ក្រសួងសុខាភិបាល ប្រកាសថា នឹងសហការជាមួយចិន ដើម្បីឈានទៅពន្លឿនការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវិត-១៩

133
Download App CHN

ក្រសួងសុខាភិបាល អះអាងថា នឹងសហការជាមួយចិន ដើម្បីឈានទៅពន្លឿនការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវិត-១៩ ដើម្បីទប់ស្កាត់ការរាលត្បាតការឆ្លងជំងឺនេះដល់ប្រជាពលរដ្ឋ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថា រដ្ឋាភិបាលចិនកំពុងតែសិក្សាស្រាវជ្រាវស្វែងរកវ៉ាកសាំងការពារជំងឺកូវិត-១៩ យ៉ាងយកចិត្ដទុកដាក់បំផុត ដើម្បីធានាឱ្យការប្រើប្រាស់ទៅមានគុណភាព និងមិនមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណ:រដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០នេះ លោកជំទាវបានបញ្ជាក់ថា ទោះបីចិន បានរកឃើញវ៉ាក់សាំង Covid-19 ក៏ពិតមែន តែក៏មិនទាន់អាចយកមកប្រើប្រាស់ភ្លាមៗបានដែរ ព្រោះត្រូវការពេលវេលាធ្វើតេស្ត និងត្រូវការវាយតម្លៃជាផ្លូវការពីអង្គការសុខភាពពិភពលោកជាមុនសិន។ យ៉ាងណាក៏ដោយ លោកជំទាវបានអះអាងថា ប្រសិនបើរដ្ឋាភិបាលចិនបានរកឃើញវ៉ាក់សាំងនេះពិតប្រាដក និងមានប្រសិទ្ធិភាពមែន ក្រសួងសុខាភិបាលកម្ពុជា នឹងស្នើសុំការអន្ដរាគមន៍ពីមិត្ដចិនភ្លាមៗ ដើម្បីឈានទៅពន្លឿនការផ្គត់ផ្គង់ និងប្រើប្រាស់វ៉ាក់សាំងនៅកម្ពុជាជាបន្ទាន់ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលានៃជំងឺរាលត្បាតសាហាវមួយនេះ។

លោកជំទាវ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្ដការរក្សាអនាម័យខ្លួនប្រាណ ដោយលាងដៃជាមួយសារប៊ូ ឬទឹកអាកុលឱ្យបានញឹកញ៉ាប និងចម្អិនអាហារឱ្យបានឆ្អិនល្អ ដើម្បីជៀសផុតអំពីជំងឺកូវិត-១៩ និងជំងឺដង្កាត់ផ្សេងៗផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកដែលឆ្លងវីរុសកូរ៉ូណាមានចំនួន៣៥នាក់ហើយ ហើយក្រសួងសុខាភិបាលនឹងបន្តស្រាវជ្រាវនឹងធ្វើតេសរកអ្នកដែលមានប្រវត្តិ និងជាប់ពាក់ពាព័ន្ធ ជិតស្និតជាមួយអ្នកដែលមានផ្ទុកកូវីដនេះជាបន្តបន្ទាប់ទៀត៕