អ្នកវិភាគដ៏ល្បាញល្បី៖ មរណភាពរបស់ ចន ម៉ាក់ខេន ស្មើការស្លាប់នៃនិមិត្តរូបបដិវត្តន៍ពណ៌

55

ភ្នំពេញ៖ ពិភពលោកទាំងមូល ជាពិសេសបណ្តាប្រទេសមួយចំនួននៃអតីតសហភាពសូវៀត និងបណ្តាប្រទេស នៅមជ្ឈិមបូព៌ា ពិតជាភ្ញាក់ផ្អើលចំពោះដំណឹងមរណភាពរបស់លោក ចន ម៉ាកខេន ព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋ កាលពីរំលងអធ្រាតថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៨ ម៉ោងនៅប្រទេសកម្ពុជា (ពេលរសៀលថ្ងៃសៅរ៍ ម៉ោងនៅសហរដ្ឋអាមេរិក)។ ភ្ញាក់ផ្អើលដោយសារតែ ចន ម៉ាក់ខេន ជានិមិត្តរូបនៃការផ្លាស់ប្តូររបបគ្រប់គ្រង នៅតាមបណ្តាប្រទេសមួយចំនួនដែលមិនគាំទ្រ និងមិនបានដើរតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈបដិវត្តន៍ពណ៌ និងការផ្លាស់ប្តូររបបក្រោមឈ្មោះបដិវត្តន៍ផ្ការីកអារ៉ាប់ (Arab Spring) នៅមជ្ឈិមបូព៌ា។

តាមរយៈសកម្មភាពរបស់ខ្លួន ជាប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ដែលទទួលបានការអនុម័តថវិកាពីព្រឹទ្ធសភា នៅក្នុងគម្រោងអាស្រ័យលើការស្នើរបស់ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ចន ម៉ាក់ខេន បានប្រឡូកយ៉ាងសកម្ម ក្នុងដំណើរការបដិវត្តន៍ពណ៌ទាំងអស់ដែលបានកើតមានក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ក្រោមលេសលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

ចន ម៉ាក់ខេន បានផ្តល់ការគាំទ្រទៅលើកម្លាំងភេវរកម្មប្រឆាំងនឹងរដ្ឋាភិបាល ក៏ដូចជាផ្តល់ការគាំទ្រទាំងនយោបាយ និងហិរញ្ញវត្ថុ ដល់បក្សប្រឆាំងនៃបណ្តាប្រទេសនានា ដែលខ្លួនចង់ផ្លាស់ប្តូរមេដឹកនាំព្រមទាំងបង្ហាញទាំងវត្តមាន នៅក្នុងចំណោមបាតុករ និងក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ថែមទៀតផង។

បដិវត្តន៍ពណ៌បានផ្ទុះជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសមួយចំនួន ដូចជានៅអ៊ុយគ្រែន ឬរដ្ឋប្រហារបរាជ័យ នៅវេណេហ្សុយអេឡា ដើម្បីទម្លាក់ប្រធានាធិបតី អ៊ុយហ្គោ ឆាវេស គឺត្រូវបានគេដឹងថា លោក ចន ម៉ាក់ខេន មានការជាប់ពាក់ព័ន្ធដោយផ្ទាល់។ ជាអតីតអ្នកទោសសង្គ្រាមនៅវៀតណាម ចន ម៉ាក់ខេន ក្នុងនាមជាប្រធានវិទ្យាស្ថានសាធារណរដ្ឋ តាំងពីឆ្នាំ១៩៩៣ ត្រូវបានគេដឹងថា គាត់បានប្រកាសគាំទ្រយ៉ាងពេញទំហឹងទៅក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា ក្រោយពីមានការបោះឆ្នោតអាណត្តិទី១ រៀបចំឡើងដោយអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។

វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់គណបក្សដែលដឹកនាំដោយ សម រង្ស៊ី និងដល់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលដឹកនាំដោយ កឹម សុខា ដែលក្រោមមកក៏បានប្រែខ្លួន ទៅជាគណបក្សសិទ្ធិមនុស្ស។ តាមប្រភពព័ត៌មាន ចន ម៉ាក់ខេន បានជួបប្រជុំជាប្រចាំជាមួយក្រុមអ្នកនយោបាយប្រជោបាយនិយម កម្ពុជាទាំងនេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សម រង្ស៊ី និង កឹម សុខា ដែលគេស្គាល់ថា បានញុះញង់ប្រជាពលរដ្ឋឱ្យមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹងនេះព្រមទាំង បានញុះញង់ឱ្យស្អប់ខ្ពើមរើសអើងប្រកាន់ប្រកាន់ពូជសាសន៍ ធ្វើបាតុកម្មក្នុងចេតនាមួយផ្តួលរំលំរបបដឹកនាំស្របច្បាប់កម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩៨ មក សម រង្ស៊ី និង កឹម សុខា បានប្រើប្រាស់នូវវិធីសាស្ត្រទាំងនេះដើម្បីបង្កើតឱ្យមានភាពតានតឹង និងបង្កចលាចល ដែលនាំឱ្យមានការសម្លាប់ទៅលើជនជាតិ វៀតណាមថែមទៀតផង។ ចំពោះទង្វើរើសអើងប្រកាន់ជាតិសាសន៍ និងហិង្សានេះត្រូវបានទទួលស្គាល់ សរសើរ និងផ្តល់កិត្តិយសពីសំណាក់លោក ចន ម៉ាខិន ដោយផ្ទាល់។ គឺនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០២ ព្រឹទ្ធសមាជិក ចន ម៉ាក់ខេន ប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ បានផ្តល់ពានរង្វាន់សេរីភាពដល់ សម រង្ស៊ី ក្នុងនាម IRI និងអង្គការស្តាំនិយម មូលនិធិកេរតំណែល (Heritage Foundation)។ ចន ម៉ាកខេន បានថ្លែងថា សម រង្ស៊ី គឺជាវិរជនពិតសម្រាប់ពិភពលោកទាំងមូល។

ចន ម៉ាក់ខេន បានបន្តគាំទ្រ សម រង្ស៊ី ដែលប្រើប្រាស់វោហាសាសន៍ជេរ ប្រទេចផ្តាសា បរិហារកេរ្តិ៍ រួមនឹងការបោះពុម្ពផែនទី និងសន្ធិសញ្ញាក្លែងក្លាយ និង កឹម សុខា ដែលមិនទទួលស្គាល់ថា គ្មានការ ការសម្លាប់មនុស្សនៅគុកទួលស្លែង។ តើអ្វីដែល ចន ម៉ាក់ខេន និងក្រុមរបស់ខ្លួនរួមមានព្រឹទ្ធសមាជិក ដូណា រ៉ូរ៉ាបាគ័រ ធេត គ្រុះ និងសមាជិកសភា អេត រ៉យ បានធ្វើជាការជួយកម្ពុជាពិតទេ ព្រោះអ្នកទាំងនេះគាំទ្រលើ ទង្វើរំលោភច្បាប់ និងលើកទឹកចិត្តអ្នកដែលបំពានច្បាប់?

តាមរយៈអ្វីដែល កឹម សុខា បានសារភាពក្នុងខ្សែអាត់សំឡេងកាលពីឆ្នាំ ២០១៣ នៅអូស្ត្រាលី បញ្ជាក់យ៉ាងច្បាស់ថា ខ្មោចគណបក្សសង្គ្រោះជាតិបានទទួលទាំងការ គាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេសពីសហរដ្ឋ អាមេរិក ហើយអ្វីដែលគេសង្ស័យនោះគឺ ចន ម៉ាក់ខេន គឺជាមេក្លោងធំនៃផែនការបដិវត្តន៍ពណ៌នៅកម្ពុជា។

កម្លាំងយុវជនរបស់គណបក្សសង្គ្រោះជាតិជាច្រើនរូប ត្រូវបានបញ្ជូនទៅបណ្តុះបណ្តាល នៅក្រៅប្រទេសក្នុងនោះរួមមាន ហ៊ីង សុខសាន្ត ដែលជាប្រធានចលនាយុវជនសង្គ្រោះជាតិ ដើម្បីសិក្សាពីវិធីសាស្ត្រនៃការធ្វើបដិវត្តន៍ពណ៌។ ប្រទេសផ្សេងៗដែលមានបដិវត្តន៍ពណ៌ កម្លាំងរបស់បក្សប្រឆាំងត្រូវបានបណ្តុះបណ្តាល ហើយអង្គការខាន់វ៉ាស់ (CANVAS) និងអង្គការដៃគូផ្សេងទៀត ត្រូវបានគេដឹងថា បានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលនេះ។ ក្រៅពីនោះនៅកម្ពុជា អង្គការមួយចំនួនរួមមានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអង្គការខុនរ៉ាដ អាឌិន ណៅអ៊ែរ (Konrad Adenauer) របស់អាល្លឺម៉ង់ជាដើមបានបង្រៀន និងជួយរៀបចំគោលនយោបាយគណបក្សសង្គ្រោះជាតិ ព្រមទាំងប្រាប់ពីធីសាស្ត្រ លម្អិត ដើម្បីបដិសេធការបោះឆ្នោត និងបំផ្ទុះការបាតុកម្មតវ៉ា ដើម្បីបង្កចលាចលនៅក្នុងប្រទេសឈានដល់ការផ្លាស់ប្តូររបបដឹកនាំស្របច្បាប់ចោល ក្រោមទម្រង់បដិវត្តន៍។

ហេតុដូច្នេះហើយបានជានៅពេលដែលមានការរំលាយគណបក្សសង្គ្រោះជាតិ ក្រោយពីរកឃើញភស្តុតាងក្បត់ជាតិនិងក្បត់ប្រជាពលរដ្ឋខ្មែរ ឃុបឃិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌ ចន ម៉ាក់ខេន ដែលជាឪរបស់បក្សប្រឆាំង នៅកម្ពុជាបានស្វះស្វែងកៀងគរកម្លាំងក្នុងរដ្ឋសភា និងព្រឹទ្ធសភារបស់អាមេរិកធ្វើសេចក្តីស្នើច្បាប់ ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ នេះគឺជាទង្វើសងសឹកជំនួសកូនចឹងរបស់ខ្លួន សម រង្ស៊ី និង កឹម សុខា ដែលត្រូវបានចាប់ខ្លួន និងខ្លះរត់ចោលស្រុក ហើយបក្សក៏ត្រូវបានរំលាយតាមអំណាចសាលដីការបស់តុលាការកំពូល។ ទោះបីជាត្រូវបានរំលាយ និងរត់ ខ្ចាត់ខ្ចាយពីមាតុប្រទេស ប្រជាជនមិនស្វាគមន៍ ក៏អ្នកនយោបាយប្រឆាំងទាំងនេះនៅតែបន្តទាញឥទ្ធិពលចៅ ហ្វាយនាយរបស់ខ្លួនមកធ្វើបាបប្រជាជនកម្ពុជាដដែល។

ពួកគេពិតជាមិនមានការអៀនខ្មាសអ្វីឡើយក្នុងការ អង្វរបរទេសបំផ្លាញកម្ពុជាតាមរយៈការដាក់សម្ពាធនយោបាយ ទណ្ឌកម្មសេដ្ឋកិច្ច និងអំពាវនាវឱ្យឈប់ទិញ ទំនិញពីកម្ពុជា ឈប់ផ្តល់ជំនួយ និងឈប់វិនិយោគនៅកម្ពុជា ដោយហេតុថាចង់ឈ្នះពេក។ ចុងក្រោយនេះ ចន ម៉ាក់ខេន និងគូកនរបស់ខ្លួនបានធ្វើសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម លើមន្ត្រីរាជរដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធកម្ពុជាជាង ១០ រូប។ សេចក្តីស្នើច្បាប់ដែលបានឆ្លងសភា តែមិនទាន់ឆ្លងព្រឹទ្ធសភា និងការសម្រេចឱ្យ ប្រើប្រាស់ពីសំណាក់ប្រធានាធិបតីឡើយ។

នៅថ្ងៃទី២៦ ខែសីហា នេះ និមិត្តរូបបដិវត្តន៍ពណ៌នៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ចន ម៉ាក់ខេន បានលាចាកលោកនេះក្នុងជន្មាយុ ៨១ឆ្នាំ បន្ទាប់ពីបានតស៊ូនឹងជំងឺមហារីកខួរក្បាលជាច្រើនខែឆ្នាំមក។ មរណភាពរបស់ លោក ចន ម៉ាក់ខេន ពិតណាស់ជាការគួរឱ្យសោកស្តាយបំផុត សម្រាប់ក្រុមគ្រួសារ និងកូនចឹងនយោបាយរបស់គាត់ ប៉ុន្តែសម្រាប់ប្រទេសដែលរងគ្រោះដោយការអនុវត្តផែនការបដិវត្តន៍របស់ ចន ម៉ាក់ខេន វិញគឺការ ស្លាប់របស់ ចន ម៉ាក់ខេន គឺជាការស្លាប់និមិត្តរូបនៃការផ្លាស់ប្តូររបបដឹកនាំតាមបដិវត្តន៍ពណ៌ និងជាការកាត់បន្ថយនូវជនដែលធ្លាប់បានគាំទ្របដិវត្តន៍ពណ៌នៅកម្ពុជា។

ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក ក៏អាចនឹងហេលហាល នៅពេលដែលខ្លួនបាត់បង់អ្នកគាំទ្រដ៏ខ្លាំងក្លារបស់ខ្លួន។ តើមរណភាពរបស់ ចន ម៉ាក់ខេន អាចនឹងធ្វើឱ្យការគំរាមកំហែងពីមេគំនិតបដិវត្តន៍ពណ៌មកលើកម្ពុជាមានការធូរស្បើយទេ ខណៈអង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ និងអ្នកអនុវត្តផែនការដោយផ្ទាល់ ត្រូវបានកម្ទេចហើយនោះ? ប៉ុន្តែទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរបានប្តេជ្ញាហើយថា ទោះបីជាក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមាននេះឱ្យបានគង់វង្ស៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close