ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រកាសទៅទីក្រុងវូហាន ប្រទេសចិន និស្សិតខ្មែរនៅទីនោះមានអារម្មណ៍រំភើប និងកក់ក្តៅ

127
Download App CHN

(វូហាន-ចិន)៖ និស្សិតខ្មែរម្នាក់ដែលកំពុងបន្ដការសិក្សានៅទីក្រុងវូហាន ប្រទេសចិន ទីដែលកំពុងផ្ទុះជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បង្កដោយវីរុសកូរ៉ូណា បានបង្ហាញពីភាពកក់ក្ដៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយដឹងដំណឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា គ្រោងអញ្ជើញទៅសួរសុខទុក្ខ និស្សិតដោយផ្ទាល់នៅកន្លែងផ្ទុះជំងឺ ប្រសិនបើខាងរដ្ឋាភិបាលចិនអនុញ្ញាត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលប្រជាពលរដ្ឋខ្មែររស់នៅ និងធ្វើការងារ នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ បានប្រកាសថា សម្ដេចនឹងអញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ និស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងវូហាន ទីដែលផ្ទុះជំងឺរលាកសួត ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។

និស្សិតខ្មែរនៅទីនោះ ដែលមានគណនី Facebook ឈ្មោះ ប៉ែន បារាំង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហោះនូវសារបង្ហាញអំពីអារម្មណ៍កក់ក្ដៅ នៅពេលលឺអ្វីដែលសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានប្រកាស ប៉ុន្ដែលោកហាក់មិនចង់ឲ្យសម្ដេចអញ្ជើញទៅសួរសុខទុក្ខនោះទេ ព្រោះលោកបារម្មណ៍ពីសុខភាពរបស់សម្ដេច។

លោក ប៉ែន បារាំង បានអះអាងទៀតថា ការសួរសុខទុក្ខនេះមិនចាំបាច់សម្ដេចអញ្ជើញមកដោយផ្ទាល់នោះទេ ពោលចាំពួកគេរៀនចប់ ហើយវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ចាំមានការជួបជុំក៏បានដែរ ព្រោះពួកគាត់អាចឈឺបាន ប៉ុន្ដែសម្ដេចតេជោនាយករដ្ឋមន្ដ្រី មិនអាចឈឺបាននោះទេ។

តាមរយៈ Facebook លោក ប៉ែន បារាំង បានបង្ហោះសារយ៉ាងដូច្នេះថា «ទើបតែបានចែកអាហារពេលព្រឹកដល់មិត្តបរទេសរួច លោកពុក ជាទីគោរព កូនបានស្ដាប់ប្រសាសន៍ដែលថា លោកពុកមានគម្រោងអញ្ជើញមកសួរសុខទុក្ខពួកកូន តែកូនគិតថា លោកពុកមានភារកិច្ចត្រូវបំពេញសម្រាប់គ្រួសារមានច្រើន ទាំងក្នុងផ្ទះ និងក្រៅផ្ទះ បានស្ដាប់សាររបស់លោកពុកប៉ុណ្ណឹង កូនមានអារម្មណ៍ថាកក់ក្ដៅ និងគ្រប់គ្រាន់។ ពួកកូនអាចឈឺបាន តែលោកពុកមិនអាចឈឺបានទេ ព្រោះលោកពុកត្រូវមានភារកិច្ចជាច្រើន ដែលចាំបាច់ត្រូវការលោកពុកដើម្បីដោះស្រាយ ហើយការជួបសួរសុខទុក្ខ ចាំពួកកូនរៀនចប់ត្រលប់ទៅផ្ទះយើងវិញ ចាំជួបជុំគ្នាក៏បានដែរ។ ពួកកូន នឹងថែទាំសុខភាពឲ្យបានល្អ និងប្រុងប្រយ័ត្នខ្ពស់ និងសហការជាមួយរដ្ឋបាលសាលាឲ្យបានល្អបំផុត»

គួរជម្រាបថា ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ថានឹងអញ្ជើញទៅទីក្រុងវូហាន ហាក់បានឆ្លើយតបនឹងក្រុមប្រឆាំងមួយចំនួន ដែលបានលើកឡើងតាមបណ្តាញសង្គម ដោយទាមទារឲ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងវូហាន ប្រទេសចិន ព្រោះកន្លែងនោះ គឺជាទីតាំងដែលផ្ទុះជំងឺរលាកផ្លូវដង្ហើមថ្មី (កូរ៉ូណា) មុនគេបង្អស់។

ក្រោយការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី រហូតមកដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ មិនទាន់មានការឆ្លើយតបណាមួយ ពីខាងរដ្ឋាភិបាលចិននៅឡើយទេ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងមន្រ្តីស្ថានទូតចិន បានប្រាប់បណ្តាញព័ត៌មាន Fresh News។

យ៉ាងណាមិញ លោក វ៉ាង វិនធាន (Wang Wentian) អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងបន្តធានាពីសុវត្ថិភាព និងសុខភាពជូនពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសចិន និងផ្តល់ជំនួយជូនដល់ពលរដ្ឋខ្មែរទាំងនោះ រាល់មានតម្រូវការចាំបាច់៕