ជនជាតិកូរ៉េពីរនាក់ ជិះម៉ូតូធ្លាក់ចូលរណ្តៅជាង២០ម៉ែត្រ លង់ទឹកស្លាប់ម្នាក់

156
Download App CHN

សៀមរាប៖ ភ្ញៀវទេសចរជនជាតិកូរ៉េ ២នាក់ ជិះម៉ូតូធំកង់បួន ធ្លាក់ជង្ហុករេចង្កូតធ្លាក់ចូលរណ្តៅដីចិញ្ចឹមត្រីជម្រៅជាង២០ម៉ែត្រ បណ្ដាលឲ្យលង់ទឹកស្លាប់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំដីស ស្ថិតក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។ រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយអន្តរាគមន៍ យកសំណាញ់មកបង់ យកសាកសពមកដាក់លើគោក។

ជនរងគ្រោះដែលលង់ទឹកស្លាប់-ឈ្មោះ JANG SEONGSU ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046 និងអ្នករួមដំណើរ ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784 ។ ទាំង២នាក់ ជាភ្ញៀវទេសចរស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

មុនពេលកើតហេតុ ភ្ញៀវទេសចរជនជាតិកូរ៉េ ទាំង២នាក់ បាននាំគ្នាជួលម៉ូតូកង់បួន ជិះដើរលេងកម្សាន្ត នៅក្នុងក្រុងសៀមរាប។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានធ្លាក់ជង្ហុក ធ្វើរេចង្កូតទៅបុកបង្គោលថ្ម បណ្ដាលឲ្យធ្លាក់ចូលរណ្តៅដីចិញ្ចឹមត្រីជម្រៅជាង២០ម៉ែត្រ (មានទឹកពេញ) ។ ភ្លាមៗនោះ គេឃើញជនរងគ្រោះទាំង២នាក់ លិចចូលទៅក្នុងទឹក ជាមួយនឹងម៉ូតូ តែជនរងគ្រោះឈ្មោះ Lee Gyuhong បានស្រវាឡើងមកលើច្រាំវិញបាន រីឯជនរងគ្រោះ ឈ្មោះ Jang Seongsu បានលិចបាត់ទៅ។
រហូតមកព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចនិងប្រជាពលរដ្ឋជួយអន្តរាគមន៍ យកសំណាញ់មកបង់ យកសាកសពមកដាក់លើគោក៕