Update: ក្នុងករណីផ្ទុះបំពង់ប្រេង មនុស្សស្លាប់កើនដល់៧៣នាក់ នៅម៉ិចស៊ីកូ

អន្តរជាតិ៖ សារព័ត៌មាន ABC News នៅថ្ងៃ​ព្រឹកថ្ងៃ​អាទិត្យ​ ទី២០ ខែមករា ឆ្នាំ២០១៩ ដកស្រង់ការ​ចេញផ្សាយ ហេតុការណ៍ផ្ទុះឆេះ​បំពង់ប្រេង​ដ៏សម្បើមមួយ​ នៅឯភាគកណ្ដាល​នៃប្រទេស​​ម៉ិចស៊ីកូ ​តួលេខនៃអ្នកបាត់បង់ជីវិតបាន​កើនដល់៧៣នាក់ហើយ។

អភិបាលរដ្ឋ​ហ៊ីដាលហ្គោ (Hidalgo) លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា មនុស្ស៧៤នាក់បានរបួសក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ នៅ​ឯ​ទីក្រុង​ថ្លា​ហឺ​លីល​ផេន (Tlahuelilpan) ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុផ្ទុះនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ហេតុការណ៍ផ្ទុះខាងលើ​កើតឡើងតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីក្រុម​ឧក្រិដ្ឋ​ជន​លួចទម្លុះ​បំពង់ប្រេងដើម្បី​លួចបូមយក​ប្រេង ខណៈ​រដ្ឋាភិបាលម៉ិចស៊ីកូ​កំពុងប្តេជ្ញា​បង្ក្រាប​ក្រុម​លួចប្រេងរដ្ឋ​ដែល​បាន​នាំ​​ឲ្យ​​ប្រទេសអាមេរិកខាងជើង​មួយនេះខាតបង់ថវិការាប់​ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗនោះ៕