ព្រឹទ្ធសភា​អាមេរិក ​សម្រេច​លើ​សេចក្តីព្រាងថវិកា​ចំនួនពីរ ក្រោមគោល​បំណង​ព្យាយាម​បញ្ចប់ការបិទទ្វារ​រដ្ឋាភិបាល

57

អន្តរជាតិ៖ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ បានដកស្រង់​សម្តី ក្រុមព្រឹទ្ធសមាជិកបក្ស​​សាធារណ​រដ្ឋ និងបក្សប្រជាធិបតេយ្យ ចេញផ្សាយ នៅព្រឹក​ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ ព្រឹទ្ធសភា​អាមេរិកនឹងធ្វើការបោះឆ្នោត​សម្រេច​ទៅលើ​សេចក្តីព្រាងថវិកា​ចំនួនពីរ ក្រោមគោល​បំណង​ព្យាយាម​បញ្ចប់ការបិទទ្វារ​រដ្ឋាភិបាល ដែលបានអូស​បន្លាយជាងមួយខែមក​ហើយ។

ព្រឹទ្ធសភាអាមេរិកនា​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ នឹង​បោះ​ឆ្នោត​​ជ្រើសរើស​មួយក្នុងចំណោម​សេចក្តីព្រាងថវិកាទាំងពីរ​​ គឺថវិកា​៥.៧ពាន់លានដុល្លារ​​ ដែល​ស្នើឡើង​ដោយ​​​លោក ដូណាល់ ត្រាំ ដើម្បីសាងសង់​ជញ្ជាំង​​​​នៅ​ព្រំដែនភាគខាងត្បូង រីឯមួយទៀត​នឹង​​​ឧបត្ថម្ភ​ថវិកា​ដល់​បណ្តា​ស្ថាប័នរដ្ឋ ដែលប៉ះពាល់ដោយការបិទទ្វាររដ្ឋាភិបាល រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ក្រោម​ការព្រមព្រៀងគ្នា​ដែលសម្រេចបានដោយ លោក មីជ ម៉ាខុនណែល មេដឹកនាំបក្ស​​​សាធារណរដ្ឋ​​នៃព្រឹទ្ធសភា និង​​​លោក ឆាក់ ស្គូមើរ មេដឹកនាំបក្ស​ប្រជាធិបតេយ្យ​ក្នុងព្រឹទ្ធសភា។

សេចក្តីព្រាង​ច្បាប់នានា​ដែល​មានគោលដៅ​ បើកទ្វាររដ្ឋាភិបាល​ឡើងវិញ​ត្រូវមាន​បញ្ចូល​នូវ​​ថវិកា​​សម្រាប់​សាងសង់ជញ្ជាំង​ព្រំដែន ដែលជាការទទូចរបស់​ក្រុមមន្រ្តីបក្ស​សាធារណរដ្ឋ​ដែល​ឈរនៅខាង​​លោក ដូណាល់ ត្រាំ ខណៈ​​​មន្រ្តី​បក្ស​​ប្រជា​ធិប​តេយ្យ​បានទាមទារម្តង​ហើយម្តង​ទៀតថា សភាគួរតែបើកទ្វារ​រដ្ឋាភិបាល​ជា​មុនសិន ហើយ​បន្ទាប់មក​ចាំភាគីទាំង​ពីរ​​ជជែក​គ្នា​ ​​​​ជុំវិញបញ្ហាសន្តិសុខ​​ព្រំដែន​តាមក្រោយ។

គួរជម្រាបថា មកទល់ពេល​នេះ ការបិទទ្វាររដ្ឋាភិបាល​អាមេរិក​ខាងលើ មានរយៈពេល​យូរជាង​គេបំផុតក្នុងប្រវត្តិសាស្ត្រ គឺបានចូលដល់​ថ្ងៃទី​៣២​​ហើយ ខណៈ​បុគ្គលិក​រដ្ឋ​ប្រមាណ ៤២០,០០០នាក់​​ត្រូវធ្វើការដោយពុំទទួល​បានប្រាក់​ឈ្នួល និង​ ៣៨០,០០០នាក់​ត្រូវ​ផ្អាក​ការងារ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close