ដំណាំត្រសក់ផ្អែម ជួយឱ្យកសិករទទួលបានប្រាក់ចំណូលបានគួរសម តែពឹងផ្អែកលើទីផ្សារប្រទេសថៃ

94

បន្ទាយមានជ័យ៖ ដំណាំត្រសក់ផ្អែម ត្រូវបានប្រជាកសិករខ្មែរនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដាំជាលក្ខណបច្ចេកទេស ដាំដាក់ទ្រើង រយៈពេល២ខែទៅ២ខែកន្លះ ត្រូវប្រមូលផល និងមានតម្លៃគួរសម តែទីផ្សារ គឺពឹងផ្អែកលើប្រទេសថៃ។

ក្រោយពីរដូវប្រមូលផលស្រូវរួចមក លោក លួត លីន អាយុ៣៧ឆ្នាំ រស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ប្រាប់ថា គាត់មានបទពិសោធន៍ដាំដំណាំត្រសក់ផ្អែមរយៈពេល៥ឆ្នាំមកហើយ ពូជត្រសក់ផ្អែម ពួកគាត់យកមកពីប្រទេសថៃ ហើយការដាំត្រសក់ផ្អែមនេះ ត្រូវការចំណាយទុនច្រើន ដោយទុនទាំងអស់គិតពីការលើករោងចាប់ផ្តើមដាំ ត្រូវប្រើដើមទុនប្រមាណជា៣សែនបាត(ប្រាក់ថៃ) ស្មើនឹង៣៧លានរៀល ក្នុង១ហិកតា បើសិនដំណាំកើតល្អ ដោយមិនមានការរំខានពីសត្វល្អិតទេ អាចប្រមូលផលបានមកវិញ៤សែនបាត(ជិត៥០លានរៀល)ក្នុង១ហិកតា។

លោកបានបញ្ជាក់ថា ការដាំត្រសក់ផ្អែម ដំបូងត្រូវមានបច្ចេកទេសបណ្តុះគ្រប់ពូជជាមុនសិន បន្ទាប់ពីគ្រប់ពូជដុះជាកូនដើមបានប្រហែល១សប្តាហ៍ ត្រូវយកកូនត្រសក់មកដាំតាមប្រឡោះរន្ធសំពត់កៅស៊ូគ្របដីរោង ដែលបានរៀបចំប្រព័ន្ធទុយោទឹករួចស្រេច តាមបច្ចេកទេសក្នុងមួយរោងដាំបាន២ជួរ ដោយសង់រោងកម្ពស់៣០សង់ទីម៉ែត្រ ទទឹង០.៨០ម៉ែត្រទៅ១ម៉ែត្រ ឯបណ្តោយសមល្មមអាចរៀបចំប្រព័ន្ធទឹក និងចន្លោះរោងមានប្រវែង១ម៉ែត្រ។

ភរិយាលោក លួត លីន លោកស្រី អៀង វណ្ណៈ អាយុ៣៥ឆ្នាំ បានប្រាប់បន្ថែមថា ចំពោះការថែទាំត្រូវយកចិត្តទុកដាក់ខ្ពស់ មានការបាញ់ថ្នាំសត្វល្អិត ដាក់ជី ដើរកាត់ខ្នែងដើមត្រសក់ចំនួន៣ដង ដោយផលតម្រូវឱ្យយក១ផ្លែ ក្នុង១ដើម ទើបត្រសក់មានផ្លែធំល្អ ដោយតម្លៃក្នុង១គីឡូក្រាម១៤បាត(១៧០០រៀល) ហើយបើឡើងថ្លៃអាចដល់២០បាត(២៥០០រៀល)។

ទោះបីជាការដាំត្រសក់ផ្អែម អាចទទួលបានប្រាក់ចំណូលគួរសម តែទីផ្សារ គឺពឹងលើតែការនាំចេញទៅកាន់ប្រទេសថៃប៉ុណ្ណោះ ដែលធ្វើឱ្យកសិករមានការព្រួយបារម្ភទៅលើតម្លៃឡើងចុះតាមតែខាងភាគីថៃកំណត់៕SN

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close