រដ្ឋបាលខេត្តកំពត ប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ”ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត”

86
Download App CHN

កំពត៖ រដ្ឋបាលខេត្តកំពតនៅព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ ២០២០ នាមណ្ឌលពហុកីឡដ្ឋានខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុងសង្កាត់ សិស្សនិស្សិត និងប្រជាពលរដ្ឋប្រមាណជាង១៤០០នាក់ បានរួមគ្នា ប្រារព្ធអបអរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ”ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត ” ។

ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានលើកបញ្ជាក់ថា ការប្រារព្ធអបអរទិវាជាតិទីក្រុងស្អាត នាពេលនេះគឺក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីទីក្រុងស្អាត ពិសេសការបំផុសស្មារតីដល់ប្រជាពលរដ្ឋឱ្យមានការចូលរួម សំអាតទីក្រុងកំពតឲ្យមានសោភ័ណភាពស្រស់បំព្រងសាកសមជាទីក្រុងដែលទទួលបានជ័យលាភីផ្ការំដួលបីទងនិងជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ត ការអានសារលិខិត របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ឆ្នាំ២០២០ ដែលក្នុងសារលិខិត របស់សម្ដេចតេ ជោមានខ្លឹមសារជាអាទិ៍ថា ក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្តនិងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ ពីរ ដែលត្រូវគិតគូរស្របពេលគ្នាគឺ ការបង្កើនឧត្ដមភាពប្រកួតប្រជែង និងការធានា និរន្តរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះកម្ពុជាក៏បានដាក់ចេញនៅយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋាកិច្ចល្អ ដែលជាយុទ្ធសាស្ត្រដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមាសបៃតង នឹងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត បៃតងនិងប្រកបដោយសុវត្ថិភាពខ្ពស់។ ទិវាជាតិ ទីក្រុងស្អាត ឆ្នាំទី ៨ នៃប្រធានបទ”ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត” គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា វិថីម្ហូបអាហារគឺជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាចផ្ដល់នូវបទពិសោធន៍និងការចងចាំសម្រាប់ភ្ញៀវទេសចរណ៍ ដែលជាទូទៅទេសចរណ៍តែងតែប្រាថ្នាចង់ដើរកម្សាន្ត និងទទួលទានម្ហូបអាហារ ដែលប្រកបដោយអនាម័យ និងជឿទុកចិត្តខណៈដែលវិថីម្ហូបអាហារ ក៏ជាផ្នែកមួយនៃទេសចរណ៍ម្ហូបអាហារ ដែលផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ទៅនឹងជីវភាពប្រជាជន វប្បធម៌ និងទំនៀមទំលាប់ ព្រមទាំងជួយជំរុញអាជីវកម្មខ្នាតតូច បែបគ្រួសារឱ្យរីកលូតលាស់បានយ៉ាងមានប្រសិទ្ធភាព។ ជាការពិតវិស័យទេសចរណ៍ និងម្ហូបអាហារមានទំនាក់ទំនងជា សារវ័ន្តពីរគឺ ម្ហូបអាហារជាផលិតផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ដ៏ទាក់ទាញ។

គួរបញ្ជាក់ថា ក្រុងកំពត បន្ទាប់ពីមានការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ជាតិលើកទី១(ឆ្នាំ ២០១៥-២០១៨)និងលើកទី២(ឆ្នាំ២០១៩-២០២០)ក្រុងកំពតទទួលបានជ័យលាភីរំដួលបីទងជាប់គ្នា ជាមួយគ្នានោះដែរក្រុងកំពត ក៏ទទួលបានជ័យលាភី ជាក្រុងបេក្ខភាព ក្រុងបដិសណ្ឋារកិច្ចល្អ ក្នុងការផ្ដល់សេវាសាធារណៈទទួលបានជ័យលាភីស្នាមញញឹមពីរ និងពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ (២០២០-២០២២) និងជាទីក្រុង ដែលមានវិថីម្ហូបអាហារស្អាតនាំឲ្យមានកម្មវិធីនាថ្ងៃនេះ។

អង្គពិធី បន្តប់ពីបានបញ្ចប់ឯកឧត្តមជាវ តាយ ពិបាកខេត្តរួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សនិស្សិតប្រជាពលរដ្ឋ បានអញ្ជើញធ្វើ ពលកម្មសម្អាតអនាម័យ តាមដងផ្លូវសួនសាធារណៈក្នុងក្រុងកំពតផងដែរ។

សូមអរគុណសន្តិភាព !