជនរងគ្រោះ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។

តាមរយៈសារដែលត្រូវបានបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា «យើងរំពឹងថា… អ៉ីរ៉ង់នឹងនាំពិរុទ្ធជនទៅកាត់ទោសចំពោះមុខតុលាការ ព្រមទាំងធ្វើការទូទាត់សំណង ហើយនិងប្រគល់មកវិញនូវអដ្ឋិធាតុនៃជនរងគ្រោះទាំងឡាយ…។ យើងសង្ឃឹមថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើង ដោយគ្មានការពន្យាពេលដោយចេតនា ព្រមទាំងគ្មានការរាំងស្ទះនោះឡើយ»

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់លោក មហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានបង្ហោះសារដោយសម្តែងការសោកស្តាយ និងសូមអភ័យទោស ក៏ដូចជាការចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ បន្ទាប់ពីការទទួលស្គាល់ថា ប្រព័ន្ធការពារដែនអាកាសអ៉ីរ៉ង់ ពិតជាបានច្រឡំ បាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលនាំឲ្យមនុស្សចំរុះជាតិសាសន៍ ១៧៦នាក់បាត់បង់ជីវិត កាលពីព្រឹកថ្ងៃពុធ ទី០៨ ខែមករា នោះមែន។

បន្ថែមពីការទទួលស្គាល់កំហុសនេះ អ៉ីរ៉់ង់ក៏បានសន្យានាំយកជនទាំងឡាយ ដែលពាក់ព័ន្ធក្នុងករណីនេះ ទៅទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោក ហ្សារីហ្វ បានគូសបញ្ជាក់ថា «យន្តហោះនោះបានធ្លាក់ដោយសារការភ័ន្តច្រឡំរបស់មនុស្ស នៅកំឡុងពេលដែលភាពចលនាត្រូវបានបង្កឡើង ដោយផែនការខ្មៅងងឹតរបស់អាមេរិក»

យន្តហោះ Boeing 737 នៃក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅវេលាព្រឹកព្រហាមថ្ងៃពុធ ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិក សម្លាប់នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់៕