ទស្សនៈកូនខ្មែរ៖ សូមបកស្បែកមុខពួកអ្នកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា!

62

លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលកម្ពុជាមានសព្វថ្ងៃគឺជាលទ្ធផលដែលកើតចេញមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាក របស់តួអង្គសំខាន់ពីរ​ គឺអតីតព្រះមហាក្សត្រ ព្រះបរមរតនៈកោដ្ឋ និង លោកនាយករដ្ធមន្ត្រីហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា។

មុននឹងឈានដល់ដំណាក់កាលចរចាស្វែងរកសន្តិភាព និងការនាំយកលទ្ធិប្រជាធិបតេយ្យមកកម្ពុជា កាលពីឆ្នាំ ១៩៩៣ កម្ពុជា បានឆ្លងកាត់ដំណាក់កាល មហាសោកនាដកម្មសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលខ្មែរស្លាប់ស្ទើរផុតពូជពីលើផែនដី។ តើអ្នកណាយកជីវិតទៅធ្វើដើមទុន ដើម្បីនាំកម្ពុជាចាកចេញពីភ្នំឆ្អឹង ស្ទឹងឈាម និងមហាសមុទ្រ ទឹកភ្នែកនេះ?

ក្រោយពីនាំប្រទេសជាតិ និងប្រជាជនចាកចេញពីជ្រោះមរណៈនេះហើយ បេសកកម្មដ៏ធំមួយទៀតរបស់ថ្នាក់ដឹកនាំកម្ពុជាកាលនោះ ដែល មានលោកហ៊ុន សែន ជាតួអង្គដ៍សំខាន់បំផុតម្នាក់ បានកសាងប្រទេសឡើងក្នុងស្ថានភាព យ៉ាងលំបាកលំបិនដោយប្រើដៃព្រះនរាយណ៍ ពោលគឺ ដៃម្ខាងស្តារប្រទេសចេញពីភាពខ្ទេចខ្ទាំ ដៃម្ខាងទៀត ច្បាំងទប់ទល់ដើម្បីការពារការវិលត្រឡប់វិញរបស់ពួកខ្មែរក្រហម។ រីឯដៃផ្សេងទៀតត្រូវប្រើប្រាស់ដើម្បីស្វែងរកសន្តិភាព នាំយក លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ មកឲ្យកម្ពុជាវិញ។

ចាប់តាំងពីឆ្នាំ ១៩៩៨ មក កម្ពុជា បានស្គាល់សន្តិភាពពេញលេញក្រោមនយោបាយឈ្នះៗរបស់លោក ហ៊ុន សែន។ ហើយក៏ ចាប់ពីឆ្នាំ ១៩៩៨ នេះមកដែរដែលកម្ពុជាផ្តើមរក្សា ពូនជ្រុំ សន្តិភាព និងពន្លកប្រជាធិបតេយ្យសេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញមិនឲ្យបាត់បង់ឡើយ។

គណបក្សប្រជាជន ដែលដឹកនាំដោយលោក ហ៊ុន សែនតែងតែបង្ហាញជំហរយ៉ាងមុតមាំក្នុងការការពាររដ្ឋធម្មនុញ្ញ ការពារប្រជាធិបតេយ្យ សេរី ពហុបក្ស និងការពាររបបរាជានិយមយ៉ាងម៉ឺងម៉ាត់បំផុត។

ប៉ុន្តែ មានពួកមនុស្សមួយក្រុមតែងប៉ុនប៉ងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញរបបរាជា និយម ជារៀងរហូតមក។ ពួកអ្នកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ទាំងនោះមានពីរជំពូក៖

ជំពូកទី១៖ គឺពពួកជនបរទេសដែលកំពុងប្រើដៃខ្មែរមួយចំនួនដែលងប់ងល់នឹងនយោបាយប្រឆាំងជាតិឯងឲ្យបំផ្លាញ បំបែកបំបាក់ បង្កបញ្ហាអសណ្តាប់ធ្នាប់ អសន្តិសុខ និងបញ្ឆេះសង្គ្រាមនៅលើទឹកដីដ៏កំសត់នេះឡើងវិញ។

ជំពូកទី២៖ គឺពពួកខ្មែរលក់ខ្លួនមួយក្តាប់តូចដែលមានឈាមជ័រជាខ្មែរ និងទោះជាមានបងប្អូន ក្រុមគ្រួសារកំពុងរស់នៅលើទឹកដីខ្មែរ តែបែរទៅជាបម្រើឲ្យមនោគមន៍វិជ្ជានយោបាយបរទេស ហើយសុខចិត្តធ្វើតាមខ្សែញាក់របស់បរទេសដោយបង្កបញ្ហាគ្រប់បែបយ៉ាងដល់ប្រទេសកំណើតរបស់ខ្លួន។

ពពួកមនុស្សទាំងពីជំពូកនេះ​ បាននិងកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស បំផ្លាញរបបរាជានិយមជារៀងរហូតមក។ ពួកគេបំផ្លាញរបបរាជានិយមតាមរយៈការជេរប្រមាថព្រះមហាក្សត្រ និងការរារាំងច្បាប់ដើម្បីការពារព្រះមហាក្សត្រ។ ចំណែកការបំផ្លាញប្រជាធិបតេយ្យវិញធ្វើឡើងតាមរយៈការប៉ុនប៉ងម្តងហើយម្តងទៀតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើកម្លាំងបដិវត្តន៍ពណ៌ដែល មិនមែនជាការបោះឆ្នោត។

បច្ចុប្បន្ន ពួកគេកំពុងព្យាយាមបំផ្លាញការបោះឆ្នោតជាថ្មីម្តងទៀត បន្ទាប់ពីការប៉ុនប៉ងបំផ្លាញជាច្រើនលើកទទួលបរាជ័យ។ ការបំផ្លាញម្តងនេះធ្វើឡើងតាមរយៈការរារាំងពលរដ្ឋកុំឲ្យទៅបោះឆ្នោតដែលជាអំពើខុសច្បាប់ និងការព្យាយាមធ្វើឲ្យស្រអាប់រូបភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដូចជាសកម្មភាពជាច្រើនទៀត ដើម្បីបង្ខូចបង្កាច់បរិយាកាស
មុនពេលបោះឆ្នោត។

ក្រៅពីនោះ ក្រុមពួកអ្នកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ទាំងចៅហ្វាយនាយបរទេស និងទាំងកូនជឹង កំពុងដេកគិតរកនឹកបញ្ចេញសំឡេងក្តុងក្តាំងប្រឆាំងនឹងដំណើរការបោះឆ្នោតនៅកម្ពុជា។ ពួកចៅហ្វាយនាយបរទេស និងកូនជឹងជាខ្មែរ លក់ខ្លួនបម្រើបរទេសទាំង នោះព្យាយាមធ្វើយ៉ាងណាឲ្យមានសំឡេងព្រមៗគ្នាចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។

ពួកគេកំពុងឃុបឃិតគ្នាចេញ របាយការណ៍នេះ របាយការណ៍នោះ ដើម្បីបង្ខូចបង្កាច់មេដឹកនាំ និងមន្ត្រីខ្មែរដែលជាអ្នកខិតខំរំដោះប្រទេស និងនាំសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការ
អភិវឌ្ឍមកកម្ពុជា។ ពពួកមនុស្សទាំងនោះគឺជាសត្រូវនឹងសន្តិភាព សត្រូវនឹងប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ តែពួកគេជាឈ្នួញ សង្គ្រាមដែលសប្បាយនឹងឃើញខ្មែរបែកបាក់ កាប់ចាក់ ច្បាំងគ្នា ដើម្បីពួកគេលក់អាវុធឲ្យខ្មែរ។ គ្រាប់បែកជិត ៣លានតោន ដែលទម្លាក់លើក្បាលខ្មែរកាលពី ទសវត្សរ៍ ៧០ គឺជាឧទាហរណ៍ដែលខ្មែរមិនអាចបំភ្លេចបានឡើយ។

យ៉ាងណាក៏ដោយចុះ ក្រុមអ្នកបំផ្លាញប្រជាធិបតេយ្យទាំងនោះគ្រាន់តែជាចៃដែលរំខានគេមិនឲ្យដេកលក់ស្រួល ឬជាសត្វមូស សត្វរុយ ដែលរំខានគេកុំឲ្យដេក ដើរ ឈរអង្គុយបានស្រួលតែប៉ុណ្ណោះ។

ប៉ុន្តែ ពួកគេមិនអាចរារាំងដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានឡើយ។ ដំណើរការបោះឆ្នោតថ្ងៃ ២៩ កក្កដា ដែលមាន ២០ គណបក្សចូលរួម គឺជាការឆ្លុះបញ្ចាំងថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងលូតលាស់ទៅមុខយ៉ាងល្អ ខុសពីគោលបំណងរបស់ក្រុមអ្នកបំផ្លាញទាំងនោះទាំងស្រុង។

ពីអំណឹះតទៅ ពលរដ្ឋខ្មែរបានស្គាល់មុខហើយពួកអ្នកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ហើយខ្មែរពេញមួយនគរនឹងចេញទៅបោះឆ្នោតដើម្បីប្រឆាំងជាមួយពួកអ្នកបំផ្លាញប្រជាធិបតេយ្យទាំងនោះ៕

ដោយ៖ សាស្ត្រាចារ្យវិជ្ជាសាស្ត្រសង្គមខេត្តកំពង់ចាម

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close