​​សហគមន៍​អេកូទេសចរណ៍​សម្រស់កោះហាន នាំគ្នាការពារធនធានធម្មជាតិ ដើម្បីទុកជាប្រយោជន៍រួម

ស្ទឹងត្រែង៖ ព្រៃដែលមានដើមឈើធំៗជា​សម្បត្តិធម្មជាតិនៅលើកោះស្នែង ត្រូវបានប្រជាសហគមន៍នាំគ្នាបង្កើនយន្តការការពារដើម្បីទុកធនធានធម្មជាតិទាំងនេះ​ បម្រើឱ្យ​​វិស័យទេសចណ៍ផង និងបងប្អូនប្រជាពលរដ្ឋយើងបានទាញយកផលសម្រាប់ចិញ្ចឹមជីវិតបន្ទាប់ពីការធ្វើស្រែចំការផង។​

ក្នុងឱកាស​រៀបចំការពារ​ព្រៃសហគមន៍កោះហាន ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាលនៅថ្ងៃទៅ២៩ ខែធ្នូ ឆ្នាំ២០១៨​​នេះ លោកស្រី ប៊ុន សំផាន ប្រធានសហគមន៍អេកូទេ​ស​ចរ​ណ៍នេះ បានបញ្ជាក់ថា សហគមន៍បានចាត់កម្លាំងគ្នាយាមកាមទាំងយប់ទាំងថ្ងៃបណ្តាក់គ្នា​ ក្នុងមួយយប់មានគ្នាចាប់ពី៤នាក់ទៅ៥នាក់ ហើយយន្តការ​នេះ យើងនឹងថែរក្សាបាន​ព្រៃធម្មជាតិនេះនៅគង់វង្សល្អ។

លោស្រីថា​ បំណងនេះ សហគមន៍ចង់ទាក់ទាញភ្ញៀវឱ្យមកលេងឱ្យបានច្រើននៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំផង ហើយប្រជាសហគមន៍ក៏បានលក់ដូរចំ​ណីអាហារបានប្រាក់បន្ថែម។

លោក សៃ លីម ប្រជាសហគមន៍អេកូទេសចរណ៍នេះ ដែរ​បានបញ្ជាក់ថា កិច្ចការងារនេះ មានកិច្ចសហការជាមួយប្រជាពលរដ្ឋបានល្អ​​ ​​ព្រោះពួកគាត់មកយកផលពីដើមឈើ​ គាត់បានរួមចំណែក​ថែរក្សាកាន់តែមានប្រសិទ្ធភាពមកដល់សហគមន៍ដែរ។

លោកសាទរជាមួយសកម្មភាពមករៀបចំការពារបរិស្ថាននៅទីនេះ​ព្រោះពេលភ្ញៀវ​មក​លេង​ម្តងៗតែងតែជំរុញឱ្យការរៀបចំហើយខាងសេវាកម្មដឹកជញ្ជូនក៍ខំរៀបចំឱ្យមានស្តង់ដាដែរ​។

លោក ដួង លាន មេឃុំកោះស្នែង ​ស្រុកថាឡាបរិវ់ាត់ ​បាន​គាំទ្រចំពោះគំនិតដ៏ល្អនេះ ព្រោះកន្លងមកមន្តីរទេសចរណ៍ក៏ធ្លាប់បានណែនាំជារឿយៗ រួចមកហើយ​ ឱ្យរៀបចំរមណីយដ្ឋាននេះ ដើម្បីងាយស្រួលរកដៃគូរមកជួយអភិវឌ្ឍន៍បន្ថែម។

លោកបន្តថា ជាងនេះទៀត ​ព្រៃឈើតំបន់​នេះ ​​វា​​ជួយឱ្យយើង​​រក​ប្រាក់ចំណូលបានមកវិញ​នៅពេលភ្ញៀងមកលេង តែងចង់ឃើញទេសភាពស្អាត ដែលកើតចេញពីធម្មជាតិ​ផង ​និងការច្នៃប្រឌិតរបស់យើងផង ហើយប្រជាពលរដ្ឋយើងបានទៅរកជ័រ វល្លិ ផ្តៅគ្រាន់បានលក់ដូរបន្ទាប់បន្សំសម្រាប់ចិញ្ចឹមជីវភាពបន្ថែមបន្ទាប់ពីធ្វើស្រែចំការនោះ។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអេកូទេសចរណ៍សម្រស់កោះហាមនេះ មន្ទីរទេសច​រណ៍បានបង្កើតឡើងនៅដើមឆ្នាំ២០១៨ ដែលមានសមាជិកសហគមន៍ចំនួន២៥នាក់ រៀប​ចំគ្រប់គ្រង​រមណីយដ្ឋាន​នេះ ទាំងសេវាដឹកជញ្ចូនភ្ញៀវទាំងការអភិរក្សធនធានធម្មជាតិ​​៕​E K H