អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បុគ្គលណា ក្រុមណា ឬជាតិសាសន៍ណា ដែលតាំងខ្លួនប្រឆាំងនឹងការបោះឆ្នោត ឬលទ្ធផលបោះឆ្នោត គឺពិតប្រាកដប្រឆាំងនឹងកម្ពុជាទាំងមូល

58
CMA_LongBanner

ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ៍៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តមបានលើកឡើងថា បុគ្គលណា ក្រុមណា ឬជាតិសាសន៍ណាមួយ ដែលបានតាំងខ្លួនជាអ្នកប្រឆាំងនឹងការបោះឆ្នោត ឬលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅប្រទេសកម្ពុជាពេលនេះ គឺជាអ្នកប្រឆាំងនឹងប្រជាពលរដ្ឋ និងកម្ពុជាទាំងមូល។

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមាន ប្រទេស និងក្រុមជនបរទេសមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ រិះគន់ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាមានប្រជាពលរដ្ឋជាច្រើនរហូតដល់ជាង៨២ភាគរយ បានចូលរួមបោះឆ្នោតក៏ដោយ។ ឯកឧត្តមចាត់ទុកថា ការវាយប្រហារបែបនេះ ជាការជ្រៀតជ្រែកសម្រេចជោគវាសនាជំនួសប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តម បានអះអាងថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមានចំនួនជាង៨២ភាគរយ នៅក្នុងអាណត្តិនេះ គឺជាសារនៃការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវជោគវាសនារបស់ខ្លួនដោយខ្លួនឯង គឺមិនញញឺត និងកោតខ្លាចចំពោះការដាក់សម្ពាធ ឬឧបសគ្គទាំងឡាយណាដែលបង្កតាមរយៈវិទ្ធង្សនាបំផ្លាញសិទ្ធិម្ចាស់ស្រុក ឬម្ចាស់អំណាចតាមការបោះឆ្នោតសកលនេះ ។

ឯកឧត្តមបានបន្តថា រីឯលទ្ធផល នៃការបោះឆ្នោតគឺជាការគាំទ្រ និងជឿជាក់ចំពោះការដឹកនាំប្រកបដោយប្រសិទ្ធភាព និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ជារួម ដោយឡែកគឺការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការបោះឆ្នោតសកលលើកនេះគឺជាការបោះឆ្នោតបង្ហាញនូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាកិច្ចការពារដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ដែលឈរនៅលើ នីតិរដ្ឋឬច្បាប់ដែនដីកម្ពុជា និងឆន្ទៈរបស់មហាជន។

ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បុគ្គលណា ក្រុមណា ឬប្រជាជាតិណារួមទាំងអង្គការអន្ដរជាតិនានា តាំងខ្លួនប្រឆាំងនឹងការបោះឆ្នោតឬលទ្ធផល នៃការបោះឆ្នោត គឺពិតប្រាកដប្រឆាំងនឹងកម្ពុជាទាំងមូល។ សម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលនឹងប្រសូត្រចេញនៅរយៈពេលដ៏ខ្លីខាងមុខនេះ គឺតំណាងកម្ពុជាពិតប្រាកដ និងតាមផ្លូវច្បាប់ ដែលតម្រូវឱ្យបរទេសទាំងនៅក្នុងសកលលោកទោះជានៅក្នុងរូបភាពណាមួយនោះក៏ដោយត្រូវតែធ្វើការជាមួយក្នុងបរិបថ ទំនាក់ទំនង សហប្រតិបត្តិការ និងភាពជាដៃគូសុទ្ធសាធ»

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close