ស្រូបមនុស្សចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ម្នាក់ នៅខណ្ឌមានជ័យ

14
Download App CHN

ភ្នំពេញ ៖ ប្រភពព័ត៌មានមួយបង្ហើបឱ្យដឹងថា មានករណីមនុស្សម្នាក់ ត្រូវស្រូបចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចការដ្ឋាន បូមខ្សាច់ដីឡូតិ៍លេខ៥៣៤ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ហុន ហ្សែន ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករបូមខ្សាច់ ស្នាក់នៅកន្លែង កើតហេតុខាងលើ ។

ព័ត៌មាននៃការស្លាប់របស់បុរសម្នាក់នេះ ត្រូវបានគេសង្ស័យថា ថៅកែខ្សាច់ បានព្យាយាមលាក់បាំង និងមានអ្នកជួយលាក់បាំង បានយ៉ាងល្អ និងមានការបញ្ជាឱ្យប្រាប់ពីមូលហេតុ ថាបុរសនោះខ្យល់គរ ដើម្បីកុំឱ្យទទួលខុសត្រូវច្រើន ចំពោះគ្រួសារអ្នកស្លាប់ និងកុំឱ្យមន្រ្តីជំនាញថ្នាក់លើ ចុះមកត្រួតពិនិត្យ ពីលក្ខណះបច្ចេកទេស របស់ការដ្ឋាន បូមខ្សាច់ខាងលើនេះ នាំតែរំខានការរកស៊ី ដូចនេះថៅកែខ្សាច់ អាចនឹងចាយលុយ និងចាយអំណាច ដើម្បីព្យាយាមបិទបាំងករណីនេះតែម្ដង ។ 

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារទុយោខ្សាច់ស្រូប ពិតប្រាកដមែន ហើយសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

លោកមេប៉ុស្តិ៍ចាក់អង្រែលើ បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ថា ករណីនេះ គឺជាករណីខ្សល់គរ ហើយលោកពុំមានលេខទូរស័ព្ទរបស់ក្រុមគ្រួសាររងគ្រោះនោះទេ ព្រោះពេលកើតហេតុ លោកទៅដល់ការដ្ឋានមួយភ្លេតក៏ត្រឡប់ចេញមកវិញ ដោយទុកភារកិច្ចនោះជូនមន្រ្តីជំនាញ ៕