កងនាវាប្រចាំសមុទ្រខ្មៅ កំពុងតែតាមដានសកម្មភាពនៃនាវាពិឃាតអាមេរិកមួយគ្រឿង​ ដែលចូលមកដល់សមុទ្រខ្មៅ

អន្តរជាតិ៖ សារព័ត៌មានរុស្ស៊ី Sputnik ដក​ស្រង់ខ្លឹមសារ សេចក្តីថ្លែងការណ៍ក្រសួងការពារជាតិ​រុស្ស៊ី នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ កងនាវាប្រចាំសមុទ្រខ្មៅ​នៃប្រទេសរុស្ស៊ី កំពុងតែតាមដានសកម្មភាពនៃនាវាពិឃាតអាមេរិកមួយគ្រឿង​ឈ្មោះ USS Donald Cook ដែលបានចូលមកដល់ដែនសមុទ្រខ្មៅកាលពីថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍ខាងលើបានឲ្យដឹងយ៉ាងដូច្នេះថា កងនាវារុស្ស៊ីប្រចាំសមុទ្រខ្មៅ​បានចាប់ផ្តើមតាមដាននាវាពិឃាតអាមេរិក​ភ្លាមៗ នៅពេលនាវានេះបានឆ្លងចូលមកដល់តំបន់នេះ តាមរយៈការបញ្ជូន​នាវាល្បាត Pytlivy ក៏ដូចជា​តាម​ប្រព័ន្ធបច្ចេកវិទ្យា​និង​​អេឡិចត្រូនិកដទៃទៀត។

គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានបង្កើនវត្តមាន​របស់ខ្លួនគួរឲ្យកត់សម្គាល់ នៅដែនសមុទ្រខ្មៅ តាម​រយៈការធ្វើសមយុទ្ធយោធា​​​របស់អង្គការ NATO និងតាមរយៈការបញ្ជូន​នាវាចម្បាំង​ឲ្យចូលមកកាន់តំបន់នេះជាញឹកញាប់៕