សន្និសីទសម្រេចឱ្យ សម រង្ស៊ី ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ធ្វើឱ្យអ្នកគាំទ្រ កឹម សុខា ចាត់ថាជាការធ្វើបក្សប្រហារ

85
Le_Spa_LongBannerlow

ភ្នំពេញ៖ កូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្ធ ក៏ដូចជាលោក យ៉ែម បុញ្ញឫទ្ធិ និងក្រុមមនុស្សជំនិតរបស់ លោក កឹម សុខា បានចាត់ទុកថា សន្និសីទដែលសម្រេចឱ្យ លោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ជាការធ្វើបក្សប្រហារ។

ការចាត់ទុកសន្និសីទដែលសម្រេចឱ្យ លោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ជាការធ្វើបក្សប្រហារនេះ ធ្វើឡើងបន្ទាប់ពី ក្រុមអ្នកនិយមគាំទ្រ លោក សម រង្ស៉ី នៅក្នុងអតីតគណបក្សសង្គ្រោះជាតិ បានរៀបសន្និសីទមួយនៅទីក្រុងអាត្លង់តា រដ្ឋចរចា សហរដ្ឋអាមេរិក ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មីរបស់ ខ្មោចគណបក្សសង្រ្គោះជាតិ។ សន្និសីទនេះបានចេញសេចក្តីសម្រេចមួយ ទទួលយក លោក សម រង្ស៉ី ឱ្យធ្វើជាប្រធានស្តីទី (អតីត) គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ។

កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុបារាំងអន្តរជាតិ យ៉ាងដូច្នេះថា “ពួកខ្ញុំមានការសោកស្តាយជាខ្លាំង មិនមែនសោកស្តាយនឹងគាត់ធ្វើជាប្រធានស្តីទីទេ គឺសោកស្តាយចំពោះ នីតិវិធីដែលធ្វើនេះ មិនបានគោរពតាមលក្ខន្តិកៈរបស់ (អតីត) គណបក្សសង្រ្គោះជាតិ យើងស្តាយដោយសារការធ្វើនេះ មិនបានពិភាក្សាជាមួយភាគីម្ខាងទៀតនៃ (អតីត) គណបក្សសង្រ្គោះជាតិ”។

កញ្ញា កឹម មនោវិទ្យា បានបន្តថា “វាច្បាស់ណាស់ នៅពេលដែលយើងផ្លាស់ប្តូរថ្នាក់ដឹកនាំ អង្គភាពណាមួយ យើងត្រូវតែធ្វើតាមលក្ខន្តិកៈរបស់អង្គភាពនោះ បើក្នុងរដ្ឋគេហៅថា រដ្ឋប្រហារ តែបើក្នុង​បក្សគឺគេហៅថាបក្សប្រហារ ពីព្រោះយើងសោកស្តាយដែលអត់ធ្វើតាមលក្ខន្តិកៈ”។

ស្របពេលជាមួយគ្នានេះដែរ លោក យ៉ែម បុញ្ញឫទ្ធិ ជាអតីតមន្រ្តីជាន់ខ្ពស់របស់ អតីតគណបក្សសង្រ្គោះជាតិ ក៏បានសម្តែងការមិនចិត្តចំពោះសន្និសីទនេះផងដែរ។ លោកបានចាត់ទុកថា ជាការធ្វើបក្សប្រហារដោយសារតែមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ខុសពីលក្ខន្តិកៈគណបក្ស។

លោក បញ្ជាក់យ៉ាងដូច្នេះថា “ការរៀបចំក្បាលម៉ាស៊ីន ឬរចនាសម្ព័ន្ធមួយនេះ គឺអាចចាត់ទុកថាជាបក្សប្រហារទៅហើយ ពីព្រោះជាការបំពាននូវលក្ខន្តិកៈ មិនគោរពលក្ខន្តិកៈ ដូច្នេះមានន័យថា កិច្ចការនោះគឺធ្វើប្រាសចាកផ្ទុយពីគោលការណ៍គណបក្ស”។

ក្នុងនោះ លោក កឹម សុខា ដែលជាអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនោះ ក៏មិនបានគាំទ្រ និងទទួលស្គាល់សន្និសីទនេះឡើយ ស្របពេលដែល កូនស្រីរបស់លោក រួមទាំងអ្នកគាំទ្រលោកជាច្រើន បានរិះគន់ចំពោះការរៀបចំស​ន្និសីទនៅអាត្លង់តានេះថា ជាការបំបែកបំបាកផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close