អាហ្វហ្គានីស្ថាន មនុស្ស​៨នាក់ស្លាប់និង១០នាក់របួស ដោយការវាយ​ប្រហារទៅលើក្បួនយានយន្តដែលដឹកអភិបាលខេត្ត Logar

អន្តរជាតិ៖ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយ មនុស្សយ៉ាងតិច០៨នាក់បានបាត់បង់ជីវិត និង​១០នាក់បានរងរបួស នៅពេល​ក្រុមសកម្មប្រយុទ្ធបានបើកការវាយ​ប្រហារទៅលើក្បួនយានយន្តដែលដឹកអភិបាលខេត្ត Logar ភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថាន រួមជាមួយ​​ក្រុមមន្រ្តីឯទៀត​។

ហេតុការណ៍​ខាងលើ ចលនាក្រុមសកម្មប្រយុទ្ធតាលីបង់ បានចេញមុខធ្វើការអះអាងថា ពួកគេជាអ្នកនៅពីក្រោយសកម្ម​ភាព​ឆ្មក់វាយប្រហារនេះ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាហ្វហ្គានីស្ថាន លោកអភិបាលខេត្ត Logar ពុំបានទទួលរងគ្រោះថ្នាក់ឡើយ​។

គួរជម្រាបថា ដោយសារតែសកម្មភាព​របស់​ក្រុមសកម្មប្រយុទ្ធ និងក្រុមភេរវករជាច្រើន រួមមានទាំង​​ពួក ISISផង ប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ក្នុងបញ្ហាអស្ថិរភាពនយោបាយ សង្គម និងសន្តិសុខ ជាបន្តបន្ទាប់៕​