ព្រោះតែរឿងមើលទូរទស្សន៍ កូនប្រុសតិរច្ឆានវាយឪពុកឱ្យរបួស និងទាញកាំបិតដេញកាប់ប្អូនស្រី ផ្អើលពេញភូមិ 

127
Download App CHN

កណ្ដាល៖ ដោយសារឈ្លោះគ្នាជាមួយប្អូនស្រី រឿងមើលទូរទស្សន៍បើកសំលេងលឺៗខ្លាំងពេក ត្រូវបានឪពុកមកឃាត់ កូនប្រុសចិត្តតិរច្ឆាន បានវាយឪពុកឱ្យរងរបួស ហើយទាញកាំបិតកណ្ដៀវ មុតស្រួច ដេញកាប់ប្អូនស្រីផ្អើលអស់អ្នកភូមិចេញជួយអន្តរាគមន៍ ទើបអាចឃាត់ខ្លួនកូនអប្រិយតិរច្ឆានម្នាក់នេះបាន។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រែកឫស្សី ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្ដាល។

កម្លាំងនគរបាលបានឱ្យដឹងថា ជនរងគ្រោះត្រូវជាឪពុកបង្កើត ឈ្មោះ ស្តើង ធូ អាយុ ៥៩ឆ្នាំ មុខរបរកសិករ រងរបួសភ្នែកខាងស្តាំ។ រីឯជនសង្ស័យឈ្មោះ ធូ សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅផ្ទះជាមួយជនរងគ្រោះ។

នគរបាលបានរៀបរាប់សាច់រឿងថា បន្ទាប់ពីឪពុកបានឃើញជនសង្ស័យ ធូ សីហា និងឈ្មោះ ធូ ស្រីវីន ដែលជាប្អូនស្រីបានឈ្លោះប្រកែកគ្នា ជនរងគ្រោះក៏ដើរទៅផ្ទះ ហើយសួរថា មានរឿងអីបានឈ្លោះប្រកែកគ្នាបែបនេះ ពេលនោះឈ្មោះ ធូ ស្រីវីន បានឆ្លើយថា បងសីហា គាត់មើលទូរទស្សន៍តាំងពីព្រឹករហូតទល់ល្ងាច ហើយបើកសម្លេងឮៗទៀត ហើយខ្ញុំប្រាប់ឱ្យគាត់បិទ គាត់ខឹងបានបោចឌុយទូរទស្សន៍ខ្ទិចខ្ទីអស់រលីង។ ពេលស្តាប់កូនស្រីនិយាយរួច ជនរងគ្រោះបានស្តីបន្ទោស ទៅជនសង្ស័យ នៅពេលនោះជនសង្ស័យមិននិយាយតបទៅឪពុកវិញទេ បានដើរចេញទៅក្រៅវិញបាត់ទៅ។

ប្រភពដដែលបានបន្តថា លុះពេលកើតហេតុ នៅវេលាម៉ោង១៥៖៣០នាទី ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ក៏ដើរមកវាយជនរងគ្រោះជាឪពុកមួយដៃចំភ្នែកខាងស្តាំ បណ្តាលឱ្យរងរបួសជាំភ្នែក ភ្លាមៗនោះជនសង្ស័យក៍បានទាញកាំបិត កណ្ដៀវដេញកាប់ប្អូនស្រីឈ្មោះធូ ស្រីវិន ម្នាក់ទៀត ប៉ុន្តែបានអ្នកជិតខាងជួយឃាត់ទើបផ្អាក សកម្មភាពបានទាន់ពេល ។

បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍កំពង់កុង បាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការការតាមនីតិវិធី៕