បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ទៅបុករថយន្តកំពុងឆ្លងផ្លូវខ្ទាតទៅបោកក្បាលផ្ទប់នឹងបង្គោលភ្លើង ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

953
Download App CHN

ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូធុនធំមួយគ្រឿងលឿនដូចហោះជ្រុលទៅបុករថយន្តលុចស៊ីសមួយគ្រឿងកំពុងឆ្លងផ្លូវពេញទំហឹងខ្ទាតរំលងរថយន្តបោកក្បាលផ្ទប់និងបង្គោលភ្លើងស្លាប់មួយរំពេច។

ហេតុការណ៏គ្រោះថ្នាក់នេះកើតឡើងកាលវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២១ខែមីនាឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៦៥ចំនុចគល់ស្ពាន៧មករាខាងកើតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

សពជនរងគ្រោះមានឈ្មោះអ៊ូវាសនាភេទប្រុសអាយុ៣៧ឆ្នាំអាសយដ្ឋានផ្លូវលេខ១ភូមិ១៥សង្កាត់ស្រះចកខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CQ 1334 ទើបតែចេញពីកម្មវិធីមង្គលការក្នុងល្បឿនលឿនទិសដៅពីលិចទៅកើតចុះពីលើស្ពាន៧មករាលុះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តលុចស៊ីRX300ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT 6087 បើកដោយប្ដីប្រពន្ធពីរនាក់កំពុងឆ្លងផ្លូវពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២៦៥ជិតផុតទៅហើយពេញទំហឹងបណ្ដោឲ្យរថយន្តលុចស៊ីសទៅបះរថយន្តអូឌីមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AN 1223កំពង់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦៥ក្នុងបញ្ចាស់ទិសគ្នាហើយបុរសខាងលើខ្ទាតរំលងរថយន្តទៅបោកក្បាលផ្ទប់និងបង្គោលភ្លើងស្លាប់ភ្លាមៗ។

រថយន្តលុចស៊ីសនិងម៉ូតូរងការខូចខាតយ៉ាងដំណំចំណែករថយន្តអូឌីខូចខាតតិចទួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញក្រុងចុះវាស់វែងយករថយន្តទាំងពីរគ្រឿងនិងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែកសពរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យរថយន្តសាម៉ុយដឹកយកទៅតំលក់ទុកនៅវត្តតាំងកសាងរងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕