UI_LongBanner

បទល្មើសនេសាទកើតមានពេញបន្ទុក នៅក្នុងស្រុកសូទ្រនិគម សង្ស័យសមត្ថកិច្ចមិនទាន់ឃើញចុះបង្រ្កាប

66

សៀមរាប៖ បទល្មើសនេសាទនៅក្នុងឃុំកំពង់ឃ្លាំង និងតំបន់មួយចំនួនទៀត នៃភូមិសាស្ត្រស្រុកសូទ្រនិគម ត្រូវបានគេមើលឃើញថា កំពុងកើតមានយ៉ាងពេញបន្ទុក ប៉ុន្តែគេមិនទាន់ឃើញមន្ត្រីជំនាញ ឬមន្ត្រីពាក់ព័ន្ធចុះទៅបង្ក្រាបនៅឡើយ ធ្វើឱ្យប្រជាពលរដ្នដាក់ការសង្ស័យថា សមត្ថកិច្ចក្នុងមូលដ្ឋាន ទំនងជាទទួលសំណែនយ៉ាងត្រជាក់ចិត្ត។

បច្ចុប្បន្ន គេសង្កេតឃើញមានរបាំងលបសាច់អួនក្រឡាញឹកប្រវែងរាប់រយម៉ែត្រ ដោយប្រើឧបករណ៍បរ និងលបរ៉ូយ៉ាល, របាំងសាច់អួនក្រឡាញឹកព័ទ្ធព្រៃចាប់ត្រី ប្រវែងរាប់រយម៉ែត្រ ជាច្រើនរបាំង និងមានសម្រាស់រាប់រយដុំទៀត ដែលពួកគេកំពុងចាប់ផ្តើមសម្រុកហ៊ុចាប់ត្រីយ៉ាងគគ្រឹកគគ្រេង ទាំងកណ្តាលថ្ងៃ ដោយមិនខ្លាចញញើតសមត្ថកិច្ច និងមន្ត្រីជំនាញនោះឡើយ។ ជាងនេះទៅទៀតមានបទល្មើសធំៗមួយចំនួនដូចជារុញស៊ីប និងអូសយាំងកាវ របស់ជនជាតិវៀតណាម នៅតំបន់ចុងឃ្នៀស បានឆ្មក់មកអូសយ៉ាងរំភើយ នៅតំបន់កំពង់ឃ្លាំង។

ប្រភពព័ត៍មានពីប្រជានេសាទលក្ខណៈគ្រួសារបានឲ្យដឹងថា ក្រុមល្មើសនេសាទប្រព្រឹត្តទៅបានយ៉ាងរលូនមិនខ្លាចមន្ត្រីជំនាញ និងសមត្ថកិច្ចឡើយដោយសារតែពួកគេបានត្រូវដង ត្រូវផ្លែគ្នាអស់ហើយ ដោយនៅក្នុងឃុំកំពង់ឃ្លាំង មានអ្នករត់ការប្រមូលលុយពីក្រុមល្មើស ទៅឲ្យមន្ត្រីសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

CMA_LongBanner

លោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ធ្លាប់បានទទួលស្គាល់ថានៅក្នុងស្រុកលោក ពិតជាមានបទល្មើសនេសាទកើតឡើងច្រើនពិតមែន ហើយភាគច្រើនមកពីតំបន់ចុងឃ្នៀស និងមកពីស្រុកជីក្រែង ចំណែកប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះមិនសូវមានអ្នករកស៊ីបទល្មើសនេសាទនោះទេ។ លោកបញ្ជាក់ថានៅក្នុងអង្គប្រជុំ គណៈអភិបាលម្តងៗ លោកតែងតែក្រើនរំលឹកដល់សមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបបទល្មើសឲ្យមានការថយចុះ។បន្ថែមពីនោះលោកក៏តែងតែឆ្មក់ចុះបង្ក្រាបជាមួយកងកម្លាំងផងដែរ។

ទាក់ទិននឹងករណីនេះដែរ លោក ព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ក៏មិនអាចទាក់ទងសុំការពន្យល់ពីលោកបានដែរនារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ ដោយសារទូស័ព្ទតេមិនចូល។

ទាក់ទិននឹងករណីនេះដែរ មហាជនសង្ឃឹមថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដែលទើបនឹងឡើងកាន់តំណែងថ្មីថ្មោង និងមានវិធានការ បង្ក្រាបបទល្មើសនេសាទនៅតំបន់កំពង់ឃ្លាំងយ៉ាងមានប្រសិទ្ធភាព៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង
Open

Close