ក្រសួងសុខាភិបាលបានបញ្ជាក់ថា​ រាល់ការធ្វើតេស្ដរកវីរុសកូវីដ១៩ មិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ បើទោះបីលទ្ធផលតេស្ដនោះអវិជ្ជមានក៏ដោយ

59
Download App CHN

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា រាល់ការធ្វើតេស្ដរកវីរុសកូវីដ១៩ មិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ បើទោះបីលទ្ធផលតេស្ដនោះអវិជ្ជមានក៏ដោយ។

ការចេញមកបញ្ជាក់បែបនេះ របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាព នៃវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយដោយភន្ដច្រឡំថា រាល់ការធ្វើតេស្ដរកកូវីដ១៩ទាំងឡាយណា ដែលលទ្ធផលអវិជ្ជមាន គឺតម្រូវឲ្យមានការបង់ថ្លៃ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានអះអាងថា គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនាម្សិលមិញ ក្រសួងសុខាភិបាល បានធ្វើតេស្ដលើអ្នកដែលសង្ស័យ ចំនួន១,១១២នាក់ ក្នុងនោះរកឃើញ៣៥នាក់ ដែលវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដាន និងព្យាបាលបន្ដ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា មិនមានការយកថវិកាមកដល់ពេលនេះ តួលេខដែលខ្ញុំបានធ្វើតេស្ដត្រឹមយប់មិញនេះ យើងធ្វើតេស្ដបាន១,១១២ករណីហើយ ដែលចំនួននេះបូកទាំងអ្នកវិជ្ជមានដែលយើងរកឃើញ។ ក្នុង១,១១២ករណីនេះ យើងអត់មានយកលុយកាក់អីមួយរៀល រាជរដ្ឋាភិបាលជាអ្នកចេញបន្ទុកទាំងអស់»៕