UI_LongBanner

កសិករភូមិពន្លាក ងាកមកចាប់របរដាំខ្ទឹមខ្យល់លក់វិញ ហើយទទួលបានជីវភាពធូរធារកាន់តែប្រសើរ

76
CMA_LongBanner

ត្បូងឃ្មុំ៖ កសិករនៅក្នុងភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជិត២០ភាគរយ បានងាកមកដាំខ្ទឹមខ្យល់លក់វិញម្តង ព្រោះខ្ទឹមងាយដាំ ស្រួលថែទាំ អាចដាំបានរហូតដល់ទៅពី ៥ទៅ៦ ដងឯណោះក្នុងរយៈពេល១ឆ្នាំ មានទីផ្សារល្អ ពោលគឺមានម៉ូយចូលទិញដល់ចម្ការតែម្តង ជាហេតុ ញាំងឱ្យកសិករភូមិនេះ ទទួលបានជីវភាពធូរធារប្រសើរឡើងជាលំដាប់ ។

អ្នកមីង អាន ភាព អាយុ៤២ឆ្នាំ ជាកសិកររស់នៅក្នុង ភូមិ ឃុំខាងលើ ជាអ្នកប្រកបរបរដាំខ្ទឹមខ្យល់លក់ បានឱ្យដឹងថា អ្នកមីង បានងាកមកចាប់យករបរដាំខ្ទឹមខ្យល់នេះរយៈពេល២ឆ្នាំ គិតទាំឆ្នាំនេះ អ្នកមីងដាំក្នុងផ្ទៃដីទំហំ ៣០អា គិតការចំណាយដាំក្នុង១លើក ប្រើដើមទុនអស់ជាង១លានរៀល ដោយប្រមូលផលមកវិញបានពី១ទៅ២តោនខ្ទឹម គិតជាថវិកាបាន ពី ២ទៅ៣លានរៀលដែរ ១ឆ្នាំ អាចរកចំណូលបានជិត១០លានរៀលដែរ បើមានដីធំ​ ប្រឹងដាំសល់កាន់តែច្រើន ។ ខ្ទឹមខ្យល់មានតម្លៃទីផ្សារឡើងចុះទៅតាមរដូវកាល ដូចជារដូវសម្បូររោងការទើបទីផ្សារខ្ទឹមនេះ ឡើងថ្លៃទៅតាមនោះដែរ ។

អ្នកមីងបញ្ជាក់ទៀតថា ពេលចុះថ្លៃនៅសល់តែ ១ពាន់រៀលក្នុង ១គីឡូក្រាម តែចាប់ពីខែវិច្ឆិកា និងខែធ្នូ មកនេះខ្ទឹមខ្យល់បានឡើងថ្លៃវិញ លក់បានតម្លៃ ៣ពាន់រៀលក្នុង ១គីឡូក្រាម ។ របៀបដាំខ្ទឹមខ្យល់នេះ មុនដំបូងគឺត្រូវភ្ជួរដីហាលថ្ងៃឱ្យស្ងួតរយៈពេលជាង ១ សប្ដាហ៍ ទើបរាស់ដីឱ្យស្អាតរួចលើកជារងៗទំហំ២ម៉ែត្រកំពស់ជាង ១តឹក ដើម្បីកុំឱ្យទឹកដក់នៅនឹងគល់ខ្ទឹម ព្រោះរុក្ខជាតិប្រភេទនេះមិនតម្រូវដីជាំទឹកនោះទេ រួចយកដើមខ្ទឹមពូជមកដាំស្រោចទឹកថែទាំដាក់ជីធម្មជាតិ ប្រើថ្នាំសម្លាប់ដង្កូវក៏ថ្នាំពុលធម្មជាតិដែរ ចំនួន ២ដងរយៈពេលតែ ៣០ថ្ងៃ ខ្ទឹមឱ្យផល ក្នុង១ឆ្នាំកសិករដាំបានពី ៥ទៅ៦ ដងឯណោះ ។ ចំពោះទីផ្សាដើមខ្ទឹមខ្យល់គឺមានម៉ូយមកទទួលទិញដល់ចំការតែម្ដង ហើយម៉ូយច្រកជាថង់ៗក្នុង​​ ១ថង់ទំងន់ ៥គីឡូក្រាម ទើបដឹកយកទៅលក់បន្តតាមផ្សារនៅក្នុងខេត្តត្បូងឃ្មុំ ផ្សារកំពង់ចាម និងដឹកយកទៅលក់នៅផ្សារដើមគរ រាជធានីភ្នំពេញ​ផងដែរ ។

លោក យូ ឆៃ មេភូមិពន្លាក ឃុំចុងជាច បានបញ្ជាក់ឱ្យដឹងថា នៅក្នុងភូមិនេះ មានកសិកចំនួន៥៣៩គ្រួសារ ហើយកសិករចំនួន ៩៦គ្រួសារស្មើរនឹងជិត២០ភាគរយ បាននាំគ្នាប្រកបរបរដាំខ្ទឹមខ្យល់លក់ផ្សំ បន្ទាប់ពីការងារស្រែចម្ការ ហើយឃើញថា បងប្អូនប្រជាកសិករមានជីវភាពល្អជាងមុនឆ្នាំនេះ មានកសិករងាកមកដាំខ្ទឹមច្រើនជាងឆ្នាំទៅ មូលហេតុ ការដាំខ្ទឹមខ្យល់លក់នេះ ងាយស្រួលថែរទាំ ឆាប់ផ្ដល់ផល និងមានទីផ្សារលក់ច្បាស់លាស់ជាហេតុ ធ្វើឱ្យកសិករយកចិត្តទុកដាក់ ខិតខំបង្កបង្កើនផលដំណាំខ្ទឹមនេះ ខ្លាំងណាស់ ៕ សាន វិឡែម 18.1.2018

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close