នាយក​ប្រតិបត្តិHuawei ថា ក្រុមហ៊ុនរបស់លោក​មិនមែនកំពុងធ្វើចារកម្មឱ្យរដ្ឋាភិបាល​ចិន​នោះទេ!

87

អន្តរជាតិ៖ សារព័ត៌មាន CNBC​ នៅរសៀលថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានចេញផ្សាយ​ លោក រិន ចេងហ្វី (Ren Zhengfei)  នាយក​ប្រតិបត្តិ (CEO) Huawei បាននិយាយថា ក្រុមហ៊ុនរបស់លោក​មិនមែនកំពុងធ្វើចារកម្មឱ្យរដ្ឋាភិបាល​ចិន​នោះទេ ហើយមិនតែ​ប៉ុណ្ណោះ​ លោកថែមទាំងបាន​កោតសរសើរប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទៀតផង បើទោះជាកំពុង​រងសម្ពាធ​ពីទីក្រុងវ៉ាស៊ីនតោន​រឿងបច្ចេកវិទ្យា 5G​ រីឯកូនស្រីត្រូវបាន​គេចាប់ខ្លួននៅ​កាណាដា​ក៏ដោយ។

លោក Ren Zhengfei CEO និងជាស្ថាបនិក​ក្រុមហ៊ុន Huawei  ធ្វើការកត់សម្គាល់​ដូចខាងលើ នៅក្នុងបទសម្ភាសន៍​ដ៏កម្រមួយ​នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ជាមួយតំណាង​សារព័ត៌មាន​អន្តរជាតិនានា។ នាឱកាស​នោះ​លោក ក៏បានបង្ហាញ​ការព្រួយបារម្ភជា​ខ្លាំង ជុំវិញការព្រមានរបស់​សហរដ្ឋអាមេរិក​ដែលថា ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​ចិនមួយនេះ អាចនឹងអនុញ្ញាតរដ្ឋាភិបាល​ទីក្រុងប៉េកាំង​ ចូលយកទិន្នន័យ​របស់អតិថិជន។

បញ្ជាក់បន្ថែមពីលើនេះ​ជាការ​ឆ្លើយតប CEO រូបនេះ​បានអះអាងថា ក្រុមហ៊ុន Huawei មិនដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាលចិន ចូលយកទិន្នន័យ​នៃអតិថិជន​របស់ខ្លួននោះទេ។

លោក ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបាន​ប្ដេជ្ញាចិត្តនៅជាមួយ​អតិថិជន​របស់យើង ដើម្បីការពារ​ព័ត៌មានឯកជន​របស់ពួកគេ​ ក៏ដូចជា​ប្រយុទ្ធប្រឆាំង​ជានិច្ចនឹងការ​វាយប្រហារ​ផ្នែកព័ត៌មានវិទ្យា… ហើយក៏នឹងមិន​បំផ្លាញប្រជាជាតិ​ណាមួយ ឬបុគ្គល​ណាម្នាក់នោះ​ដែរ។ ម្យ៉ាងវិញទៀត​សម្រាប់លោក​ប្រធានាធិបតី ត្រាំ ក្នុងនាមជា​បុរសម្នាក់ ខ្ញុំនៅ​តែជឿជាក់ថា លោកគឺជាប្រធានាធិបតីដ៏អសា្ចរ្យម្នាក់… ពោលគឺ​ក្នុងន័យនេះ ខ្ញុំយល់ថា លោកនឹងមានភាពកា្លហាន​ក្នុងការកាត់​បន្ថយពន្ធ ដែលអាច​នឹងជួយសម្រួល​ដល់ការអភិវឌ្ឍ​ នៃឧស្សហកម្ម​ទាំងឡាយក្នុង​សហរដ្ឋអាមេរិក»

គួរជម្រាបថា បើតាម​លោក Ren Zhengfei នៅក្នុងឆ្នាំ២០១៩នេះ គឺនឹងក្លាយជាឆ្នាំ​ដ៏ពិបាកសម្រាប់ Huawei ពីព្រោះវាមាន​កាន់តែមាន​ការប្រកួត​ប្រជែងខ្លាំង និងកាន់តែលំបាក​នៅក្នុងទីផ្សារ​អន្តរជាតិ ហើយនេះក៏​ជាហេតុផលមួយ​ដែលលោក​ផ្ទាល់មើលឃើញថា កំណើនប្រាក់​ចំណូល​របស់ Huawei អាចនឹង​មានទាបជាងការរំពឹងទុក ២០ភាគរយផងដែរ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close