ក្នុងឆ្នាំ២០១៨ កម្ពុជាបាននាំអង្ករចេញជាង ៦២ម៉ឺនតោន ខណៈ ថៃ និងវៀតណាម នៅតែទិញអង្ករពីកកម្ពុជាដដែល

64

ភ្នំពេញ៖ អង្ករកម្ពុជា នៅឆ្នាំ២០១៨ ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ៦២៦.២២៥តោន ធ្លាក់ចុះ១,៥ភាគរយបើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន៦៣៥,៦៧៩តោន។ នេះបើតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។

របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់នាំអង្ករចេញ ដែលមជ្ឈមណ្ឌលព័ត៌មានកម្ពុជាទាន់ហេតុការណ៍ (CHN) ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានបង្ហាញថា អង្ករក្រអូបចំនួន៤៩៣.៥៩៧តោន ស្មើនឹង៧៨.៨២ភាគរយ, អង្ករសគ្រាប់វែង ចំនួន១០៥.៩៩០តោន ស្មើនឹង១៦,៩៣ភាគរយ និងអង្ករចំហុយគ្រាប់វែងចំនួន ២៦.៦៣៨តោន ស្មើនឹង៤,២៥ភាគរយ ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ។

ទីផ្សារដែលទិញអង្ករកម្ពុជាច្រើនជាងគេ គឺទីផ្សារសហគមន៍អឺរ៉ុប ដែលមានចំនួនជិត២៧ម៉ឺនតោន ស្មើនឹង៤២,៩៨ភាគរយនៃចំនួនដែលបាននាំចេញទាំងអស់។ ចំណែកប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេវិញ គឺប្រទេសចិន ចំនួនជាង១៧ម៉ឺនតោន ស្មើនឹង២៧,១៧ភាគរយ, ប្រទេសបារាំង ឈរនៅលំដាប់លេខ២ ជិត៩ម៉ឺនតោន, លេខ៣ ប្រទេសម៉ាឡេស៊ី ជាង៤ម៉ឺនតោន, លេខ៤ប្រទេស Gabon ជាង៣ម៉ឺនតោន, លេខ៥ ប្រទេសហូឡង់ ជាង២.៦ម៉ឺនតោន, លេខ៦ ប្រទេសវៀតណាម ជាង២.៦ម៉ឺនតោន, លេខ៧ ប្រទេសថៃ ជាង២.៣ម៉ឺនតោន, លេខ៨ ប្រទេសប៉ូឡូញ ជាង២.៣ម៉ឺនតោន, លេខ៩ ប្រទេសប៊ែលហ្ស៊ិក ជិត២ម៉ឺនតោន និងលេខ១០ ប្រទេសអង់គ្លេស ជិត២ម៉ឺនតោន។

ស្ដីពីវិស័យស្រូវអង្ករកម្ពុជានេះទៀតសោត គឺកំពុងរង់ចាំការសម្រេចចុងក្រោយរបស់សហគមន៍អឺរ៉ុប ថា តើសហគមន៍អន្តរជាតិមួយនេះ ដាក់គំនាបពន្ធដារលើអង្ករកម្ពុជាដែរឬយ៉ាងណា? បន្ទាប់ពីមានបណ្តឹងមិនសមហេតុផល ពីប្រទេសអ៊ីតាលី និងអេស្ប៉ាញថា ការឲ្យនាំចូលអង្ករកម្ពុជាទៅអឺរ៉ុប ប៉ះពាល់ដល់កសិកររបស់ប្រទេសពួកគេ តែធាតុពិតកសិកររបស់ពួកគេផលិតបានតែអង្ករសធម្មតាប៉ុណ្ណោះ ខណៈកម្ពុជានាំចេញទៅអឺរ៉ុប គឺជាប្រភេទអង្ករក្រអូប ដែលអឺរ៉ុបមិនអាចដាំដុះបាន។

គួរគត់សម្គាល់ថា ប្រទេសវៀតណាម និងប្រទេសថៃ ដែលជាប់ព្រំដែនកម្ពុជា ហើយក៏ជាប្រទេសផលិតអង្ករបានច្រើនផងដែរ តែបែរជាទិញអង្ករពីកម្ពុជាទៅវិញ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close