ប្រជាពលរដ្ឋនៅឃុំសូយោង ស្រុកបារាយណ៍ បានងាកមកចាប់មុខរបរបណ្តុះផ្សិតលក់ ដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ

76

កំពង់ធំ៖ ប្រជាពលរដ្ឋមួយផ្នែកនៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានងាកនាំគ្នា ចាប់យកមុខរបរបណ្តុះផ្សិតចំប៉ើងលក់ ដើម្បីរកប្រាក់ជួយទ្រទ្រង់ដល់ជីវភាពគ្រួសារ ពីព្រោះមុខរបរមួយនេះ អាចផ្តល់ចំណូលប្រចាំថ្ងៃ ប្រើកម្លាំងតិច  ហើយជាមុខរបរសុច្ចរិតផង។

អ្នកស្រី ហេង សុសិខា ម្ចាស់កសិដ្ឋានបណ្តុះផ្សិតចំប៉ើង រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ បានប្រាប់CHN.ឱ្យដឹង កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នេះថា នេះជាលើកទី១ហើយ ដែលអ្នកស្រីបានងាកមកបង្កើតកសិកដ្ឋាន បណ្តុះផ្សិតចំប៉ើងលក់ ព្រោះអ្នកស្រីបានរៀនចេះតៗគ្នាពីបងប្អូន ហើយក៏បានជួលអ្នកឯកទេសជំនាញវ័យក្មេងម្នាក់ ធ្លាប់មានបទពិសោធន៍ការងារជាច្រើនឆ្នាំកន្លងមក ដើម្បីជួយពីបច្ចេកទេស នៃការផ្សំសារធាតុបណ្តុះផ្សិត ឲ្យកាន់តែល្អ ទើបអ្នកស្រី បានសម្រេចចិត្តបង្កើតជាកសិដ្ឋានបណ្តុះផ្សិតមួយកន្លែងធំជាងគេ ដែលមានរោងធំចំនួន១១រោង និងឡសម្រាប់វាយ កិន ផ្អាប់ ចំនួនបីទៀត ព្រមទាំងដុតកម្ដៅ សម្រាប់រក្សាសីតុណ្ហភាព ឲ្យនៅក្នុងកម្រិតជាមធ្យមពី២៥ទៅ៣៥អង្សា ដែលអាចបង្កលក្ខណដល់ដំណើរការនៃការផលិតផ្សិតដុះបានល្អ លឿន អាចដកលក់បានជារៀងរាល់ថ្ងៃផងដែរ។

អ្នកស្រីបានបន្តថា មុខរបរបណ្តុះផ្សិតចំប៉ើងនេះ អាចឱ្យគាត់រកប្រាក់បានសមរម្យដែរ ព្រោះម្យ៉ាងវិញទៀត អាចដកលក់វិលជុំរាល់ថ្ងៃ ក្នុង១ថ្ងៃចាប់៥០ទៅ៦០គីឡូក្រាម បានប្រាក់៦០ម៉ឺនទៅ៧០ម៉ឺនរៀល និងពេលខ្លះអាចលក់បាន៩០ម៉ឺនរៀល អាស្រ័យលើអាកាសធាតុល្អអ្នកស្រីបន្ថែមថា ការបង្កើតកសិដ្ឋានបណ្តុះផ្សិតនេះ មានរយៈពេលជិត៦ខែហើយ ហើយក៏ជាលើកដំបូងដែរ ក្នុងការសាកល្បង ដូច្នេះវគ្គទី១នេះ អ្នកស្រីមិនទាន់រកប្រាក់ចំណូលបានច្រើន ឬដុំកំភួននៅឡើយ គឺបានត្រឹមតែ១ពាន់ដុល្លារក្នុង១ខែប៉ុណ្ណោះ។ តែអ្នកស្រីសង្ឃឹមថា នៅវគ្គលើកក្រោយនេះ និងទទួលបានប្រាក់ចំណូលកាន់ច្រើនជាងមុន ព្រោះគាត់ធ្លាប់មានបទពិសោធន៍លើកទីមួយម្តងហើយ។

អ្នកស្រីបានបញ្ជាក់ថា ការបណ្តុះផ្សិតចំប៉ើង មានភាពងាយស្រួល ប្រើកម្លាំងតិច ដែលមានធាតុផ្សំ ដូចជា ចំប៉ើង សម្តីស្រូវ ស្ករត្នោត ម្ស៉ៅពោត ម្ស៉ៅដំណើប និងកន្ទួក គិតពីថ្ងៃកិនផ្អាប់ រយៈពេលជាង១០ថ្ងៃ និងអាចដកលក់បានរាល់ថ្ងៃ។ ហើយ បានលក់ឱ្យម៉ូយ ដែលមកទិញដល់ផ្ទះ ក្នុងមួយគីឡូក្រាមតម្លៃ១២០០០រៀល។

លោក ម៉េង សៀង មេភូមិ តាំងគោកបានឱ្យដឹងថា ប្រជាពលរដ្ឋដែលប្រកបមុខរបរបណ្តុះផ្សិតមានជាង១០គ្រួសារ ហើយមានគ្រួសារខ្លះប្រកបមុខររបរនេះ ជាងដប់ឆ្នាំមកហើយ។ តែកសិដ្ឋានខាងលើនេះ មានទីតាំងធំជាងគេក្នុងចំណោមបីភូមិ នៅក្នុងឃុំសូយោង ស្រុកបារាយណ៍។

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close