ខេត្តកំពតជាប់ជាគោលដៅទេសចរណ៍ ល្អបំផុតមួយក្នុងចំណោម៥២លើលោក ដែលភ្ញៀវទេសចរគួរទៅកម្សាន្តក្នុងឆ្នាំ២០២០

2,350
Download App CHN

អាមេរិក៖ កាសែតញូយ៉កថែមស៍ (New York Times) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានរៀបចំបញ្ជីឈ្មោះគោលទេសចរណ៍ចំនួន ៥២កន្លែងនៅជុំវិញពិភពលោក ដែលអ្នកទេសចរទាំងឡាយគួរតែទៅកម្សាន្ត នៅក្នុងឆ្នាំ២០២០នេះ ដោយក្នុងបញ្ជីនោះ ក៏មានខេត្តកំពតរបស់ប្រទេសកម្ពុជាយើងផងដែរ។

បើតាមខេត្តកំពតត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ តាមរយៈអគារនានាដែលនៅសេសសល់ តាំងពីសម័យអាណានិគមនិយមបារាំង, ចម្ការម្រេច និងរូបចម្លាក់ផ្លែធូរ៉េនធំមួយ ជាតំណាងខេត្តជាប់មាត់សមុទ្រនេះ ហើយវាជាប្រភេទផ្លែឈើដ៏ពេញនិយម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលបានធ្វើឱ្យខេត្តមួយនេះក្លាយជាគោលដៅទេសចរណ៍ ជាយូរណាស់មកហើយស្ថិតនៅភាគខាងត្បូងប្រទេសកម្ពុជា។

ក្នុងឆ្នាំ២០២០នេះ ការធ្វើដំណើរទៅកាន់ខេត្តកំពត នឹងកាន់តែមានភាពងាយស្រួល ខណៈគម្រោងស្ថាបនាផ្លូវមួយខ្សែជិតបញ្ចប់ជាស្ថាពរ ហើយកំពង់ផែថ្មីមួយនឹងចាប់ផ្ដើម ដំណើរការក្នុងពេលឆាប់ៗនេះ ដោយមានទូកដឹកអ្នកដំណើរទៅកាន់កោះជាច្រើន ដែលស្ថិតនៅចំពោះមុខ។ តែអ្វីដែលសំខាន់នោះ អ្នកនឹងបានភ្លឺភ្នែកពីទេសភាពដ៏ស្រស់ត្រកាល នៅពេលមកដល់ខេត្តកំពតដោយផ្ទាល់។

ក្រៅតែពីតំបន់ទេសចរណ៍សំខាន់ៗ ខេត្តកំពតក៏មានភោជនីយដ្ឋានល្បីៗផងដែរ ដូចជានៅសណ្ឋាគារ Hotel Old Cinema ជាដើម ហើយបូកបន្ថែមទាំងព្រែកទឹកឈូ ភ្នំបូកគោ ដែលផ្ដល់ឱ្យអ្នកនូវខ្យល់ឱកាសបរិសុទ្ធ ក៏ដូចជាគយគន់ទេសភាពថ្ងៃលិច ខណៈកន្លែងហូបចុកនៅតាមផ្លូវ កំពុងបើកដំណើរការយ៉ាងព្រោងព្រាត។

គួរបញ្ជាក់ថា កាសែតញូយ៉កថែមស៍ តែងតែធ្វើការចាត់លំដាប់ថ្នាក់ តំបន់ល្បីៗនៅទូទាំងពិភពលោក ជាពិសេសតំបន់ដែលមានសន្តិភាព សុវត្ថិភាព និងធម្មជាតិស្រស់ត្រកាលដូចជានៅទ្វីបអឺរ៉ុប អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូងជាដើម ក្នុងន័យផ្តល់ជាគន្លឹះមួយសម្រាប់ពលរដ្ឋអាមេរិក ក៏ដូចជាអ្នកនិយមដើរកម្សាន្តនៅទូទាំងពិភពលោក ងាយស្រួលក្នុងការសម្រេចចិត្ត មុខហ្នឹងទៅធ្វើដំណើរកម្សាន្ត ក្នុងឱកាសវិស្សមកាលរបស់ពួកគេ៕

ប្រភព៖ New York Times (ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២០)