សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល

50
Download App CHN

នៅព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមុនពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារដោយផ្ទាល់ជាមួយ លោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល។

ក្នុងជំនួបគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនឹងប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ពិសេសទាក់ទិនទៅនិងបម្រែបម្រួលអាកាសធាតុ និងការវិវត្តន៍ថ្មីៗ នៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុសនៅទីក្រុងវូហាន ប្រទេសចិន ដែលជាកង្វល់ពិតប្រាកដរបស់ពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសា​សន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុស​ គឺមិនមែនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។ សម្តេចតេជោ និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាផ្សេងៗទៀត ដែលជាកង្វល់ពិតប្រាកដករបស់សម្តេច និងលោកស្រី។

ក្នុងកិច្ច​សន្ទនាគ្នានោះ លោកស្រី ហាក់ ចា ហានមូន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ ស្រប​ពេល នៃការផ្ទុះមានឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុស នៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន​។ ទាក់ទិនទៅនឹងប្រសាសន៍លើកឡើងរបស់លោកស្រី ​ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិ​សុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុង​ប្រឈម និងរួមគ្នាដោះស្រាយ។

សម្តេចតេជោបន្តថា កាលពីឆ្នាំ២០១៣-២០១៤ កន្លងទៅ នៅពេលដែលប្រទេសកូរ៉េខាងជើង គំរាមធ្វើសង្រ្គាមមកលើសាធារណរដ្ឋកូរ៉េ គេបានទាមទារឲ្យសម្តេចអន្តរា​គមន៍ជន្លៀសជនជាតិកម្ពុជា នៅសាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់កម្ពុជាវិញ តែសម្តេចយល់ពីអារម្មណ៍ និងភាពភ័យខ្លាចដែលថ្នាក់ដឹកនាំ និងពីប្រជាជនមួយចំនួន។

សម្តេចតេជោមានប្រសាសន៍បន្តថា នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស៕