៥ឆ្នាំនេះ កម្ពុជាទទួលទុនវិនិយោគថ្មីជាង២៣ពាន់លានដុល្លារ ពីក្រុមហ៊ុនចម្រុះ

67

ភ្នំពេញ ៖ ក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៧កន្លងទៅ ប្រទេសកម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន៩៧០គម្រោង ទៅអោយទាំង ក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលចំនួនទុនវិនិយោគសរុបនៃគម្រោងទាំងអស់នេះ មានប្រមាណជាង២៣ពាន់លានដុល្លារអាមេរិក និង ផ្តល់ការងារ បានជិត១០ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៩៧០គម្រោង ដែលស្ថិតនៅក្រោមទុនវិនិយោគសរុបប្រមាណ២៣ពាន់៤៨០លានដុល្លារអាមេរិករបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេស រយៈពេល៥ឆ្នាំកន្លងមក គឺ មាន៨១១គម្រោង ផ្តោតលើវិស័យឧស្សាហកម្ម និងកម្មន្តសាល ដោយមានទុនវិនិយោគស្មើនឹង៣១% (ជាង៧,៣១៦,៧០លានដុល្លារ) នៃទុនវិនិយោគសរុប។

វិស័យកសិកម្មនិងកសិឧស្សាហកម្មមាន៧៨គម្រោង មានទុនវិនិយោគស្មើ១២% (ជាង២៧៥០,៤៧លានដុល្លារ) នៃទុនវិនិយោគសរុប។ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមាន៤៤គម្រោង មានទុនវិនិយោគ ស្មើនឹង៣៥ភាគរយ (៨,១៤៧.៩៥លានដុល្លារ) នៃទុនវិនិយោគសរុប។ និងវិស័យទេសចរណ៍មាន៣៧គម្រោង មនាទុនវិនិយោគ ស្មើនឹង២២ភាគរយ (៥,២៦៤,៨៦លានដុល្លារ) នៃទុនវិនិយោគសរុប។

របាយការណ៍ CDC ក៏បានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណ ឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២២ទីតាំង ដែលធ្វើឱ្យចំនួនតំបន់សេដ្ឋកិច្ចពិសេសសរុបបានកើនដល់៤៧ ហើយតំបន់សេដ្ឋកិច្ចពិសេសដែលបានដំណើរការមាន១៨ ដែលក្នុងនោះមានរោងចក្រ៣៣០ កំពុងមានសកម្មភាពផលិតដោយប្រើប្រាស់កម្លាំងពលកម្មជាង ៩ម៉ឺន៦ពាន់នាក់៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close