ព្រោះតែភ្លើងប្រចណ្ឌ បុរសម្នាក់បានសម្លាប់សង្សារបស់ខ្លួន រួចអាករសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់

344
Download App CHN

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាកម្មកររោងចក្រ បានសម្លាប់នារីរងគ្រោះដែលជាសង្សាររបស់ខ្លួននៅនឹងក្នុងបន្ទប់ជួល ក្រោយមកជនសង្ស័យបាន អារ-កសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៨៖០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដែលស្ថិតនៅក្នុងបន្ទប់ជួលលេខ៧ ជិតផ្សារបឹងសាឡាង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនដៃដល់មានឈ្មោះ ហ៊យ ផល្លា ហៅតាចេក ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់បន្ទប់ជួលជាមួយជនរងគ្រោះ និងមានស្រុកកំណើតនៅឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ចំណែកឯនារីរងគ្រោះឈ្មោះ សុខ ស៉ឹម ហៅអាពៅ ភេទស្រី អាយុ ជាង២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិឧត្តម ឃុំឧត្តម ស្រុកពាមជរ ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះ និងប្អូនស្រីជីដូនមួយ ព្រមទាំងជនដៃដល់ជាសង្សារ បានស្នាក់នៅក្នុងបន្ទប់ជួលលេខ៧ ជាមួយគ្នា។ លុះដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៧៖០០នាទីព្រឹក ប្អូនស្រីជីដូនមួយរបស់នារីរងគ្រោះបានចេញទៅធ្វើការ ស្រាប់តែពេលនោះ មិនឃើញបងស្រីរបស់ខ្លួនមកធ្វើការ ក៏បានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសាររបស់បងស្រីរងគ្រោះខាងលើឲ្យមកពិនិត្យមើលនៅក្នុងបន្ទប់ជួល។

ក្រោយមកប្អូនស្រីជីដូនមួយក៏បានចេញពីរោងចក្រមកកាន់បន្ទប់ស្នាក់នៅនេះវិញ ស្រាប់តែឃើញបន្ទប់បានចាក់សោរទ្វាខាងក្នុង។ ភ្លាមៗនោះប្អូនស្រីជីដូនមួយ ក៏បានស្រែកហៅអ្នកជិតខាងឲ្យជួយ រួចក៏មានបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុប ដែលរស់នៅជិតខាងគ្នា ក៏បានទាញឈើមួយដុំ ដើម្បីមកវាយទ្វារបន្ទប់ជួលខាងលើ ស្រាប់តែពេលនោះ ក៏ឃើញជនរងគ្រោះដេក នៅក្បែរជនសង្ស័យ ដោយឃើញជនសង្ស័យខាងលើបាន អារ-កសម្លាប់ខ្លួនឯង។

ជនរងគ្រោះ ត្រូវក្រុមគ្រួសារយកតាមម៉ូតូរឺម៉កកង់៣ យកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលនារីរងគ្រោះបានស្លាប់បាត់ទៅហេីយ។ ចំណែកឯជនសង្ស័យខាងលេី ក៏បានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រដូចគ្នា ខណៈស្ថានភាពរបស់ជនសង្ស័យធ្ងន់ធ្ងរ។

បច្ចុប្បន្នសពរបស់នារីរងគ្រោះខាងលេី ត្រូវសមត្ថកិច្ចធ្វេីកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត។ រីឯជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចអង្គុយយាមនៅមន្ទីរពេទ្យ៕