សកម្មភាព និងខ្លឹមសារសម្ដេចតេជោ ហ៊ុន សែន ទាំងស្រុង ក្នុងកិច្ចចូលរួមប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅកូរ៉េខាងត្បូង និងទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង

161
Download App CHN

(ភ្នំពេញ)៖ ក្នុងរយៈពេលប្រមាណជា ៣ថ្ងៃប៉ុណ្ណោះ បុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបំពេញបេសកកម្មប្រកបដោយជោគជ័យ នៅប្រទេសចំនួន២ ក្នុងតំបន់អាស៊ីបូព៌ា ក្នុងនោះមានការចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស រយៈពេល២ថ្ងៃកន្លឺះ នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និង ការបំពេញទស្សនកិច្ចការងាររយៈពេល ១ថ្ងៃ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីលើកទឹកចិត្តរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលជាមិត្តដែកថែបរួមសុខរួមជោគវាសនាជាមួយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅវេលាម៉ោងប្រមាណ១រសៀលម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោងប្រមាណ៣រសៀល ម៉ោងនៅកូរ៉េខាងត្បូង ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។ នេះគឺជាបេសកកម្មក្រៅប្រទេសលើកដំបូង សម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២០នេះ។

ដំណើរអញ្ជើញដល់ព្រលានយន្តហោះនាទីក្រុងសេអ៊ូល សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងសេអ៊ូល បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីនឹករលឹកពីសំណាក់បងប្អូនជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េយ៉ាងច្រើនកុះករ។

បន្ទាប់ពីបានអញ្ជើញដល់ប្រទេសកូរ៉េខាងត្បូង កម្មវិធីដំបូងគេរបស់សម្តេចតេជោ ហ៊ុន សែន គឺជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូង។ ជំនួបនេះបានធ្វើឡើង នៅសណ្ឋាគារឡូតេ នាទីក្រុងសេអ៊ូល នៅម៉ោង៥៖០០ល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

ខណៈដែលកំពុងសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បាននឹករលឹកដល់និស្សិតខ្មែរ ២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងដំបូង នៃការផ្ទុះជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា។ សម្តេចក៏បានប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។ ការប្រកាសនេះ ក៏បានឆ្លើយតបនឹងក្រុមប្រឆាំងមួយចំនួន ដែលទាមទារឱ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងវូហានផងដែរ។ ទោះជាយ៉ាងនេះក្តី១ថ្ងៃ បន្ទាប់ពីការប្រកាសនេះ រដ្ឋាភិបាលក្រុងប៉េកាំង ពុំអនុញ្ញាតឱ្យសម្តេចទៅកាន់ទីក្រុងវូហាននោះទេ ដោយសារតែបារម្ភអំពីសុវត្ថភាពសម្តេច ខណៈដែលក្រុងវូហាននេះ កំពុងផ្ទុះជំងឺផ្លូវដង្ហើមកូរ៉ូណាធ្ងន់ធ្ងរនៅឡើយ។ រដ្ឋាភិបាលចិនបានឆ្លើយតប ដោយអនុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងប៉ុណ្ណោះ។

ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ នាទីក្រុងសេអ៊ូលនោះដែរ សម្ដេចតេជោ បានបង្ហាញអំពីទំនាក់ទំនងការទូតដ៏រឹងមាំ និងល្អបំផុត រវាងកូរ៉េខាងត្បូង ជាមួយកម្ពុជា តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ននេះ។ សម្តេចបានកត់សម្គាល់នូវរឿងរ៉ាវអតីតកាលរវាងកម្ពុជា និងកូរ៉េ បានឆ្លងកាត់នូវស្ថានភាពលិចអណ្តែត ដែលការលិចអណ្តែតនេះ ដោយសារបញ្ហានៅឧបទ្វីបកូរ៉េ និងសង្គ្រាមត្រជាក់។ សម្ដេចអះអាងថា ជម្លោះរវាងកូរ៉េខាងជើង និងខាងត្បូង ធ្វើឲ្យនយោបាយការទូតរបស់កម្ពុជា មានការប្រែប្រួល ប៉ុន្ដែសម្តេចបានប្រឹងប្រែងក្នុងការធ្វើឲ្យមានតុល្យភាពរវាងកូរ៉េខាងត្បូង និងខាងជើង។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មវិញ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ចំពោះទំនាក់ទំនងការទូតយ៉ាងល្អរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ដែលផ្លែផ្កានៃទំនាក់ទំនងការទូត ដែលបានជួយជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង២ មានការរីកចម្រើនជាបន្តបន្ទាប់ និងរួមទាំងវិស័យផ្សេងៗទៀតផងដែរ។ សម្តេចបានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងដែលកត់ត្រាដោយភាគីកូរ៉េ មានប្រមាណ ១,០៣២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមកកូរ៉េចំនួន៣៣៥លានដុល្លារ ហើយកម្ពុជានាំចូលមកកូរ៉េវិញមានចំនួន៦៩៦លានដុល្លារ។ អតុល្យភាពជញ្ជីងពាណិជ្ជកម្មនេះ គឺដោយសារកម្ពុជា មានតម្រូវការនៃការនាំចូលពីកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចគឺជាជនជោគជ័យ សម្រាប់នយោបាយនៅឧបទ្វីបកូរ៉េ។ សម្តេចថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងមានការខកចិត្ត ប្រសិនបើដាក់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង មិនត្រឹមតែធ្វើឱ្យកូរ៉េខាងជើងខឹង បន្ថែមដោយគ្មានការលូតលាស់ណាមួយ នៅក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ឱ្យកម្ពុជា ខ្ញុំនឹងក្លាយទៅជាជនបរាជ័យ ក៏ប៉ុន្តែឥឡូវនេះ ខ្ញុំនិយាយដោយមោទនភាពថា ខ្ញុំជាជនជោគជ័យម្នាក់ នៅក្នុងនយោបាយកូរ៉េ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តស្ពាយកាដូ ជាសៀវអប់រំទូន្មាន របស់បណ្ឌិត អ៊ូ ចុង និងបណ្តាំ ក្រុម ង៉ុយ ទៅចែកជូនដល់ប្រជាពលរដ្ឋ និងក្មួយៗពលករខ្មែរ នៅកូរ៉េខាងត្បូង ដើម្បីឱ្យក្លាយទៅជាវត្ថុអនុស្សាវរីយ៍ប្រចាំជីវិត ព្រោះការប្រៀនប្រដៅរបស់អ្នកប្រាជ្ញាទាំងពីរនាក់ នៅថិតថេរ ជារៀងរហូត។

រហូតដល់ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមុនកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួប លោកស្រី ហាក់ ចា ហាន មូន (Hak Ja Han Moon) ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល។ ក្នុងជំនួបនោះ ភាគីទាំងពីរបានចាប់អារម្មណ៍ទៅនឹងជំងឺថ្មី ដែលកំពុងផ្ទុះឡើង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ដែលកំពុងរីករាតត្បាតយ៉ាងខ្លាំងនោះ មិនមែនជាបញ្ហាសម្រាប់តែចិននោះទេ គឺជាបញ្ហារបស់ពិភពលោកទាំងមូល ដែលត្រូវរួមគ្នាដោះស្រាយ។

បន្ទាប់ពីបញ្ចប់ជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។ នៅក្នុងកិច្ចប្រជុំនេះ មានការឡើងថ្លែងសុន្ទរកថាស្វាគមន៍របស់ លោក បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ, សុន្ទរកថារបស់អនុប្រធានសភាកូរ៉េខាងត្បូង, សុន្ទរកថារបស់ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងបណ្តាមេដឹកនាំមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន បានមានឱកាសថ្លែងសុន្ទរកថាគន្លឹះមួយចំនួន នៅក្នុងពិធីនេះ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទស្សនៈចំនួន៤ ដល់វេទិកាពិភពលោក ដើម្បីពង្រឹងសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍មនុស្សជាតិ។ ទស្សនទានទាំង៤នោះ រួមមាន៖

ទី១៖ បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើបទប្បញ្ញត្តិ សំដៅបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវសន្តិភាព, សន្តិសុខ, សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ, ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។

ទី២៖ ជំរុញវប្បធម៌សន្ទនាអន្តរជំនឿ ដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក, ការគោរពគ្នា, ការជឿទុកចិត្តគ្នា, ការអធ្យាស្រ័យគ្នាទៅវិញទៅមក និងការគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃកក្នុងរបស់ប្រទេសដទៃ ព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវក្តីវិនាស និងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។

ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការបន្តជំរុញសាកលភាវូបនីយកម្ម៖ ត្រូវធានាថាយន្តការកិច្ចសហប្រតិបត្តិការថា រក្សាបាននូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពនឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវការអភិវឌ្ឍប្របកដោយចីរភាព និងបរិយាប័ន្ន។

ទី៤៖ ជំរុញការអភិវឌ្ឍតាមរយៈអភិក្រមក្នុងការកំណត់កត្តាមនុស្សជាស្នូល (People-centric Approad) ជាពិសេសចំពោះកិច្ចការងារអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធសុខុមាលភាពសង្គម ដូចជាការពង្រឹងគុណភាពការអប់រំ, ការកែលមួសុខុមាលភាពការរស់នៅ, ការកាត់បន្ថយភាពក្រីក្រ និងការបង្រមគម្លាតនៃការអភិវឌ្ឍឱ្យស្របទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស និងឥតឈប់ឈរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់លើផ្ទៃប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់បានឡើយ ពីការផ្តល់ឱកាសស្មើភាពគ្នាជូនប្រជាពលរដ្ឋគ្រប់រូបនូវផ្លែការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយទៅជាធនធានដេលមានសក្តានុពលមិនចេះរីងស្ងួត។ នៅចំពោះមុខឥស្សរជនល្បីៗដែលចូលរួមក្នុងវេទិកាកិច្ចប្រជុំកម្រិតពិភពលោករបស់អង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាសកម្មនោះ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយសម្រាប់កម្ពុជា។ សម្តេចតេជោ បន្ថែមថា អ្វីៗគ្រប់យ៉ាង ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ទាំងការអភិវឌ្ឍ និងទាំងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។

នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ដដែលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិក្សាការងារជាមួយ លោក មូន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតីកូរ៉េខាងត្បូង។ សម្ដេចតេជោ បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ បានក្លាយទៅជាទំនាក់ទំនងស៊ីជម្រៅ ពេញលេញ ក្រោយពីការបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ និងមានកិច្ចព្រមព្រៀងជាច្រើនរវាងប្រទេសទាំងពីរដែលបានចុះជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានឃើញកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នា ដែលត្រូវបានចុះហត្ថលេខា កាលពីចុងឆ្នាំ២០១៩ ដែលកិច្ចព្រមព្រៀងនឹងផ្តល់ភាពងាយស្រួល សម្រាប់អ្នកវិនិយោគប្រទេសទាំងពីរ ក្នុងការបណ្ដាក់ទុនរកស៊ី។ សម្ដេចបានបញ្ជាក់ថា ការកែទម្រង់ការវិនិយោគ នឹងផ្ដល់ឱកាសសារជាថ្មីចំពោះអ្នកវិនិយោគ ហើយសង្ឃឹមថា លោកប្រធានាធិបតី នឹងជួយជំរុញឲ្យអ្នកវិនិយោគិនកូរ៉េបន្តមកដាក់ទុនវិនិយោគនៅកម្ពុជា។

សម្ដេចបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ បានបន្តកើនឡើងនៅឆ្នាំ២០១៩ កន្លងទៅ ក្នុងន័យនេះសម្ដេចតេជោចង់ឃើញឲ្យមានការនាំចេញផលិតផលរបស់កម្ពុជាបន្ថែមទៀតមកកាន់ទីផ្សារកូរ៉េ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីបំណងរបស់សម្តេចដែលចង់ឃើញមានវត្តមានស្ពានកូរ៉េខាងត្បូង ស្ថិតនៅលើទឹកដីកម្ពុជា ដូចទៅនឹងស្ពានរបស់ចិន និងជប៉ុន នាពេលបច្ចុបន្ននេះដែរ។

រហូតដល់ព្រឹកថ្ងៃ០៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបន្តទទួលជួប លោកសាស្ត្រាចារ្យ Anh Moon Suk ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់កូរ៉េខាងត្បូង។ ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីកូរ៉េខាងត្បូង ចែករំលែកបទពិសោធន៍ជាក់លាក់ ពាក់ព័ន្ធនឹង E-Government ដល់កម្ពុជា។

មុនពេលធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ត្រូវបាននាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សៃឃ្យូង (Chung Sye Kyun) រៀបចំពិធីលៀងសាយភោជន៍ អាហារថ្ងៃត្រង់ការងារថ្នាក់ខ្ពស់បំផុតជូនផងដែរ។ ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្ពុជា។ នៅក្នុងពិធីនោះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានមានប្រសាសន៍ថា កម្ពុជាគឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់សាធារណរដ្ឋកូរ៉េ តាមរយៈនេះទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ មានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសចាប់តាំងតែពីប្រទេសបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។

ក្នុងនាមថ្នាក់ដឹកនាំកំពូលៗរបស់សាធារណរដ្ឋកូរ៉េ ប្រជាជនកូរ៉េ លោកបានថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះតួនាទីយ៉ាងសកម្មបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងទំនាក់ទំនងនៃប្រទេសទាំងទាំងពីរ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ពិសេសលោកសូមកោតសរសើរដោយស្មោះ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបង្កើតនូវគំនិតផ្តួចផ្តើមឲ្យមានកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះនយោបាយដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងបណ្តាប្រទេសអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីទីក្រុងសេអ៊ូល នៅម៉ោង១៣៖៥០នាទី (ម៉ោងនៅទីក្រុងសេអ៊ូល ត្រូវនឹង១១៖៥០នាទីម៉ោងនៅកម្ពុជា) ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំកំពូលៗរបស់ចិន មុននឹងវិលត្រឡប់មកកាន់មាតុភូមិវិញ។

បន្ទាប់ពីចាកចេញពីទីក្រុងសេអ៉ូល សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង នៅវេលាម៉ោង២៖៣០នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញ ត្រូវនឹងម៉ោង៣៖៣០នាទីនៅទីក្រុងប៉េកាំង ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ លោក លី ខឺឈាន នាយករដ្ឋមន្រ្តីចិន។ នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី ។

គិតចាប់ពីមានការផ្ទុះជំងឺថ្មីកូរ៉ូណាថ្មី ដែលផ្តើមផ្ទុះពីទីក្រុងវូហាន តាំងពីដើមខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចកំពូលមួយនៅលើពិភពលោក ដែលបានជួយការអភិវឌ្ឍប្រទេសជាច្រើនជាពិសេសប្រទេសដែលស្ថិតនៅក្នុងគោលនយោបាយ «ខ្សែក្រវ៉ាត់ និងផ្លូវ»នោះ មិនមានមេដឹកនាំប្រទេសដទៃណាម្នាក់ ហ៊ានទៅកាន់ប្រទេសចិនឡើយ។ សារព័ត៌មានខ្លះ ដែលគាំទ្រដោយលោកខាងលិច បានឆ្លៀតវាយប្រហារចិនដែលកំពុងរងគ្រោះធ្ងន់ធ្ងរនោះ យ៉ាងខ្លាំងក្លា។ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដំបូងគេ ដែលបានទៅកាន់ប្រទេសចិន។

ខណៈដែលមានវត្តមាននៅប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវេលាម៉ោងប្រមាណ៥៖៣០នាទីរសៀល (ត្រូវនឹងម៉ោង ៤៖៣០នាទីនៅកម្ពុជា) ថ្ងៃទី០៥ ខែកុម្ភៈ។ ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដំណើរទស្សនកិច្ចការងាររបស់សម្ដេចលើកនេះ គឺចង់បង្ហាញពីការគាំទ្រ ជាមួយប្រទេសចិន ក្នុងពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំង ទៅនឹងវីរុសកូរ៉ូណានេះ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ដ្រីចិន បានបញ្ជាក់ប្រាប់សម្ដេចតេជោថា រដ្ឋាភិបាលចិន នឹងធ្វើគ្រប់មធ្យោបាយទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសចិន កុំឲ្យមានភាពភ័យខ្លាចនឹងជំងឺ ដែលបង្កឡើងដោយវីរុសកូរ៉ូណា។ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់នាយករដ្ឋមន្ដ្រីចិនថា អ្វីដែលសំខាន់មិនមែន ដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។ សម្ដេចបានចាត់ទុកថា បញ្ហាជំងឺកូរ៉ូណានេះគឺជាសង្គ្រាមចិត្តសាស្រ្ត ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ហើយមានមតិខ្លះចោទប្រកាន់ថា រាជរដ្ឋាភិបាលថា បានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាជាមួយទំនាក់ទំនងកម្ពុជាចិនទៅវិញ។

ក្រោយបញ្ចប់ជំនួបជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិនភ្លាម, សម្ដេចតេជោ ហ៊ុន សែន បានបន្ដជួបពិភាក្សាការងារជាមួយលោក ស៉ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានដឹកដៃកូនប្រុសច្បងរបស់សម្តេច គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកទៅជាមួយផងដែរ។

នៅក្នុងជំនួបជាមួយលោក ស៊ី ជីនពីង សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមូលហេតុចម្បងចំនួន៣ នាំឱ្យសម្តេចបំពេញទស្សនកិច្ច នៅចិននាពេលនេះ។ ក្នុងនោះមាន៖ ទី១៖ បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ, ទី២៖ ពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា រស់នៅ និងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិន តស៊ូជាមួយប្រជាពលរដ្ឋចិន និងទី៣៖ បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជាថា ជំងឺរបស់ពលរដ្ឋកម្ពុជានាពេលនេះ មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជាជំងឺភ័យខ្លាច ដែលមកដល់ពេលនេះមិនទាន់មានពលរដ្ឋកម្ពុជាណាម្នាក់កើតនៅឡើយនោះ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅចំពោះមុខមេដឹកនាំកំពូលរបស់ចិនថា ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងនេះ សម្តេចមិនពាក់ម៉ាក់ទេ បើពាក់ម៉ាស់នោះ សម្តេចមិនចាំបាច់មកទស្សនកិច្ច នៅប្រទេសចិននោះទេ។ សម្តេចតេជោ ក៏បានចូលរួមរំលែកនូវទុក្ខកង្វល់ទាំងឡាយ ជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំងឺបង្កដោយមេរោគ «កូរ៉ូណា» នេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កាលពីឆ្នាំទៅប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀនយោបាយជោគវាសនារួមគ្នា ហើយ មិនមាននរណា អាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ។ សម្តេចមានប្រសាសន៍ថា វត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។

ប្រធានាធិបតីចិន បានបង្ហាញការយល់ឃើញដូច សម្ដេចតេជោ ហ៊ុន សែន ថាការភ័យខ្លាចគឺជាបញ្ហាដ៏ធំ ខណៈការពិតអត្រាឆ្លងជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណា មានកម្រិតទាបបំផុត បើធៀបជាមួយជំងឺផ្សេងៗទៀត។ លោកប្រធានាធិបតី បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថាតាមការស្រាវជ្រាវជំងឺនេះអាចព្យាបាលបាន ហើយអ្នកជំងឺមួយចំនួនបានព្យាបាលឲ្យជាឡើងវិញ ហើយអ្នកខ្លះកំពុងមានសុខភាពល្អប្រសើរឡើងវិញផងដែរ។ លោកបានវាយតម្លៃថា ជំងឺនេះគ្រាន់តែជាជំងឺមួយស្ថិតក្នុងអន្តរកាលប៉ុណ្ណោះ ហើយលោកក៏បានគូសបញ្ជាក់ដែរថា កាលពីប៉ុន្មានឆ្នាំមុន ចិនក៏បានជួបប្រទះជាមួយជំងឺ «សា» ផងដែរ។ លោកប្រធានាធិបតី បានអះអាងថា រដ្ឋាភិបាលចិន មានជំនឿលើសមត្ថភាពក្នុងការដោះស្រាយ និងកម្ចាត់ជំងឺនេះ។

លោកប្រធានាធិបតី ស៊ី ជិនពីង បានពោលពាក្យអរគុណមិនដាច់ពីមាត់ចំពោះភក្តីភាពដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនចិន។ លោកប្រធានាធិបតីបានថ្លែងថា លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តរបស់សម្តេចតេជោ ដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន។ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ គឺជាការផ្តល់នូវទំនុកចិត្ត ផ្តល់កម្លាំងចិត្ត ដ៏មហិមាចំពោះប្រទេសចិន។ ជាពិសេសបានបង្ហាញពីការគាំទ្រ និងជឿទុកចិត្តចំពោះប្រទេសចិន។

លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានអះអាងចំពោះមុខរបស់សម្តេចតេជោថា រាជរដ្ឋាភិបាលចិននឹងបញ្ជូនអ្នកវិនិយោគ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាតាមតម្រូវការ ពិសេសសម្រាប់ខេត្តព្រះសីហនុ ក្រោយពេលមានការបិទល្បែងភ្នាល់អនឡាញ។ លោកប្រធានាធិបតី បានលើកឡើងថា លោកគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងាររយៈពេល១ថ្ងៃ នៅរដ្ឋធានាប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាពវិញ នៅវេលាម៉ោង១៖៥០នាទីទៀបភ្លឺព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០៕

ប្រភពៈ Fresh News