បឹង​កេត ​បានចុះ​កុង​​ត្រាជាមួយ​កីឡាករ​បរទេស៥រូប​រួច​ហើយ​​​ ប៉ុន្តែម្នាក់អាចនឹង​ប្តូរចិត្ត

ស្ងាត់ៗ បឹង​កេត​​ ​​បាន​​ចុះ​កុង​ត្រា​​ជាមួយ​កីឡាករ​បរទេស​ចំនួន ៥​រូបរួច​ហើយ ដោយកីឡាករ៤រូប​ ពេញចិត្តនឹងចូលរួមជាមួយក្លឹប ប៉ុន្តែមួយរូបទៀត អាចនឹង​ប្តូរការសម្រេចចិត្ត។

ពេលនេះគឺជា រដូវកាលនៃការដោះដូរកីឡាករ ដែលក្រុមធំៗមួយចំនួន បាននាំចូលកីឡាករថ្មីៗ ជាពិសេសកីឡាករបរទេសរួចរាល់ហើយ ដើម្បីពង្រឹងក្លឹបរបស់ខ្លួន និងត្រៀមសម្រាប់ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ដែលនឹងចាប់ផ្តើមនៅ​ថ្ងៃ​ទី​៩ ខែ​មិនា ឆ្នាំ​២០១៩ ខណៈពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​កម្ពុជា នឹងត្រូវ​បិទ​នៅថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៩។

​យ៉ាងណាមិញ​សម្រាប់​បឹងកេត លោក​ស្រី​ ពុធ ធីតា ​ប្រធាន​​ក្លឹប​បាន​បង្ហើប​ឱ្យ​​​ដឹង​ថា ក្លឹប​របស់​លោក​ស្រី​បាន​នាំ​ចូល​កីឡាករ​បរទេស​៥នាក់រួច​រាល់ហើយ។ ប៉ុន្តែមានម្នាក់ ក្នុងចំណោម៥នាក់នោះ អាចនឹងប្តូរចិត្ត មិនលេងឱ្យក្លឹបទេ។ ទោះបីជាយ៉ាង​ណា​​​​សមាសភាព​កីឡាករ​ទាំង​នោះ​ មិនទាន់ត្រូវបានបង្ហាញទេ ដោយរងចាំដល់ថ្ងៃ​ធ្វើ​សន្និសីទកាសែត​ ទើប​​ប្រកាស​បង្ហាញ​ខ្លួនជា​​ផ្លូវ​ការ។

កាលពី​រដូវ​កាល​មុន បឹង​កេត ​​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ដោយ​រកបាន​​ពិន្ទុ​៤៩ ក្នុង​ចំណោម​ការ​ប្រកួតទាំង​២២​ប្រកួត៕ ​​