ទីបំផុតសហរដ្ឋអាមេរិក ក្លាយជាប្រទេសអ្នកឆ្លង COVID-19 ច្រើនជាងគេក្នុងពិភពលោក!

425
Download App CHN

បរទេស៖ សហរដ្ឋអាមេរិក ក្លាយជាប្រទេសអ្នកឆ្លង COVID-19 សុរបកើនដល់ជាង ៨៣,៥០០ករណីហើយពេលនេះ ដោយវាជាចំនួនលើសប្រទេសចិន ដែលមានករណីឆ្លងសរុប ៨១,៧៨២ករណី និងអ៉ីតាលី ៨០,៥៨៩ករណីនោះទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

ទោះបីជាបែបនេះក្តី អត្រាស្លាប់អាមេរិកស្ថិតនៅក្នុងកម្រិតទាបជាងចិន និងអ៉ីតាលីនៅឡើយ ដោយពេលនេះចំនួនអ្នកជំងឺបាត់បង់ជីវិត ដោយសារ COVID-19 សរុបទូទាំងសហរដ្ឋអាមេរិកមានត្រឹមតែជាង ១,២០០នាក់ប៉ុណ្ណោះ ខណៈនៅអ៉ីតាលីវិញមានរហូតដល់ ៨,២១៥នាក់ និងចិន ៣,២៩១នាក់។ សហរដ្ឋអាមេរិក បានចាត់ទុកអត្រាស្លាប់ទាប ធៀបនឹងអត្រាឆ្លងនេះ គឺជាជោគជ័យមួយ ប៉ុន្តែករណីឆ្លងច្រើនបែបនេះ ត្រូវបានក្រុមជំនាញអាមេរិករិះគន់ថា បណ្តាលមកពីការយឺតយ៉ាវក្នុងធ្វើតេស្ត ជាពិសេសការខ្វះខាតឧបករណ៍វេជ្ជសាស្ត្រ តាំងតែពីជំងឺ COVID-19 ចាប់ផ្តើមរីករាលដាលដំបូងៗ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគិតត្រឹមថ្ងៃព្រហស្បតិ៍នេះសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើតេស្តមនុស្សសរុបជាង ៥៥២,០០០នាក់ហើយ នៅក្នុងរដ្ឋទាំង ៥០ ហើយករណីសង្ស័យនៃ COVID-19 ជាច្រើនទៀតកំពុងតែស្ថិតនៅក្នុងការធ្វើតេស្តនៅឡើយ។ កាលពីថ្ងៃព្រហស្បតិ៍នោះដែរ ព្រឹទ្ធសភាអាមេរិកបាន អនុម័តកញ្ចប់ថវិកា ដ៏ច្រើនមហិមាជាប្រវត្តិសាស្ត្រចំនួន ២ទ្រីលានដុល្លារ ដើម្បីដោះស្រាយបញ្ហា គ្រប់បែបយ៉ាងក្នុងប្រទេស ដែលរងផលប៉ះពាល់ដោយសារ COVID-19៕