សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជនរួមជាតិ និងនិស្សិតខ្មែរនៅវូហាន ដែលគោរពស្រឡាញ់ និងចង់ឱ្យសម្តេចមានសុខភាពល្អ

58
Download App CHN

(ភ្នំពេញ)៖ បន្ទាប់ពីមានការសម្តែងនូវការបារម្ភអំពីសុខភាពរបស់សម្តេចតេជោពីសំណាក់ជនរួមជាតិ និងនិស្សិតខ្មែរនៅទីក្រុងវូហាន ខេត្តហួប៉ី ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរនៅវូហាន ដែលគោរពស្រលាញ់ និងចង់ឱ្យសម្តេចមានសុខភាពល្អ។

ជាមួយនឹងការប្រកាសអំពីការសម្រេចរបស់រដ្ឋាភិបាលចិន ដោយមិនអនុញ្ញាតឱ្យសម្តេចទៅកាន់ទីក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ២៣នាក់ តាមបំណងដោយសារតែស្ថានភាពផ្ទុះជំងឺនៅខ្លាំងនៅឡើយនោះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចត្រូវបានរដ្ឋាភិបាលចិនអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងប៉េកាំងប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់ឱ្យខ្ញុំមានសុខភាពល្អ»

ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសជូនពរដល់ជនរួមជាតិ និងសិស្សនិស្សិត ដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ឱ្យជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលដំណឹងថាសម្តេចមានបំណងចង់ទៅកាន់ទីក្រុងវូហាន ដែលជាក្រុងផ្ទុះជំងឺរលាកផ្លូវដង្ហើមថ្មី បង្កឡើងដោយវីរុសកូរ៉ូណា ស្ថិតនៅក្នុងខេត្តហួប៉ី ប្រទេសចិននោះ និស្សិតខ្មែរដែលសិក្សានៅទីនេះ បានសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់សម្តេច ហើយទទូចឱ្យសម្តេចកុំទាន់ធ្វើដំណើរទៅកាន់ទីក្រុងនេះមួយរយៈសិន ដោយរកឱកាសជួបជុំនៅពេលក្រោយវិញ។

លោក ប៉ែន បារាំង ជានិស្សិតខ្មែរម្នាក់ ដែលកំពុងសិក្សានៅទីក្រុងវូហាន បានចេញវីដេអូមួយ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយលើកឡើងថា បន្ទាប់ពីពិគ្រោះគ្នាជាមួយនិស្សិតទាំងអស់ ពួកគេបានបង្ហាញអំពីការបារម្ភចំពោះសុខភាពរបស់សម្តេច បើសិនជាទៅកាន់ទីក្រុងវូហាន។ លោកអះអាងថា សម្តេចជាមេដឹកនាំប្រទេស ហើយមានកិច្ចការសំខាន់ៗជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា ដែលត្រូវការសម្តេចដឹកនាំ។ ក្រុមនិស្សិតទាំងអស់ ក៏បានស្នើសុំជួបសម្តេចនៅពេលវេលាមួយផ្សេងនាពេលខាងមុខ។

លោកបានបញ្ជាក់ថា «អញ្ចឹងពួកខ្ញុំទាំងអស់គ្នា សូមសំណូមពរប្រមុខរាជរដ្ឋាភិបាលពេលដែលលោកបំពេញការងារចប់ នៅសាធារណរដ្ឋកូរ៉េ សូមប្រមុខរាជរដ្ឋាភិបាលអញ្ជើញត្រឡប់ទៅប្រទេសកម្ពុជាវិញដោយសុខសន្តិភាព ពីព្រោះពួកខ្ញុំទាំងអស់គ្នា នៅទីនេះយល់ឃើញថា វត្តមានរបស់សម្តេច សុខភាពរបស់សម្តេចពិតជាសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង»