សម្តេចក្រឡាហោម ស ខេង ៖ ដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ត្រូវបានប្រកាសជាសាធារណៈ មិនមានអ្វីជាអាថ៌កំបាំងទេ !

288
Le_Spa_LongBannerlow

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅលើទំព័រ Facebook របស់សម្ដេច នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ថា សមត្ថកិច្ចបានទទួលដីកាពីតុលាការរួចរាល់ហើយ ដើម្បីចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ។

ការបញ្ជាក់នេះ សម្តេចក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី បានញុះញង់ មួលបង្កាច់ទៅលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសចោទសម្ដេចថា សម្តេចជាអ្នកហាមមិនឱ្យទណ្ឌិតរូបនេះ ត្រឡប់មកកម្ពុជា។

ដោយសារតែការញុះញង់ មួលបង្កាច់ ធ្វើឱ្យមជ្ឈដ្ឋានជាតិ-អន្តរជាតិ មានការយល់ច្រឡំ ទើបសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ជាថ្មីថា «ការលើកឡើងរបស់លោក សម រង្ស៉ី ដែលនិយាយថា ខ្ញុំបានហាមឃាត់គាត់មិនឲ្យវិលត្រឡប់មកប្រទេសវិញ នោះគឺជាពាក្យសម្តីមួលបង្កាច់ ដើម្បីបិទបាំងភាពកំសាក រត់គេចចេញពីសំណាញ់ច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។ ក្នុងនាមជាអ្នកដែលចូលរួមក្នុងឆាកនយោបាយ ខ្ញុំដូចជាមិនដល់ថ្នាក់ឆោតល្ងង់ប្រាប់ សម រង្ស៉ី មិនឲ្យវិលចូលស្រុកនោះទេ។ ប្រការនេះខុសទាំងស្រុងពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលាឲ្យ សម រង្ស៉ី មានលេសវាយប្រហារមកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ចបានទទួលដីកាដើម្បីចាប់ខ្លួន សម រង្ស៉ី រួចហើយ»។

សម្តេចក្រឡាហោម ស ខេង បានថ្លែងទៀតថា លោក សម រង្ស៉ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទាទោសរួចហើយ ហើយថាទណ្ឌិតរូបនេះ សម្រេចរត់គេចខ្លួនមិនចូលប្រទេសដោយខ្លួនឯង ហើយការត្រឡប់ចូលប្រទេសវិញឬយ៉ាងណានោះវាស្ថិតនៅលើបុគ្គល សម រង្ស៉ី ខ្លួនឯងតែប៉ុណ្ណោះ គ្មានអ្នកណាហាមឃាត់ឡើយ។ ការចេញដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី គឺត្រូវបានប្រកាសជាសាធារណៈ ហើយការបញ្ជាក់របស់សម្តេចចំពោះសារព័ត៌មាន និងសាធារណៈមតិជាតិ និងអន្តរជាតិ អំពីដីកាចាប់ខ្លួននេះ គឺធ្វើឡើងជាសាធារណៈ ដែលមិនមានអ្វីជាអាថ៌កំបាំងឡើយ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close