ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ មេទ័ពជើងគោកជប៉ុន និងសន្យាប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

83
Download App CHN

(ភ្នំពេញ)៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចផ្លូវការរយៈ០៣ថ្ងៃ នៅប្រទេសកម្ពុជា។

ក្នុងជំនួបនេះ ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ច ផ្លូវការលើកទី១ របស់មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន មកកាន់ប្រទេសកម្ពុជានេះ ដែលនេះគឺជាជំហានថ្មីមួយទៀតនៅក្នុងការជំរុញ កិច្ចទំនាក់ទំនងយោធា និងយោធារវាងប្រទេសកម្ពុជា-ជប៉ុន ជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណចំពោះកងស្វ័យការពារជើងគោកជប៉ុន ដែលតែងបានជួយគាំទ្រ លើវិស័យហ្វឹកហ្វឺន បណ្តុះបណ្តាល ធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ទាំងការបណ្តុះបណ្តាលរយៈពេលវែង និងជំនាញផ្សេងៗ ក្នុងនោះក៏មាន ជំនាញវិស្វកម្ម ដែលជាផ្នែកមួយ នៃការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា នៅក្នុងការចូលរួមបេសកកម្មថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវភាពសប្បាយរីករាយ ចំពោះដំណើរបំពេញទស្សនកិច្ចលើកទី១នេះ ព្រមជាមួយនឹងការកត់សម្គាល់ចំពោះ ការអភិវឌ្ឍរីកចម្រើនខ្លាំង របស់ប្រទេសកម្ពុជា និងបានគោរពកោតសរសើរចំពោះភាពជាដៃគូ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសកម្ពុជា-ជប៉ុន ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសផ្តើមចេញពីចំណងមិត្តភាពផ្ទាល់រវាងប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលធ្វើឲ្យទំនាក់ទំនងនេះកាន់តែជិតស្និទ្ធ។

នាយឧត្តមសេនីយ៍ YUASA Goro ក៏បានបញ្ជាក់ថា កងស្វ័យការពារជើងគោកជប៉ុន នឹងបន្តខិតខំប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការនានាបានកាន់តែច្រើនឡើងបន្ថែមទៀត៕