ផ្ទះរបស់ Pacquiao ត្រូវបានចោរគាស់ចូល ខណៈរវល់ជប់លៀងជ័យជម្នះ
ខណៈ Manny Pacquiao កំពុងអបអរជ័យជម្នះលើ Adrien Broner នៅទីក្រុង Las Vegas ស្រាប់តែឮដំណឹងថា ផ្ទះរបស់គេនៅឯទីក្រុង Los Angeles ត្រូវបានចោរគាស់ចូល។
តាមការឱ្យដឹងពីមន្ត្រីប៉ូលិសថា បានប្រទះឃើញទ្វារផ្ទះរបស់ Pacquiao ចំហកាលពីយប់ថ្ងៃអាទិត្យ ស្របពេលដែលលោកមិននៅ។ អ្នកប្រដាល់ហ្វីលីពីនរូបនេះ បានរៀបចំពិធីជប់លៀង ដើម្បីអបអរជ័យជម្នះនៅទីក្រុង Las Vegas ក្រោយយកឈ្នះ Broner ដោយពិន្ទុ និងអាចការពារខ្សែក្រវាត់ WBA welterweight បានសម្រេច។ ដោយសាររូបលោកនៅឆ្ងាយពីផ្ទះ ទើបចោរអាចមានឱកាសចូលគាស់ផ្ទះបានសម្រេច។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថានៅក្នុងផ្ទះ មានបាត់របស់អ្វីខ្លះទេ។
សូមរំឭកផងដែរថា ក្រោយឈ្នះការប្រកួត Pacquiao បានបបួល Floyd Mayweather ប្រកួតសងសឹក ក្រោយពីបរាជ័យកាលពីឆ្នាំ២០១៥កន្លងទៅ៕