លិខិតប្រជាជន៖ ប្រទេសកម្ពុជា ត្រូវតែមានរាជរដ្ឋាភិបាលដ៏រឹងមាំដឹកនាំបន្តទៀត ដើម្បីប្រជាជនកម្ពុជាជៀសផុតពីវាសនាអភ័ព្វមិនឈប់ឈរ!

52
CMA_LongBanner

ភ្នំពេញ៖ រយៈពេលជិត៤០ឆ្នាំមកនេះ ប្រទេសកម្ពុជា ពិតជាបានទទួលពរជ័យជាផ្លែផ្កា ក្រោមការដឹកនាំរបស់ «រាជរដ្ឋាភិបាលកម្ពុជា» ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនិងមាន «គណបក្សប្រជាជនកម្ពុជា» ជាស្នូល។

គណបក្សប្រជាជនកម្ពុជា ទទួលបានអំណាចដឹកនាំពីប្រជាជនកម្ពុជាដោយស្របច្បាប់ តាមរយៈការបោះឆ្នោតដោយប្រជាធិបតេយ្យ និងបានឈ្នះឆ្នោតជាតិ៥អាណត្តិជាប់ៗគ្នាដោយកិត្តិយស។ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានការគាំទ្រដ៏ច្រើនលើសលប់ពីប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាបន្តទៀត។

តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុកជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកសព្វបែបយ៉ាងទាំងតូចទាំងធំ ដើម្បីកសាងសង្គមមួយមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលយើងបានឃើញនឹងភ្នែកដ៏គួរឲ្យមោទននៅពេលបច្ចុប្បន្ន។ លើសពីការអភិវឌ្ឍ គឺប្រជាជនកម្ពុជា មានឱកាសរស់នៅដោយរីករាយ មានសិទ្ធិចូលរួមសម្រេចជោគវាសនាខ្លួនឯង មានឱកាសចូលរួមគិតពីជោគវាសនាប្រទេសជាតិ និងបានចេញទៅឃើញពិភពលោកកាន់តែទូលំទូលាយជាងពេលណាៗ។ នេះគឺតម្លៃដ៏ឧដុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងមូល!។

ព្រះរាជាណាចក្រកម្ពុជា ពីប្រទេសមួយដែលឆ្លងកាត់ដំណាក់កាល ងើបចេញពីសង្គ្រាម គំនរផេះផង់ ការឈឺចាប់ខាងផ្លូវចិត្ត ការព្រាត់ប្រាស់បាត់បង់កូនចៅប្តីប្រពន្ធសាច់ញាតិ ការហ៊ុមព័ទ្ធដោយសេដ្ឋកិច្ចពីបរទេស ឥទ្ធិពលភូមិសាស្ត្រនយោបាយ ភាពកង្វះធនធានមនុស្សជំនាញ កង្វះហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប៉ុន្តែឥឡូវនេះ អ្វីដែលពិភពលោកមាន គឺក៏មាននៅកម្ពុជាដែរ។ នេះក៏ដោយសារតែការដឹកនាំប្រកបដោយចក្ខុវិស័យ ការពុះពារ ភាពទន់ភ្លន់ និងភាពរស់រវើករបស់រាជរដ្ឋាភិបាលដែលមាន គណបក្សប្រជាជនកម្ពុជា ជាស្នូល។

ប្រសិនបើ គណបក្សប្រជាជនកម្ពុជា តឹងត្អឹង ចង្អៀតចង្អល់ នោះកម្ពុជាក៏នឹងគ្មានរបបរាជានិយមរស់ឡើងវិញ គ្មានការរីកចម្រើនខាងធនធានមនុស្ស គ្មានបច្ចេកវិទ្យាព័ត៌មានវិទ្យា គ្មានដំណើរការប្រជាធិបសេរីពហុបក្ស គ្មានទីផ្សារសេរី គ្មានទំនាក់ទំនងអន្តរជាតិនោះទេ ហើយក៏គ្មានការបោះឆ្នោតចំនួន១៥ដងនៅកម្ពុជារួចមកហើយនោះទេ។ បើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់ កម្ពុជា មានស្ថានភាពល្អជាង ទាំងបរិយាកាសនយោបាយ ដំណើរការប្រជាធិបតេយ្យ សេដ្ឋកិច្ច និងមានការបោះឆ្នោតជាទៀងទាត់។ សមិទ្ធផលទាំងនេះ ក៏ដោយសារភាពរឹងមាំរបស់កម្ពុជា ដែលមានរាជរដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវ និងមានការចូលរួមជាវិជ្ជមានរបស់ប្រជាជនកម្ពុជា។

ពិតណាស់នៅមានបញ្ហាប្រឈមនានាមួយចំនួនទៀតដែលយើងត្រូវរួមគ្នាជម្នះដោះស្រាយជាបន្តបន្ទាប់ជាជំហ៊ានៗប្រកបដោយភាពជាក់ស្តែង។ យើងមិនអាចយកចំណុចខ្វះខាតមួយ បំប៉ោងជាបញ្ហាធំ ហើយបំផ្លាញប្រទេសជាតិយើងទាំងមូល ដូចដែលពួក លន់ នល់ ប៉ុល ពត បានធ្វើខុស និងឥឡូវនេះកំពុងអនុវត្តដោយនយោបាយទុច្ចរិតរបស់ កឹម សុខា និង សម រង្ស៊ី នោះទេ។ ការញុះញុងបំបែកបំបាក់ និងការបង្កើតសង្គ្រាមគឺអាចធ្វើឡើងតែមួយប៉ព្រិចភ្នែក ប៉ុន្តែការរំលត់ភ្លើងសង្គ្រាម និងការកសាងប្រទេសគឺត្រូវការពេលវេលាយ៉ាងតិច២០ឆ្នាំ ឬច្រើនណាស់ជាងនេះ ដើម្បីយើងអាចឈរនឹងផង និងអាចឈានដល់កម្រិតប្រកួតប្រជែងក្នុងតំបន់និងអន្តរជាតិផង។

ជ័យជម្នះបច្ចុប្បន្ននិងតទៅអនាគតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជ័យជម្នះរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងបន្តធ្វើឲ្យប្រទេសកម្ពុជាដើរទៅមុខយ៉ាងស្វាហាប់ទាំងក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ។ ក៏ប៉ុន្តែពិតណាស់ ជ័យជម្នះរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាការឈឺចាប់និងជាការបរាជ័យរបស់ ពួកប្រឆាំងខុសច្បាប់ និងពួកបរទេសដែលមាននិន្នាការប្រឆាំងកម្ពជា ។ ក៏ប៉ុន្តែ បើគ្មានរាជរដ្ឋាភិបាលរឹងមាំ កម្ពុជា គឺពិតជាក្លាយទីលាននៃការសាបព្រួសមនោគមន៍វិជ្ជាទុច្ចរិត អាណាធិបតេយ្យ វឹកវរ កាប់ចាក់គ្មានស្រាកស្រាន្ត ហើយក៏គ្មានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនបែបនេះទេ។

នេះគឺជាការពិតការចិញ្ចឹមចិត្តរបស់ពួកប្រឆាំងខុសច្បាប់ និងពួកបរទេសដែលមាននិន្នាការប្រឆាំងកម្ពុជា គឺបន្តធ្វើសកម្មភាពទាំងចំហរ និងទាំងសម្ងាត់ ហើយពេលខ្លះធ្វើសកម្មភាពដោយឡែកៗពីគ្នា ប៉ុន្តែបម្រើឲ្យគោលបំណងដើម្បីបំផ្លាញសមិទ្ធផលជាស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលនោះគឺជាសមិទ្ធផលជាតិរបស់យើងទាំងអស់គ្នា។ បើគេស្រឡាញ់កម្ពុជា ដោយស្មោះត្រង់ គេមិនយកប្រទេសដ៏ល្អផូរផង់មួយនេះ ធ្វើការបំភ្លែ ប្រមាថ យ៉ាងអាក្រក់បែបនេះទេ។ បើគេស្មោះត្រង់ជាមួយប្រជាជនកម្ពុជា នោះគេនឹងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីពិគ្រោះ ពិភាក្សា រកដំណោះស្រាយជាជំហានៗធ្វើឲ្យកាន់ល្អប្រសើរឡើង។ តើអ្នកណាខ្លះគឺជាពួកប្រឆាំងខុសច្បាប់ និងជាពួកបរទេសដែលមាននិន្នាការប្រឆាំងកម្ពុជា?

ទី១- «ក្រុមខ្មែរបំផ្លាញខ្មែរ»៖ ពួកនេះមាននៅក្នុងអតីតបក្សសង្គ្រោះជាតិ ពោលគឺក្រុមទណ្ឌិត សម រង្ស៊ី នេះឯង។ ក្នុងជីវិតនយោបាយ សម រង្ស៊ី គឺមិនខ្វល់អ្វីទាំងអស់ ក្រៅតែពីតស៊ូដោយគំនុំនិងកំហឹង ដើម្បីឈ្នះនយោបាយ។ បើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាទន់ជ្រាយ មិនអាចតាមទាន់ពីកលល្បិចទុច្ចរិតរបស់ សម រង្ស៊ី និងគូកន នោះសង្គ្រាមផ្ទុះឡើងនៅកម្ពុជាតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ នេះគឺជាការពិត!។ តទៅមុខទៀត កម្ពុជា មិនត្រូវសន្តិភាពនិយមជាមួយឧទ្ទាម សម រង្ស៊ី នោះឡើយ។

ទី២- «ក្រុមខ្មែរបម្រើបរទេសបំផ្លាញខ្មែរ»៖ ពួកនេះទទួលផលពីការរីកចម្រើនរបស់កម្ពុជា ក៏ប៉ុន្តែ ពួកគេបម្រើឧបាយកលបរទេសបំផ្លាញកម្ពុជា។ យើងគួរប្រើពាក្យថា «ខ្មែរជួយខ្មែរ» ប៉ុន្តែ សារជាតិជាក់ស្តែង គេបម្រើបរទេសឲ្យបំផ្លាញខ្មែរ។ ពួកបម្រើបរទេសបំផ្លាញខ្មែរ មានចំនួនមិនច្រើនទេ។ ពួកគេលាក់ខ្លួនក្នុងអង្គការសង្គមស៊ីវិលដែលទទួលលុយពីបរទេស កាសែតបរទេស និងនៅក្នុងវិទ្យុបរទេសដូចជា វិទ្យុអាស៊ីសេរីជាដើម។ ពួកនេះមានទស្សនៈយកមេឃទ្រាប់គូថអង្គុយ ប៉ុន្តែលើការជាក់ស្តែង គេដឹកនាំតែស្ថាប័នអង្គការតូចមួយរបស់គេមិនបានផង។ នេះមិនមែនជាការលាភពណ៌ទេ ប៉ុន្តែជាការលាតត្រដាង ដើម្បីកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច។ ប្រសិនបើគ្មានរាជរដ្ឋាភិបាលរឹងមាំ ច្បាប់រឹងមាំ គឺពួកនេះនឹងជួយនាំមនោគមន៍វិជ្ជាពិសពុលពីបរទេស មកសម្លាប់កម្ពុជាដូចនៅមជ្ឈិមបូព៌ាដែរ។

ទី៣- «ក្រុមបរទេសបំផ្លាញខ្មែរ»៖ ពួកបរទេសដែលមាននិន្នាការប្រឆាំងកម្ពុជា គឺមានមិនច្រើនទេ ហើយជាមុខសញ្ញាដដែលៗ ក្នុងនោះរួមមាន ប្រែត អាដាម (Brad Adams) នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Wrong Watch) sic! អង្គការ Global Withness, និង Rhona Smith ដែលលាក់ខ្លួននៅក្នុង UN ជាដើម។ ឧបាកលរបស់គេគ្មានអ្វីក្រៅពីតាក់តែងរបាយការណ៍ចាស់ៗ បំប៉ោងរបាយការថ្មី បង្កប់ភាពទុច្ចរិត ហើយប្រើប្រាស់ជាឧបករណ៍ប្រមាថ កម្ពុជា ទាំងនៅខាងក្នុងនិងនៅលើឆាកអន្តរជាតិ។ ការពិត មានបរទេសជាច្រើនដែលមានសមានចិត្តល្អជាមួយរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជា។ បើពួកអាក្រក់មានច្រើនជាងមនុស្សល្អ គឺកម្ពុជា នឹងវឹកវរ ហើយចាញ់ឧបាយកលពួកនេះជាយូរមកហើយ។

ឥឡូវនេះ ពួកប្រឆាំងកម្ពុជាទាំង៣ក្រុមនេះ កំពុងបន្តធ្វើសកម្មភាពជាប្រព័ន្ធ បម្រើឲ្យគោលដៅធ្វើយ៉ាងណាបំផ្លាញការបោះឆ្នោតនៅកម្ពុជា តាមរយៈការរារាំងប្រជាជនមិនឲ្យទៅបោះឆ្នោត។ គុណសម្បត្តិរបស់រាជរដ្ឋាភិបាលដែលជាស្ថាបនិក «សន្តិភាព និងការអភិវឌ្ឍ » ត្រូវពួកគេបំភ្លៃជាន់ឈ្លីប្រមាថតាមតែអំពើចិត្តឥតឈប់ឈរ។ ស្នាមញញឹម ក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជាចំពោះអនាគតដ៏ប្រសើរ ត្រូវគេបំភិតបំភ័យញុះញុងឲ្យស្អប់ការដឹកនាំ ប្រៀបដូចគេញុះញុង កូនឲ្យស្អប់ឪពុកម្តាយខ្លួនឯងយ៉ាងដូច្នេះដែរ។ ពួកគេហ៊ានវាយឆ្នាំងបាយកម្មករ ដោយមិនខ្វល់ពីប្រជាជននោះទេ គឺធ្វើយ៉ាងណាឲ្យតែឈ្នះមហិច្ឆតានយោបាយរបស់គេ។
យើងពិតជាមានការឈឺចាប់ ដែលគេប្រមាថកិត្តិយសជាតិយើង ក៏ប៉ុន្តែយើងត្រូវអត់ធ្មត់ ស្រក់ទឹកភ្នែកខ្លះ ឈឺចាប់ខ្លះ សើចខ្លះ តែកុំធ្វេសប្រហែសឲ្យប្រទេសជាតិយើងរអិលទៅក្នុងភ្នក់ភ្លើងសង្គ្រាមឲ្យសោះ។ នៅពេលប្រទេសកម្ពុជាយើង មានកម្លាំងខាងសេដ្ឋកិច្ច គឺយើងអាចកំណត់បន្ទាត់នយោបាយកាន់តែប្រសើរឡើង ទាំងនៅក្នុងស្រុក និងចំពោះអន្តរជាតិ។ នៅពេលជាតិយើងខ្លាំង ការពឹងអាស្រ័យនឹងថយចុះ ភាពឯករាជ្យកាន់កើនឡើង នោះពួកប្រឆាំងកម្ពុជា គឺអន់ជាងសត្វស្វាទៅទៀត។

ប្រទេសជាតិមួយ ប្រសិនបើគ្មានការដឹកនាំរឹងមាំ និងរាជរដ្ឋាភិបាលដ៏រឹងមាំ នោះកម្ពុជាពិតជាធ្លាក់ទៅក្នុងឧបាយកលទុច្ចរិត និងមានវាសនាអភ័ព្វមិនឈប់ឈរនោះទេ។ ទោះក្នុងតម្លៃណាក៏ដោយ យើងជាប្រជាជនកម្ពុជាម្ចាស់ប្រទេស សូមរួមគ្នាសំឡឹងមើលគោលដៅវែងឆ្ងាយ និងរួមគ្នាការពារបុព្វហេតុវែងឆ្ងាយរបស់យើងទាំងអស់គ្នាឲ្យបានរឹងមាំ នោះគឺ «រួមការគ្នាការពារសន្តិភាព និងការអភិវឌ្ឍ សេដ្ឋកិច្ច កម្ពុជាឲ្យបន្តមានកំណើនខ្ពស់រហូតដល់ឆ្នាំ២០៣០» និងតទៅមុខទៀត។ ក្នុងន័យនេះនិងអំណឹះតទៅមុខ គណបក្សប្រជាជនកម្ពុជា នៅតែជាស្នូលនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ៖ ជាតិ សាសនា ព្រះមហាក្សត្រ តទៅមុខយូរអង្វែងទៀតប្រកបដោយកិត្តិយស។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សូមអញ្ជើញទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដើម្បីការពារតម្លៃយើងទាំងអស់គ្នា និងដើម្បីភាពសម្បូរសប្បាយនៃមាតុភូមិកម្ពុជារបស់យើង៕

ដោយ៖ សេនាជាតិ

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close