ខេមរៈ សិរីមន្ត បានប្រកាសធ្វើការកាន់ទុក្ខប្អូនស្រីចំនួន១០០ថ្ងៃ និងមិនទទួល…

មហាជនមួយចំនួនពិតជាបានជ្រាបច្បាស់ហើយ លោក ខេមរៈ សិរីមន្ត មានការស្រឡាញ់ ខេមរៈ ស្រីពៅ ខ្លាំងណាស់ ដោយលោកសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីប្អូនស្រីម្នាក់នេះ តែទោះជាយ៉ាងណាក្តីគឺមិនអាចទៅរួចឡើយ ព្រោះប្អូនស្រីរបស់គាត់រូបនេះបានលាជារៀងរហូតហើយ។

កាលពីម្សិលមិញគឺជាពិធីបុណ្យគម្រប់៧ថ្ងៃរបស់ តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ។ គេសង្កេតឃើញមានបងប្អូនសាច់ញាតិ មិត្តភ័ក្តិ សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើននាក់ បានមកចូលរួម យ៉ាងច្រើនកុះករស្ទើរមិនគួរឱ្យជឿផងដែរ នេះក៏ព្រោះពួកគេចង់មកចូលរួមដើម្បីរំលែកទុក្ខដល់គ្រួសារសព ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។

ក្នុងនោះដែរ ព្រោះតែក្តីអាលោះអាល័យ អាណិតស្រឡាញ់ប្អូនស្រីរូបនេះ លោក ខេមរៈ សិរីមន្ត បានធ្វើការសម្រេចចិត្តដោយបានបង្ហោះសារមួយទាំងកណ្តាលយប់ ដោយបញ្ជាក់ឱ្យដឹងថា “ខ្ញុំបាទខេមរៈ សិរីមន្តសូមប្រកាសធ្វើការកាន់ទុក្ខប្អូនស្រីចំនួន100ថ្ងៃនឹងមិនទទួលការច្រៀង ឬ សំដែងឡើយ ហើយសូមអរគុណដល់ក្រុមហ៊ុនទាំងអស់ ដែលបានយោគយល់ដល់រូបបាទដែលកំពុងតែមានទុក្ខក្រៀមក្រំជាទំងន់ ដោយលុបចោលខនស៊តហើយមិនមានការសងការខូចខាតឡើយ សូមអរគុណ”។

ក្រោយពីឃើញបែបនេះ ធ្វើឱ្យមហាជនពិតជាសម្តែងការអាណិតអាសូរដល់រូបលោកជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនមួយចំនួនបាននិយាយថា នេះជាទឹកចិត្តបងប្រុសដ៏សែនល្អ ដែលហ៊ានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីប្អូនស្រីជាទីស្រលាញ់របស់ខ្លួន៕