ថ្មីៗនេះ! កូនត្រីផ្សោតមេគង្គកាំពីបានបង្ហាញខ្លួនជូនភ្ញៀវទេសចរ

ក្រចេះ ៖ ត្រីផ្សោតមេគង្គកាំពីបានបង្ហាញខ្លួនជូនភ្ញៀវទេសចរមានប្រជាប្រិយ៍ភាពបែបសិល្បៈមួយទាក់ទាញភ្ញៀវជាតិនឹងអន្តរជាតិឱ្យមកលេងខេត្តក្រចេះកាន់តែច្រើននៅក្នុងឱ្យកាសបុណ្យចូល ឆ្នាំប្រពៃណីចិនវៀតណាមនៅដើមខែកុម្ភៈនេះ។

កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ តាមការអះអាង ពីភ្ញៀវទេសចរមកទស្សនាត្រីផ្សោយកំាពីនៅទន្លេមេគង្គក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ​បានបញ្ជាក់ថា៖ ពួកគាត់ច្រើនតែងតែដើរកំសានមើលត្រីផ្សោតជារៀងរាល់ឆ្នាំតែមិនបានឃើញដូចពេលនេះទេ។

ពួកគាត់លើកឡើងថា៖នេះជាភាពដ៍អស្ចារ្យមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងពេលដែលប្រជាពលរដ្ឋនឹងភ្ញៀវទេសចរមួយចំនួនបានរិះគន់ថាត្រីផ្សោតមានភាពបាត់បង់ទៅៗ ដោយសារតែប្រជាអ្នកនេសាទមួយចំនួនតូច មិនបានចូលរួមថែរក្សានឹងមិនគោរពច្បាប់ជលផលចេះតែលួចធ្វើនេសាទនៅតំបន់នេះបង្កឱ្យបាត់បង់ចំណីរបស់វា។

ពួកកាត់បន្តថា៖វត្តមានដ៍ស្ញប់ស្ញែងនេះប្រៀបដូចថាពួកគាត់មានភាពសំណាងទៅចុះ ព្រោះបានឃើញត្រីផ្សោយដោយមិនបាច់សម្លឹងច្រើន ពួកវាបានប្រលេងគ្នាលេងលើផ្ទៃទឹកមានតូចមានធំហាក់ដូចជាដណ្តើមចំណីគ្នា ឬវាធ្វើសកម្មភាពការពារកូនតូចរបស់វាក៏ថាបាន។

លោកប៉ុក ពន្លកប្រធានឆ្មាំទន្លេមេគង្គខេត្តក្រចេះបានបញ្ជាក់ថា៖ នេះពិតជាការបង្ហាញឱ្យឃើញពីចំនួនកើនឡើងរបស់ត្រីផ្សោត ព្រោះបើ​​តាមការតាមដានសង្កេតឃើញថា មានកូនត្រីផ្សោតតូចមួយទើបកើត បានប្រហែលមួយសប្តាហ៍តែប៉ុណ្ណោះ។

លោកថា៖ កូនត្រីផ្សោតនេះ​មានទម្ងន់ប្រមាណជា១០គីឡូក្រាមតែប៉ុណ្ណោះហើយជាមួយគ្នានេះដែរនៅអន្លងផ្សោតកាំពីនេះមានត្រីផ្សោតរស់នៅប្រមាណចាប់ពី៥០ទៅ៦០ក្បាលក្នុងនោះត្រីផ្សោតតូចៗមានប្រមានពី ២៥ទៅ ៣០ក្បាល  ។

លោកថា៖ វត្តមានត្រីផ្សោតនេះ ហាក់ដូចជាបាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងរស់នៅតំបន់កាំពី ជាពិសេសប្រជាអ្នកនេសាទ ឈប់លួចលាក់ប្រើឧបករណ៍ខុសច្បាប់ និងឈប់លួចធ្វើនេសាទក្នុងអន្លុងអភិរក្សនេះ ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកវា ។

សូមបញ្ជាក់ថាៈ នេះជាលើកទី១​នៅដើមខែមករាឆ្នាំ២០១៩នេះ ដែលមានវត្តមានត្រីផ្សោត​​ហក់ឡើងបង្ហាញខ្លួនជូនភ្ញៀវជាតិ និងអន្តរជាតិ ​ទស្សនាឃើញពេញក្រសែភ្នែក ទាក់ទាញអារម្មណ៍ឲ្យឃើញម្តងហើយចង់ឃើញម្តងទៀត៕ ដោយ៖ EKH