UI_LongBanner

សែនដកជើងធូបមិនប្រយ័ត្ន ឆេះផ្ទះលក់ក្រណាត់ រាលដាលឆេះជាបន្តបន្ទាប់អស់ផ្ទះចំនួន៥ល្វែង នៅក្រុងប៉ោយប៉ែត

103

បន្ទាយមានជ័យ៖ សែនដកជើងធូបមិនប្រយ័ត្ន ឆេះផ្ទះលក់ក្រណាត់ រាលដាលឆេះជាបន្តបន្ទាប់អស់ផ្ទះចំនួន៥ល្វែង នៅខាងកើតឈាងខាងជើងផ្សារត្រី ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ។

លោក គី សារុន មេភូមិបាលិលេយ្យ១ប្រាប់ថា មូលហេតុដំបូងដោយសារតែ ម្ចាស់ផ្ទះសែនដកជើងធូប ឆេះក្រណាត់ បណ្តាលឱ្យឆាបឆេះ ជាអណ្តាតភ្លើង ដែលអគ្គីភ័យនេះបង្កឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋលក់ដូរនៅជិតខាងក្បែរនោះ តៗមានចំនួន៥ល្វែងដែល២ល្វែងខូចខាតទាំងស្រុង ២ល្វែងអស់ប្រមាណ៨០ភាគរយ និង១ល្វែងទៀត ប្រហែល៥០ភាគរយ។

លោកបានបញ្ជាក់ថា ម្ចាស់ផ្ទះប្តីឈ្មោះ សៀក យ៉េន អាយុ៧០ឆ្នាំ និងប្រពន្ធឈ្មោះ គឹម ហ៊ាង អាយុប្រហែល៥០ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ តែក្រោយពេលកើតហេតុបានគេចខ្លួនបាត់។

CMA_LongBanner

លោកវរសេនីយ៍ឯក ធិន ស៊ីនដេត អធិការក្រុងប៉ោយប៉ែតប្រាប់ថា ការចុះប្រតិបត្តិការពន្លត់អគ្គីភ័យនេះ មានរថយន្តពន្លត់អគ្គីភ័យមានចំនួនជាង១០គ្រឿង មានរថយន្តស្នងការដ្ឋាននគរបាលខេត្តមានចំនួន៥គ្រឿង រថយន្តកាស៊ីណូត្រូពីកាណា២គ្រឿង រថយន្តកាស៊ីណូប៉ោយប៉ែតរីសត១គ្រឿង រួមជាមួយនឹងរថយន្តប្រជាពលរដ្ឋរកស៊ីដឹកទឹកលក់ ប្រមាណជា៣ទៅ៤គ្រឿងទៀតផងដែរ។ លោកអធិការបញ្ជាក់ថា ករណីនេះបណ្តាលឲ្យមានពលរដ្ឋ និងសមត្ថកិច្ចរបួសចំនួន៤នាក់ តែរបួសបន្តិចបន្តួចប៉ុណ្ណោះ គឺមុតជើង មុតដៃ ក្នុងពេលដែលធ្វើសកម្មភាពពន្លត់អគ្គីភ័យ។

គួរបញ្ជាក់ថា ករណីអគ្គីភ័យឆាបឆេះអស់រយះពេលជិត៣ម៉ោងទើបសមត្ថកិច្ចអាចគ្រប់គ្រងពន្លត់បានទាំងស្រុង តែចំពោះទំហំនៃការខូចខាតនេះ សមត្ថកិច្ច និងអាជ្ញាធរ នៅមិនទាន់អាចកំណត់បាននៅឡើយទេ៕SN

អត្ថបទដែលជាប់ទាក់ទង
Open

Close