លោក សុខ ឥសាន៖ ដោះលែង​អ្នកទោស​មែន តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​រស់​ឡើងវិញ​ទេ​

187

​ភ្នំពេញ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានលើកឡើង ៥ ចំណុច ដើម្បី​បញ្ជាក់​ពី​ការដោះលែង​អ្នកទោស ដែលជា​អ្នកនយោបាយ​។ ប៉ុន្តែ​លោក សុខ ឥសាន បញ្ជាក់ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​ហើយ​នោះ មិនអាច​រស់​ឡើងវិញ​ទេ​។

លោក សុខ ឥសាន បានបញ្ជាក់​នូវ​មូលហេតុ ៥ ចំណុច រួមមាន​៖

១- អតីត​បក្ស​សង្គ្រោះ​ជាតិ បាន​ស្លាប់​បាត់ទៅហើយ តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល មិនអាច​រស់​មកវិញ ជាដាច់ខាត​។

២-​មន្ត្រី ១១៨ រូប នៃ​អតីត​គណបក្សប្រឆាំង មិន​អាចមក​ធ្វើ​សកម្មភាព​នយោបាយ​បាន ក្នុង​រយៈពេល​តិចជាង ៥ ឆ្នាំ​ឡើយ​។ បើ​គ្មាន​ពិរុទ្ធភាព​ថ្មី​ទៀត​ទេ លុះត្រាតែ​ដល់​ឆ្នាំ ២០២៣ តទៅ ទើប​អាចធ្វើ​សកម្មភាព​នយោបាយ​ដូចដើម​វិញ​បាន​។​

៣- អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ នឹង​នៅតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដដែល​។​

៤- តួនាទី និង​តំណែង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ ៥០០៧ នាក់​នោះ ត្រូវបាន​បែងចែក តាម​គោលការណ៍​ច្បាប់​អស់ហើយ មិនអាច​រស់​ឡើងវិញ​ជាដាច់ខាត​។

៥- ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង ៨៣ ភាគរយ​នោះ មិនអាច​ត្រឡប់ក្រោយ​វិញ​ជាដាច់ខាត ទោះ​ក្នុងករណី​ណាក៏ដោយ​។​

​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើនេះ ជាការ​ឆ្លើយតប​នឹង​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​សមរង្ស៊ី ដែល​កំពុង​មានទោស​ជាប់​ខ្លួន បានដាក់​លក្ខខណ្ឌ​លើ​ប្រមុខ​រាជរដ្ឋាភិបាល នៅពេល​ឃើញ​ការលើកលែងទោស​ដល់​ជនជាប់ចោទ និង​ទណ្ឌិត​មួយចំនួន ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​កម្ពុជា តាម​សំណើ​ទូលថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការលើកឡើង​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី ត្រូវបាន​លោក​សុខ​ឥសាន ចាត់ទុកថា វា​គ្រាន់តែ​ជាការ​ស្រមើស្រមៃ ដេក​យល់សប្តិ៍ ដែល​មិនអាច​ក្លាយជា​ការពិត​ឡើយ និង​ជាដាច់ខាត​៕​

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close