សម្តេចតេជោ ហ៊ុន សែន ផ្តល់មេធាវីជួយការពារកី្តដល់អ្នកសារព័ត៌មានមានក្រមសីលធម៌

60
Download App CHN

នៅក្នុងឱកាសអញ្ជើញជាអធិបតីផ្តល់កិត្តិយសក្នុងពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានលើកទី៤ នៅពិព័រណ៍កោះពេជ្រ ថ្ងៃទី ១៤ មករា ឆ្នាំ២០២០ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការព្រួយបារម្ភចំពោះបងប្អូនអ្នកយកព័ត៌មានមួយចំនួនតូចជាពិសេសមកពីបណ្តាញសង្គមហ្វេសបុគ (facebook) ដែលតាំងខ្លួនធ្វើជាចៅកែខ្លួនឯង ចាងហ្វាងនិពន្ធខ្លួនឯង ជាអ្នកថតខ្លួនឯង និងជាអ្នកផ្សាយខ្លួនឯង ហើយចាប់បផ្តើមចេញព័ត៌មានជេរបញ្ចោរ អសីលធម៌ បំពានសិទ្ធិ និងប៉ះពាល់សេចក្តីថ្លៃថ្នូរបស់អ្នកដទៃ។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើសុំឲ្យអ្នកសារព័ត៌មានទាំងអស់ត្រូវមានវិជ្ជាជីវៈ និងមានក្រមសីលធម៌ខ្ពស់សមជាអ្នកសារព័ត៌មានអាជីព គឺរាល់នូវការចេញព័ត៌មានត្រូវតែពិតដែលឆ្លុះបញ្ជាំងពីភាពពិតប្រាកដកនៅក្នុងសង្គម។ ប្រសិនបើចង់អោយអ្នកដទៃគោរពសិទ្ធិអ្នកសារព័ត៌មាន លុះត្រាតែអ្នកសារព័ត៌មានខ្លួនឯងគោរពសិទ្ធិអ្នកដទៃដូចគ្នា ព្រោះសិទ្ធិសេរីភាព និងផ្លូវច្បាប់គឺស្មើគ្មា។

តាមរយៈការស្នើសុំមេធាវីការពារក្តីអ្នកសារព័ត៌មាន គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់មេធាវីផ្ទាល់ខ្លួនរបស់សម្តេច ដើម្បីការពារបងប្អូនអ្នកសារព័ត៌មានតាមផ្លូវច្បាប់នៅពេលមានបណ្តឹងនៅតុលាការ ទៅតាមអង្គហេតុ និងអង្គច្បាប់ដែលសមស្រប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់តាំង លោក គី តិច ដែលជាប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោទទួលខុសត្រូវសិក្សាពីបញ្ហាទាក់ទងនឹងការការពារក្តីឲ្យអ្នកសារព័ត៌មានដែលចេញផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវត្រឹមត្រូវ។ ប៉ុន្តែចំពោះអ្នកសារព័ត៌មានដែលចេញផ្សាយជាការជេបញ្ជោដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ បំភ្លៃការពិត គឺមេធាវីមានសិទ្ធិបដិសេធចំពោះការស្នើសុំពីអ្នកសារព័ត៌មានទាំងនោះបាន។

សម្តេចតេជោ បានបានលើកទឹកចិត្តអោយអ្នកព័ត៌មានទាំងឡាយហ៊ានបញ្ចេញព័ត៌មានច្បាស់ពិតប្រាកដដែលជាអំពើអសកម្ម, ភាពមិនប្រក្រតី និង អំពើពុករលួយ ។

ដើម្បីរំឮកដល់បងប្អូនអ្នកសារព័ត៌មានប្រតិបត្តិការងារដោយមានការទទួលខុសត្រូវខ្ពស់ ដោយគោរពក្រមសីលធម៍វិជ្ជាជីវៈត្រឹមត្រូវ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានផ្តល់នូវពាក្យស្លោកគន្លឹះដ៏សំខាន់មួយដល់អ្នកសារព័ត៌មានគឺ «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំភ្លៃការពិត»៕