ហេតុអ្វីទីតាំងអ៊ិនធឺណេតយីហោ១០៥ នៅខណ្ឌបឹងកេងកង បង្កប់ហ្គេមបាញ់ត្រី អាចបើកបានជាយូរឆ្នាំមិនមានការបង្ក្រាប?

82
Download App CHN

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីប្រជាពល រដ្ឋថា ទីតាំងអ៊ិនធឺណេតយីហោ ១០៥ មួយកន្លែងបង្កប់ហ្គេមបាញ់ត្រី កំពុងបើកទទួលអតិថិជនទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ ។

ជាក់ស្ដែងទីតាំងអ៊ិនធឺណេតបង្កប់ហ្គេមបាញ់ត្រីខុសច្បាប់នោះគឺស្ថិតនៅ​ តាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែង ស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ។

មហាជនទូទៅ និង ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងអ៊ិនធឺណេតយីហោ ១០៥ មួយកន្លែងបង្កប់ហ្គេមបាញ់ត្រី ខាងលើកំពុងរង ចាំមើល ចំណាត់ការរបស់លោក ធឹម សំអាត អភិបាលបឹងកេងកង និងលោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង តេីនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងអ៊ិនធឺណេតយី ហោ 105 មួយកន្លែងបង្កប់ហ្គេមបាញ់ត្រី នេះ បង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕